តាកែវ៖ ឪពុកម្ដាយមួយចំនួន របស់ក្រុមយុវជន ចំនួន ១៧នាក់ ដែលនគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនកាល ពីពីរសប្ដាហ៍កន្លងទៅនោះ បាននាំគ្នាបញ្ចេញប្រតិកម្មនឹងនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរ បាលខេត្តតាកែវថា បានជំរិតទារប្រាក់ពីពូកគាត់ក្នុងម្នាក់ៗ ជាង១លានរៀល ជាថ្នូរទៅនិងការដោះលែងកូនប្រុស ចេញពីមន្ទីរឃុំឃាំង។
បុរសម្នាក់ឈ្មោះ ភ័ណ្ឌ មានទីលំនៅក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដែលអះអាងថា កូនប្រុសកូនគាត់ចំនួន៣ នាក់ ត្រូវនគរបាលស្រុកត្រាំកក់ឃាត់ខ្លួនជាមួយក្រុមយុវជន ១៤នាក់ផ្សេងទៀត ខណៈពេលមានការវាយតប់គ្នា មួយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍គូស្វាមីមួយគូនៅក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ កាលពីថ្ងៃទី៤ ខែឧស ភា ឆ្នាំ២០១៤កន្លងទៅ បើទោះបីជាកូនប្រុសពួកគាត់មិនមែនជាអ្នកចូលរួមបង្កការវាយតប់គ្នាក៏ដោយ ក៏សមត្ថ កិច្ចស្រុកបានឃាត់ខ្លួន រួចបញ្ជូនយុវជនទាំងអស់នោះ ទៅការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដោយចោទប្រកាន់ពីបទ «បង្ករបួសស្នាមដោយចេតនា»។
បុរសជាឪពុកកូនបីនាក់រូបនេះបានបន្តថា លុះមកដល់ស្នងការដ្ឋាននគរបាលខេត្ត កូនប្រុសគាត់រួមនិងយុវជន១៤ នាក់ផ្សេងទៀត ដែលជាភ្ញៀវខាងកូនកម្លោះ ដែលមានទីលំនៅក្នុងឃុំទ្រា ស្រុកសំរោង ជាមួយគ្នា ត្រូវបានឃុំខ្លួន ចំនួន ៣ថ្ងៃ បន្ទាប់មកត្រូវបានសាកសួរ ដោយនគរបាលជំនាញ និងបានបញ្ជូនទៅសាកសួរបន្តនៅតុលាការខេត្ត តាកែវ ដោយសំណុំរឿងមួយនេះ ស្ថិតក្នុងកណ្ដាប់ដៃលោកព្រះរាជអាជ្ញារង ទិន សុចិត្រា។ ពេលទៅដល់តុលាការ តុលាការបានសម្រេចដោះលែងក្រុមយុវជនទាំងអស់ ព្រោះតុលាការយល់ឃើញថា នេះជារឿងទំនាស់គ្នាតិចតួច រវាងក្មេងៗ ហើយករណីនេះ វាក៏មិនបានបង្ករបួសស្នាមធ្ងន់ធ្ងរដល់ភាគីម្ខាងទៀតដែរ ហើយបន្ទាប់ពីតុលាការ បង្គាប់ឲ្យមានការដោះលែងក្រុមយុវជនទាំង ១៧នាក់ ស្រាប់តែនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលខេត្តតាកែវ បាន ទារប្រាក់ពីអាណាព្យាបាលយុវជនទាំងអស់ក្នុងម្នាក់ៗ១លាន២សែនរៀលទៅ ១លាន ៥សែនរៀលជាថ្នូរ និងការ ដោះលែងនេះ។
លោកបានសង្កត់ធ្ងន់ថា «ខ្ញុំមិនដឹងថា នេះជាការស៊ុំគ្រលំគ្នារវាងតុលាការ និងនគរបាល ឬយ៉ាងណានោះទេ ក្នុង ការឲ្យទារប្រាក់នេះ ប៉ុន្តែទោះបីជាយ៉ាងណាពួកយើងដែលជាម៉ែឪ បានប្រវេប្រវារកប្រាក់ ដើម្បីឲ្យមានការដោះ លែងកូនចេញពីការឃុំឃាំងរបស់សមត្ថកិច្ច»។
ដោយឡែកបុរសម្នាក់ទៀត ដែលត្រូវជាពូរបស់យុវជនម្នាក់ ក្នុងចំណោមយុវជន១៧នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួននោះ បានថ្លែងឲ្យដឹងថា សកម្មភាពរបស់សមត្ថកិច្ចជំរឹតទារលុយពីប្រជាជនក្រីក្រដូចជាពួកយើង វាកំពុងតែធ្វើ ឲ្យប្រជាជនបាក់ទឹកចិត្តចំពោះអាជ្ញាធមានសមត្ថកិច្ច។
លោកថ្លែងថា «លុយចំនួនជិត៥ពាន់ដុល្លារនេះ គឺពួកយើងត្រូវរៃអង្គាសគ្នា ដោយអ្នកខ្លះរត់ទៅចងការគេ និងខ្លះ យកស្រែទៅបញ្ចាំ ដើម្បីយកលុយមកឲ្យសមត្ថកិច្ចជាថ្នូរ និងការដោះលែងកូនប្រុសពួកយើង»។
សម្រាប់បុរសម្នាក់នេះ ដើម្បីធ្វើឲ្យប្រជាជនមានភាពជឿជាក់លើមន្រ្តីថា ដឹកនាំមានភាពស្អាតស្អំ មិនគាបសង្កត់ ប្រជាពលរដ្ឋនោះ អាជ្ញាធខេត្តតាកែវ ដែលមានលោក ឡាយ វណ្ណៈ ជាអភិបាលខេត្តតាកែវ ទើបឡើងកាន់តំណែង ថ្មីថ្មោង គួរតែបើកការស៊ើបអង្កេតពីបញ្ហានេះ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើមជ្ឈមណ្ឌលពត៌មានដើមអម្ពិល មិនអាចសុំការអត្ថាធិប្បាយពីលោក ទិន សុចឹត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ និងលោកវរៈសេនីយ៍ត្រី យុង ញីវ ប្រធានការរិយាល័យំ្រហ្មទ័ណ្ឌកម្រិត ស្រាល នៃស្នងការដ្ឋាននគបាលខេត្តតាកែវបានទេ នៅថ្ងៃទី១៩ ខែឧសភានេះ ដោយសារទូរស័ព្វលោកទាំងពីរ មិនអាចហៅចូលបាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល