CamNews

ព័ត៌មានជាតិ 

មកស្គាល់ព្រះនាមទេវតាឆ្នាំថ្មី និងគ្រឿងរណ្ដាប់ ដែលត្រូវថ្វាយ

យោងតាមក្បួនមហាសង្ក្រាន្ត ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ដែលរៀបរៀងដោយ លោក អ៊ឺម បុរិន្ទ នាយកនៃគណកម្មការស្រាវជ្រាវវិជ្ជាហោរាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបញ្ជាក់ថា «មហាសង្ក្រាន្តឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ នឹងចូលមកដល់នៅវេលាម៉ោង ៩៖១២នាទីព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០១៨»។

ដោយឡែក ចំពោះទេពធីតា ដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកឆ្នាំនេះ គឺ «ព្រះនាងមហោធរៈទេវី» បុត្រីទី៧ នៃកបិលមហាព្រហ្ម ទ្រង់អម្ពរពណ៌ខៀវ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ សោយសាច់ទ្រាយ (ជាសត្វព្រៃពពួកឈ្លូស តែតូចជាងឈ្លូស) ជាភក្សាហារ ព្រះហស្តស្តាំកាន់កងចក្រ ព្រះហស្តឆ្វេងកាន់ត្រីសូល៍ គង់លើមយូរ៉ា ឬស្ដេចក្ងោក ជាពាហនៈ។


–ថ្ងៃចូលឆ្នាំ ថ្ងៃទី១ គឺ «ថ្ងៃវារៈមហាសង្ក្រាន្ត» ត្រូវនឹងថ្ងៃសៅរ៍១៤ រោច ខែចេត្រ ត្រូវនឹងថ្ងៃ១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង១២ នាទីព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធិស័ក។

–ថ្ងៃទី ២ គឺថ្ងៃ «វារៈវ័នបត» ត្រូវនឹងថ្ងៃអាទិត្យ ១ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គ.ស ២០១៨។

–ថ្ងៃទី៣ គឺថ្ងៃ «វារៈឡើងស័ក» ត្រូវនឹងថ្ងៃចន្ទ ២ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស ២០១៨ វេលាម៉ោង ១២ និង ៥៩ នាទី និង២៤ វិនាទី គម្រប់ជាសង្ក្រាន្ត៣ថ្ងៃ។


ចំពោះរណ្ដាប់ទទួលទេវតា តាមទំនៀមពីបុរាណរៀងមក គឺត្រូវរៀបរានទេវតាក្រាលសំពត់ពណ៌ស នៅខាងមុខផ្ទះមួយ សម្រាប់តាំងគ្រឿងពលិការផ្សេងៗ។ ត្រូវរៀបក្រាលសំពត់ពណ៌ស ហើយរៀបចំនូវគ្រឿងសក្ការៈបូជា ទេវតាមានជាអាទិ៍ បាយសី៩ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយគូ បាយសី៥ថ្នាក់មួយគូ បាយសី៣ថ្នាក់មួយគូ បាយសីប៉ាឆាមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពាន១គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពាន១គូ ផ្លែឈើ១១មុខ រៀបដាក់ជើងពាន១១គូ ដូងឡៅមួយគូ ទឹកស្អាត២កែវ។

ដោយឡែក សម្រាប់ប្រជារាស្ត្រធម្មតា គួររៀបចំត្រឹមបាយសី៥ថ្នាក់ចុះមក ឬរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀនប្រាំ ធូបប្រាំ ស្លាធម៌កូនចេកមួយគូ ក៏សមល្មមដែរ។ ចំពោះផ្លែឈើគួររៀបឲ្យបានត្រឹម ៣ឬ៥មុខ ក៏ជាការប្រសើរ ឬរៀបទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួង ពីលើគ្រប់ដង្វាយ នៅលើជើងពាន និងលើបាយសីត្រូវដោតទៀន ហើយដុតបំភ្លឺ។


បើរៀបចំស្រេចហើយ នៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបប្រជុំ ក្រុមគ្រួសារដើម្បីថ្វាយបង្គំ ព្រះរតនៈត្រ័យសមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធ ជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ ចិត្តរំពឹង គិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាទីពឹងទីរឭក លុះចប់ពិធីទទួលទេវតា។


នៅក្នុងឱកាសសង្ក្រាន្ត ទាំងបីថ្ងៃ សូមបងប្អូនប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិរ្ថីយ ជាចិត្តអប្រីយ៍ជាប់ដោយគំនុំគុំគួន ព្យាបាទ ឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន តាមប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច សុភមង្គល វិបុលសុខគ្រប់ប្រការ តាំងពីឆ្នាំថ្មីនេះតរៀងទៅ ៕

ប្រភព៖ Khmer Talking

រូបភាព ៖ សប្បាយ


Tags: Local news Social news