កូរ៉េខាងត្បូង៖ ជាដំណឹងមួយដ៏ក្តៅគគុករវាង គូរស្នេហ៍តារាដ៏ល្បីប្រចាំប្រទេស កូរ៉េពីរដួង បានធ្វើឲ្យអ្នកគាំទ្រ សឹងតែមិនជឿក្រោយពេល គូស្វាមីភរិយាតារាកូរ៉េដ៏មានប្រជាប្រិយភាពមួយគូនេះ គឺ លោក Song Joong Ki និងអ្នកនាង Song Hye Kyo(តួឯកស្រី ក្នុងរឿង បំណុលផ្ទះជំណាក់ស្នេហ៍) បានសម្រេចចិត្តលែងលះគ្នា។
យោងតាមព័ត៌មានក្រៅស្រុកបានឲ្យដឹងថា លោក Park Jae Hyun មេធាវីរបស់លោក Song Joong Ki បានចេញមកប្រកាសថា លោក Song Joong Ki បានដាក់ពាក្យបណ្តឹងសុំលែងលះតារាស្រី Song Hye Kyo ដែលជាភរិយា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ។ ប្រភពព័ត៌មានដដែល បានបន្ថែមទៀតថា លោកចង់លែងលះជាមួយភរិយាដោយសន្តិវិធី។
លោក Song Joong Ki បានសរសេររៀបរាប់ថា៖
«សួរស្តីខ្ញុំគឺ Song Joong Ki
ដំបូងខ្ញុំសូមអភ័យទោស ដែលយកព័ត៌មានមិនល្អបែបនេះ មកប្រាប់អ្នកទាំងអស់គ្នាដែលធ្លាប់ស្រលាញ់ និងខ្វល់ខ្វាយពីខ្ញុំកន្លងមក។ ពេលនេះខ្ញុំកំពុងត្រៀមលែងលះគ្នាជាមួយ Song Hye Kyo ហើយក៏សង្ឃឹមថាគ្រប់យ៉ាង នឹងដំណើរការទៅមុខដោយរលូន ដោយមិនមានជម្លោះពីភាគីទាំងសងខាង។ នេះជារឿងផ្ទាល់ខ្លួន ដូច្នេះវាពិបាកបង្ហាញទៅកាន់គ្រប់គ្នាខ្លាំងណាស់ តែចាប់ពីពេលនេះទៅ ខ្ញុំនឹងព្យាយាមឲ្យបានល្អបំផុត ក្នុងនាមជាតារាសម្តែង ដើម្បីតបស្នងអ្នកទាំងអស់គ្នា»។
បន្ទាប់មក ភ្លាមៗនោះ ភាគីខាងស្រី Song Hye Kyo បានចេញមកបកស្រាយពីមួលហេតុ ដែលធ្វើឲ្យចំណងស្នេហារបស់ពួកគេ ឈានដល់ផ្លូវបំបែក។ ដោយអ្នកតំណាងតារាស្រីរូបនេះ បានរៀបរាប់ថា៖
«ជារឿងមិនគួរសមនោះទេ ដែលយើងមកស្វាគមន៍អ្នកទាំងអស់គ្នាដោយរឿងមិនល្អបែបនេះ គឺតារាសម្តែងស្រី Song Hye Kyo និងតារាសម្តែងប្រុស Song Joong Ki កំពុងតែដំណើរការរឿងក្តីលែងលះគ្នា។
មូលហេតុដែលលែងលះគឺ ពួកគេមានភាពមិនចុះសម្រុងគ្នាច្រើន ហើយពួកគេទាំងពីរមិនអាចជំនះរាល់បញ្ហាទាំងនោះបាន ទើបពួកគេត្រូវសម្រេចចិត្តបែបនេះ។ ពួកយើងចង់ឲ្យអ្នកទាំងអស់គ្នាយោគយល់ និងគោរពទៅលើការពិត ដែលពួកយើងមិនអាចយកមកនិយាយលម្អិតជាងនេះ ទាក់ទងទៅនឹងជីវិតឯកជនរបស់តារាសម្តែងទាំងពីររូបនេះបាន។ ក្រៅពីនេះពួកយើងចង់ឲ្យអ្នកទាំងអស់គ្នា ចៀសវាងរាល់ការផុសអ្វីដែលគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្លួន នាំឲ្យមានបញ្ហាផ្សេងៗ»។
ជាមួយគ្នានេះដែរ មានប្រភពព័ត៌មាន ក្រៅស្រុកមួយទៀតបានចេញមករាយការណ៍ថា Song Joong Ki និង Song Hye Kyo បានរើចេញពីផ្ទះដែលរស់នៅជាមួយគ្នា ក្រោយពេលរៀបការតាំងពីខែមុនមកម៉្លេះ។ នេះបង្ហាញឲ្យឃើញថា តាមពិតពួកគេមានបញ្ហាមិនចុះសម្រុងនឹងគ្នាជាយូរណាស់មកហើយ ទើបសម្រេចចិត្តលែងលះគ្នាបែបនេះ៕
អត្ថបទ៖ ចំរើន