CamNews

ព័ត៌មានជាតិ 

អតីតមន្រ្តីជាន់ខ្ពស់ នគរបាលជាតិ លោក សូរ ផន ទទួលមរណភាព ដោយសារជំងឺ គាំងបេះដូង

ភ្នំពេញ៖ អតីតអគ្គស្នងការរងនគរបាលជាតិ និងជាអនុរដ្ឋ លេខាធិការក្រសួងមហាផ្ទៃ លោក សូរ ផន បានទទួល មរណភាពកាលពីម៉ោង ១២ និង១៤នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នៅមន្ទីរពេទ្យ កាល់ម៉ែត ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុ ៧៤ឆ្នាំ។

សពរបស់លោក សូរ ផន ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងគេហដ្ឋានរបស់លោកស្ថិតក្នុង បុរីពិភពថ្មី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

មរណភាពរបស់លោក សូរ ផន បាននាំមកនូវក្តីក្រៀមក្រំអាឡោះអាល័យ ដល់ក្រុមគ្រួសារ មន្រ្តីនគរបាលជាតិ ដែលធ្លាប់បានរួមការងារ និងមន្រ្តីដែលធ្លាប់បានរស់នៅក្រោមឱវាទរបស់លោក។

មរណភាពរបស់លោក សូរ ផន គឺជាការបាត់បង់នូវមន្រ្តីនគរបាលជាតិមួយរូបរបស់ជាតិកម្ពុជា ដែលរូបលោក ធ្លាប់បម្រើការងារជាច្រើន ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។

ជាមួយដំណឹងដ៏ក្រៀមក្រំ និងសោកសៅ ក្រុមគ្រួសារនៃសព តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន គោរពអញ្ជើញសាច់សាលោហិត ព្រមទាំងមិត្តភក្តិ និងអ្នកធ្លាប់រួមការងារជាមួយលោក សូរ ផន អញ្ជើញចូលរួម បុណ្យសព និងគោរពវិញ្ញាណក្ខន្ធ ក៏ដូចជាការលាគ្នាលើកចុងក្រោយនៅក្នុងគេហដ្ឋានរបស់លោក ដូចដែលបានបញ្ជាក់ ជូនខាងលើ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news