CamNews

ព័ត៌មានជាតិ 

បាញ់ ២គ្រាប់ គំរាមប្លន់យកលុយ ៣លានរៀល មិនបានសម្រេច នៅស្រុកឯកភ្នំ

បាត់ដំបងៈ មានបក្ខពួកចោរប្លន់ ២នាក់ បានយកកាំភ្លើងខ្លីបាញ់ ២គ្រាប់ គំរាមប្លន់យកលុយពីជនរងគ្រោះ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នៅ ចំណុចភូមិ.ឃុំពាមឯកស្រុកឯកភ្នំ តែមិនបានសម្រេចបានរត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បីស្វែងរកចាប់ខ្លួននៅ ពេលក្រោយ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិ ឃុំពាមឯក ស្រុកឯកភ្នំ មានករណីប្លន់ ប្រដាប់អាវុធមួយ បានកើតឡើងបង្កដោយជនមិនស្គាល់មុខ បានចូលធ្វើសកម្មភាពដោយអាវុធខ្លី មកផ្ជង់ម្ចាស់ផ្ទះ (ជនរងគ្រោះ) ឈ្មោះ ង៉ោ យកឡែន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅកន្លែងកើតហេតុខាងលើ។

ប្រភពបានបន្តថា បើតាមសាក្សីនិងម្ចាស់ផ្ទះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានស្រ្តីម្នាក់ បានឌុបម៉ូតូជនសង្ស័យ មកទម្លាក់ចោលនៅជិតផ្ទះកើតហេតុ លុះដល់ម៉ោងកើតហេតុ វេលាម៉ោង៦ល្ងាច ស្រាប់តែជនសង្ស័យបានពាក់ម៉ាស់ ដើរចូលផ្ទះជនរងគ្រោះ ដោយយកអាវុធខ្លីមកផ្ជង់ជនរងគ្រោះ  គំរាមទារលុយចំនួន ៣លានរៀល  ពេលកំពុងផ្ជង់ កូនស្រីម្ចាស់ផ្ទះបានដើរមក ក៏បានស្រែកឲ្យគេជួយ ហើយចោរនោះក៏បានបាញ់ចំនួន១គ្រាប់គំរាម ក្រោយមកបានបាញ់ ១គ្រាប់ទៀត តែគ្រាប់ស្អុយមិនផ្ទុះ។ ដោយសារតែជនសង្ស័យ មានភាពស្លន់ស្លោភ័យខ្លួន ក៏បានរត់គេចខ្លួនបាត់។ ចំណែកបក្ខពួកជាស្រ្តី ពុំបាននៅកន្លែងកើតហេតុទេ។

វត្ថុតាងបានបន្សល់ទុក មានសំបកគ្រាប់កាំភ្លើងចំនួន១គ្រាប់ និងស្នាកស្នាមបាញ់ បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន កំពុងស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់៕

Photo by DAP-News

Photo by DAP-News




Tags: national news