CamNews

ព័ត៌មានជាតិ 

បាត់ម៉ូតូ ៤៤ថ្ងៃ ប្រទះឃើញ តាមផ្លូវ ហៅសមត្ថកិច្ច ជួយឃាត់ទុក ចាប់បានជនសង្ស័យ២នាក់ ជាជាង​មាស និងជាងឡាន

ភ្នំពេញ៖ ក្រោយពីបាត់ម៉ូតូ អស់រយៈពេល៤៤ថ្ងៃ យុវជនម្នាក់ ខណៈធ្វើដំណើរតាមផ្លូវ ក៏បានប្រទះឃើញម៉ូតូរបស់ខ្លួន រួចរាយការណ៍ជូនសមត្ថកិច្ច ឈានដល់ការឃាត់មនុស្សពីរនាក់ ពាក់ព័ន្ធប្រើប្រាស់ម៉ូតូដែលបាត់បង់នេះ។

ជនរងគ្រោះ ដែលជាម្ចាស់ម៉ូតូ លោក រុណ ភារៈ វ័យ ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ម៉ូតូរបស់ខ្លួនបានបាត់តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
រុណ ភារៈ បានបន្តទៀតថា នៅម៉ោង២៖២០នាទី រសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នេះ ខណៈធ្វើដំណើរម្តុំសង្កាត់ទួលស្វាយព្រៃទី១ ក៏ប្រទះឃើញម៉ូតូរបស់ខ្លួនចត នៅម្តុំហាងកាហ្វេមួយកន្លែង នៅផ្លូវលេខ១៩៣ កែងផ្លូវលេខ៣៤៨ ភូមិ៤ ពេលនោះគាត់ក៏បានមកជួប និងលោក ពៅ ពិដោ មេប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ហើយរាយការណ៍រឿងនេះជូន។

បើតាមមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រោយពីព័ត៌មានពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ និងជនរងគ្រោះ បានទៅដល់ទីតំាងនោះ រួចក៏បានឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិងករណីបាត់ម៉ូតូនេះ។ មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា ក្រោយការផ្ទៀងផ្ទាត់លេខតួ លេខម៉ាស៊ីន ម៉ូតូនេះពិតជារបស់ជនរងគ្រោះ ដែលបាត់បង់កាលពីថ្ងៃទី១៥ ខែឧសភានោះមែន។

មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា ជនសង្ស័យពាក់ព័ន្ធ និងករណីលួចម៉ូតូនេះ ទី១.ឈ្មោះ ហឿន ហុយ ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ ឯអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ លាង សុគន្ធ ភេទប្រុស អាយុ២១ ឆ្នាំ ជាជាងទង ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ។ បើតាមចម្លើយរបស់ជនទំាងពីររូបនេះ បានឲ្យដឹងថា ម៉ូតូនេះគេទើបតែទិញ ហើយបាននាំគ្នា ជិះមកផឹកកាហ្វេនៅម្តុំទួលស្វាយព្រៃនេះ។

សូមបញ្ជាក់ថា តាមការពិនិត្យឯកសារ បង្ហាញថា ស្លាកលេខដើមរបស់ម៉ូតូនេះ គឺភ្នំពេញ 1DD-1515 ប៉ុន្តែម៉ូតូនេះ ត្រូវបានបំពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 1CN-8401 ហើយបច្ចុប្បន្ន ជនពាក់ព័ន្ធទាំងពីរនេះ ត្រូវបានកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP