ស្រ្តីជាម្តាយជនជាតិអាមេរិចម្នាក់ បានបង្កើតជាភូតហេតុគួរអោយភ្ញាក់ផ្អើលមួយនៅពេល
ដែលស្រ្តីរូបនោះផ្តល់កំនើតដល់កូន 6នាក់( ស្រី 5ប្រុស 1) មានសុខភាពល្អ ដូចទារកធម្មតា
ត្រឹមតែរយៈពេល 3នាទីប៉ុណ្ណោះ ។
កាលពីថ្ងៃទី 18 ខែមិថុនា 2011 កន្លងទៅនេះ ស្ត្រីម្នាក់ឈ្មោះ Heather Caroll អាយុ 30 ឆ្នាំ
រស់នៅក្នុងទីក្រុង Dallas រដ្ឋ Texas សហរដ្ឋអាមេរិច ដែលត្រឹមតែរយៈពេល បីនាទីប៉ុណ្ណោះ
គឺចាប់ពីម៉ោង 8 និង5 នាទី ដល់ម៉ោង 8 និង8នាទី ព្រឹក ស្រ្តីរូបនេះបានផ្តល់កំនើតដល់ទារក
ចំនួន 6 នាក់ ជាបន្តបន្ទាប់ក្នុងនោះស្រី 5នាក់ និង ប្រុស 1នាក់ ហើយពួកគេសុទ្ធតែមាន
សុខភាពល្អ ទាំងអស់គ្នា ។ បញ្ជាក់ផងដែរថា ស្រ្តី Heather Caroll បានមកសំរាកនៅមន្ទីរ
ពេទ្យមួយរយៈកាល ដើម្បីរងចាំពេលវេលាទារកក្នុងផ្ទៃចាប់កំនើត ។
មានបុគ្គលិកចំនួន 50 នាក់ពីមណ្ឌលសុខភាព Brookwood នៃទីក្រុង Birmingham
រដ្ឋ Alabama បានចូលរួមជួយបង្កើតទារកដល់ស្រ្តី Heather Caroll ផងដែរ ។ តាមសេចក្តី
ថ្លែងការមួយរបស់វេជ្ជបណ្ឌិត Bill McKenzie បានអោយដឹងថា "គាត់មានការកោតសរសើរ
យ៉ាងខ្លាំងចំពោះភាពខ្លាំងក្លារបស់ឪពុកម្តាយទារក និងធ្វើការវាយតំលៃយ៉ាងខ្ពស់ ចំពោះ
ការប្រុងប្រៀបត្រៀមទុក ស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងល្អពីមណ្ឌលសុខភាព
Brookwood ។
ស្រី្ត Caroll និងស្វាមីសំដែងក្តីរីករាយនៅចំពោះអ្នកយកពត៌មាន
អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀត គឺទារកនោះបានចាប់កំនើតនៅមុនថ្ងៃនៃទិវារ
របស់ឪពុក មួយថ្ងៃដែលគឺជាកាដូដ៏ពិសេសសំរាប់ជូនស្វាមី លោក Mitchell Caroll ។
នេះជាករណីលើកទីពីរហើយដែលមានអ្នកផ្តល់កំនើតដល់ទារកចំនួន 6រូបនៅក្នុងខែនេះ
ដែលកន្លងទៅ មានស្រ្តីម្នាក់ឈ្មោះ Stacey Carey ក្នុងទីក្រុង Abington រដ្ឋ Pennsylvania
ក៏បានផ្តល់កំនើតដល់ទារករហូតដល់ 6 រូបផងដែរ ៕
(ប្រភពពី Daily Mail)
ដោយ៖ រដ្ឋា