(ភ្នំពេញ)៖ ពន្លកតារាសម្តែង និងជាតារាបង្ហាញម៉ូដ ទើបលេចឈ្មោះល្បីសន្សឹមៗ លើវិថីសិល្បៈ លោក ប៊ុន ថេត កាលពីយប់ថ្ងៃទី១២ ខែមិថុនា បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ជូនតាមរថយន្ត ទៅសង្រ្គោះបន្ទាន់ នៅប្រទេសវៀតណាម។
នៅលើបណ្តាញសង្គមហ្វេសប៊ុក និងទំព័រផេកសិល្បករកម្ពុជា របស់លោក អ៉ឹម ជីវ៉ា កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះ ដោយការសម្តែងអារម្មណ៍សោកស្តាយ និងរន្ធត់ចិត្តខ្លាំង បន្ទាប់ពីទទួលបានដំណឹង នៃមរណភាពរបស់សិល្បករ ជំនាន់ក្រោយលោក ប៊ុន ថេត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយនេះ។
លោក អ៉ឹម ជីវ៉ា បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបថតជនរងគ្រោះថា «តារាសម្តែង និងបង្ហាញម៉ូត ទើបតែរះថ្មី បានទទួលមរណភាព កាលពីយប់មិញ។ តារាសម្តែងនិងបង្ហាញម៉ូត ទើបរះថ្មី គឺលោក ប៊ុនថេត ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍ ហើយយកទៅសង្រ្គោះ នៅប្រទេសវៀតណាម តែដោយរបួសធ្ងន់ធ្ងរពេក ទើបធ្វើឲ្យតារាសម្តែងម្នាក់នេះ បាត់បង់ជីវិតទាំងវ័យក្មេង គួរឲ្យអាសូ និងសោកស្តាយ !»។
យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតជាងនេះ មិនទាន់ត្រូវបានប្រភពបញ្ជាក់ច្បាស់ នៅឡើយទេ ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យតារាទើបរះពន្លឺ លោក ប៊ុន ថេត កើតឡើងវេលាម៉ោងប៉ុន្មាន និងទីតាំង នៃកន្លែងកើតហេតុ ស្ថិតនៅម្តុំណានៅឡើយទេ ពោលគឺប្រភពគ្រាន់តែបញ្ជាក់ ប្រាប់ពីការស្លាប់តែប៉ុណ្ណោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង