ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០១៥នេះ បានប្រកាស សាលក្រមផ្តន្ទាទោស ជនជាប់ចោទគ្រឿងញៀន ចំនួន២នាក់ ក្នុងនោះរួមមាន ជនជាប់ចោទម្នាក់ ជាអតីតតារាភាពយន្ត និងម្នាក់ទៀត ជាមិត្តភក្តិ ដាក់ពន្ធនាគារម្នាក់ៗ កំណត់៥ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារម្នាក់ៗ កំណត់៤ឆ្នាំ ទោសនៅ សេសសល់ត្រូវ ព្យួរទាំងអស់ និង ពិន័យជាប្រាក់សម្រាប់ ដាក់ចូលក្នុងថវិកាជាតិម្នាក់ៗចំនួន១០លានរៀល។
លោក ហេង កេសរោ ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និងជាអនុប្រធាន នៃសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងឲ្យក្នុងសវនាការថា ពួកគេទាំង២នាក់នេះមានឈ្មោះ ហ្វេស សល់ ភេទប្រុស អាយុ២៩ឆ្នាំ ( ជាអតីតជាតារាភាពយន្ត) និង ម្នាក់ទៀតមានឈ្មោះ ម៉ា ទីន ភេទ ប្រុស អាយុ២៩ឆ្នាំ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ « ជួញដូរដោយ ខុសច្បាប់នូវ សារធាតុញៀន» តាមមាត្រា៤០ នៃច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន និងត្រូវចាប់ខ្លួន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៤ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល