CamNews

ព័ត៌មានជាតិ 

ខឹងម្តាយ មិនទិញម៉ូតូឲ្យ បើករថយន្ត ដឹកកុងតឺន័រមក ឈប់កណ្តាលស្ពាន រួចលោត ទឹកលើស្ពាន មុនីវង្សថ្មី

ភ្នំពេញ : យុវជនជាអ្នកបើក រថយន្តដឹកកុងតឺន័រម្នាក់ ដោយសារសុំម្តាយទិញម៉ូតូឲ្យខ្លួនជិះ២-៣ថ្ងៃមកហើយ តែម្តាយមិនទិញឲ្យ ក៏មក លោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពានមុនីវង្សថ្មី ប៉ុន្តែបាន ហែលទឹកឡើងគោក មិនបណ្តាលឲ្យលង់ទឹកស្លាប់ ឡើយ ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ។

លុះព្រឹកឡើង យុវជនដែល លោតទឹកនោះ បានចូលខ្លួន មករៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនមក លោតទឹកសម្លាប់ខ្លួននេះ ដោយសារខឹងម្តាយមិនទិញ ម៉ូតូឲ្យ ដើម្បីជិះដើរលេង នៅយប់ដំណាច់ឆ្នាំ២០១៣ ។

យុវជនចិត្តខ្លាំងរូបនេះ ប្រាប់ទៀតថា ខ្លួនមានឈ្មោះ សាន ចាន់តារា ហៅ កុក អាយុ២៥ឆ្នាំ ស្នាក់ផ្ទះលេខ ១០៥៣ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាអ្នកបើករថយន្តកុងតឺន័រ ឲ្យក្រុមហ៊ុនផែស្ងួត SK  ដែលមានទីតាំងនៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សាន ចាន់តារា បាននិយាយទៀតថា មុនកើតហេតុ ខ្លួនត្រូវបានមិត្តភក្តិ ឈ្មោះ ពេជ្រ ដែលជាព្រូ បានបើករថយន្តកុងតឺន័រដឹកអីវ៉ាន់ ពីទួលពង្រ ទៅដាក់នៅកំពង់ផែស្វយ័ត្ន ភ្នំពេញ ឯស្រុកកៀនស្វាយ។ ខណៈបើកមកឡើងស្ពានមនុី វង្សថ្មី ដល់ពាក់កណ្តាល ក៏បានឈប់រថយន្ត ហើយនិយាយផ្តាំផ្ញើទៅ ឈ្មោះ ពេជ្រ ថា ជួយយក រថយន្តទៅឲ្យក្រុមហ៊ុនវិញផង និងបានផ្តាំទៅឪពុកម្តាយផង ថា គ្នាលាហើយ ហើយក៏ចុះពីលើ រថយន្តដើរឡើងលើបង្កាន់ដៃស្ពាន រួចលោតចុះទឹកតែម្តង ប៉ុន្តែដោយខ្លួនចេះហែលទឹក នោះ មិនបណ្តាលឲ្យលិច លង់ទេ គឺខ្លួនបានហែលរហូត ដល់ ក្រោយផ្ទះ ជិតវត្តចាក់អង្រែលើ ហើយឡើងដើរទៅផ្ទះ ធ្វើឲ្យឪពុកម្តាយភ្ញាក់ផ្អើល មិននឹកស្មានថា នៅមានជីវិតរស់ ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល ខណ្ឌមានជ័យ បានធ្វើការអប់រំ ណែនាំដល់យុវជនចិត្តខ្លាំង រូបនេះ មិនត្រូវយកជីវិតទៅលេងសើចបែបនេះទៀតទេ ហើយក៏បានប្រគល់រថយន្ត និងឲ្យត្រឡប់ទៅលំនៅឋាន ប្រកបរកចិញ្ចឹមជីវិត ពិសេសត្រូវខំសន្សំលុយកាក់ ដើម្បីទិញម៉ូតូជិះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News