CamNews

ព័ត៌មានជាតិ 

នគរបាល ព្រហ្មទណ្ឌកំរិតស្រាល តាមចាប់ចោរ ជំនាញខាងលួចម៉ូតូ មុខដដែល ទើបចេញពីពន្ធនាគារ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជំនាញខាងកាច់កម៉ូតូ យ៉ាងសកម្ម និងធ្លាប់ជាប់ ពន្ធនាគារ កាលពីឆ្នាំ២០១០​កន្លងទៅនោះ ត្រូវបានកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញ តាមចាប់ខ្លួនម្តងទៀត កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ក្រោយការចាប់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូមួយគ្រឿង និងដែកកាច់ចំនួន២ ផងដែរ។ មន្រ្តីនគរបាល បានបន្តទៀតថា កាលពីឆ្នាំ២០១០ កន្លងទៅ ការិយាល័យ ធ្លាប់ចាប់ខ្លួន ម្តងមកហើយ បន្ទាប់មក ត្រូវបានតុលាការ សម្រេចដាក់ ពន្ធនាគារតែម្តង ។ លុះក្រោយមក រយះពេល៥ខែចុងក្រោយ ជនសង្ស័យ បានចេញមកវិញ ក៏មិនបោះបង់គំនិត បានបន្តធ្វើ សកម្មភាពលួចម៉ូតូ ថែមទៀត។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយទទួលបានព័ត៌មាននៃ ការធ្វើ សកម្មភាព របស់ជនសង្ស័យម្តងទៀត នាយការិយាល័យ ព្រហ្មទណ្ឌកំរិត ស្រាលបានទទួលបទបញ្ជាពីលោកស្នងការ និង ស្នងការរងទទួលផែន ចុះធ្វើការស្រាវជ្រាវ រហូតតាមចាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានយកទៅ សួរនាំនៅការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP