CamNews

ព័ត៌មានជាតិ 

នគរបាលចរាចរណ៍ខេត្តកណ្តាលម្នាក់ រងការរិះគន់មិនយកលុយក្រដាស២ម៉ឺនរៀល ពីអ្នកបើកហួសល្បឿន គ្រាន់តែរហែកបិទ..

(កណ្តាល)៖ មន្រ្តីនគរបាលចរាចរណ៍ខេត្តកណ្តាលម្នាក់ បានរងនូវការរិះគន់ពីប្រជាពលរដ្ឋថា មិនព្រមទទួលយកលុយរៀលក្រដាស២ម៉ឺនរៀល គ្រាន់តែរហែកបិទស្កុតបន្តិចសោះ នៅពេលដែលប្រជាពលរដ្ឋរូបនេះ បានបើករថយន្តលើសល្បឿនហើយត្រូវបាននគរបាល ចាប់ផាកពិន័យចំនួន៤ម៉ឺនរៀល។

បុរសដែលបើករថយន្តលើសល្បឿន ហើយត្រូវបានក្រុមនគរបាលចរាចរណ៍ ខណៈកំពុងត្រួតពិនិត្យគោលដៅតាមផ្លូវជាតិលេខ៣ ចាប់ឃាត់ និងផាកពិន័យ៤ម៉ឺនរៀលនោះ បាននិយាយថា ពេលនោះគាត់បានឲ្យលុយទៅនគរបាលគ្រប់ចំនួន ដោយក្រដាស២ម៉ឺនទាំង២សន្លឹក ប៉ុន្តែក្រដាស២ម៉ឺនមួយសន្លឹករហែកបិទស្កុតបន្តិចសោះ ស្រាប់តែនគរបាលម្នាក់ មិនទទួលយកដោយឆ្លើយតបថា «ខាងរតនាគារខេត្តកណ្តាល មិនយកលុយរហែកទេ»។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិតាកុច ឃុំអន្លុងរមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ នគរបាលចរាចរណ៍ ដែលទទួលរងនូវការរិះគន់នោះមានឈ្មោះ អ៊ឹម ចណ្ណារ៉ា អត្តលេខ៤០៥៧៥ តែមិនដឹងថា ជានគរបាលបម្រើការងារនៅអធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ឬស្នងការដ្ឋាននគរបាលខេត្តកណ្តាលនោះទេ។

ចំណែកបុរសនោះមិនទាន់ស្គាល់ឈ្មោះទេ តែបើករថយន្តតូយ៉ូតាកូម៉ា២បាំង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P 3747។ បើយោងតាមច្បាប់រដ្ឋដូចមានចែង ក្នុងមាត្រា៤៣ និង៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ «ក្នុងពេលដែលមិនបានដកចេញពីចរាចរទេនោះ ក្រដាសប្រាក់ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូលក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាពធ្វើសេរីកាគ្មានព្រំដែន។ ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ»។

យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីនគរបាលចរាចរណ៍ដែលរងការរិះគន់នោះទេ៕

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី



Tags: social news local news