CamNews

ព័ត៌មានជាតិ 

បុគ្គលិកអង្គការ ស្បៀងអាហារ ពិភពលោកម្នាក់ ស្លាប់នៅ ក្នុងបន្ទប់ខារ៉ាអូខេ មនោរម្យ ដូចជា មានអាថ៌កំបាំង

កំពង់ចាមៈ     បុរសម្នាក់ជាបុគ្គលិក អង្គការស្បៀង អាហារពិភពលោក បានស្លាប់ ខណៈដែលបុរស រងគ្រោះ និងមនុស្ស ប្រហែល២០នាក់ កំពុងផឹកស៊ី ច្រៀងលេង នៅក្នុងបន្ទប់ខារ៉ាអូខេ យីហោ មនោរម្យ មានទីតាំងស្ថិតក្នុងភូមិទី១១ សង្កាត់.ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ។

តាមការឲ្យដឹងពីសមត្ថកិច្ច នគរបាលក្រុងកំពង់ចាម ថា បុរសរងគ្រោះ ស្លាប់ ក្នុងបន្ទប់ខារ៉ាអូខេ មនោរម្យមានឈ្មោះ ហង់ ហន អាយុ៤៧ឆ្នាំ ជាបុគ្គលិក អង្គការស្បៀង អាហារពិភពលោក មានទីលំនៅភូមិ អណ្តូងខ្លីឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ ជន រងគ្រោះ រួមនិងមនុស្ស ប្រហែល២០នាក់ បានចូលច្រៀងខារ៉ាអូខេ យីហោ មនោរម្យ បន្ទប់លេខ A 4 ជាន់ ទី១ ។ ហើយពួកគេបានចាប់ផ្តើមផឹកស៊ី ច្រៀងពីម៉ោង ៦ និង៥៨នាទី ដល់ម៉ោង ៨និង៤០នាទីយប់ បុរស រងគ្រោះ ឈ្មោះ ហង់ហន បានដួល បណ្តាលឲ្យស្លាប់តែម្តង ។ ហើយសាកសព មិនបានធ្វើកោស ល្យវិច័ យពីសមត្ថកិច្ចទេ ត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ទាក់ទិនទៅ និងករណីខាងលើនេះ លោក ហង្ស សុខជា ជាថៅកែ សណ្ឋាគារ មនោរម្យ បានឆ្លើយប្រាប់អ្នកយកព័ត៌មានដើមអម្ពិល តាមទូស័ព្ទនៅព្រឹកថ្ងៃទី២៨ ខែមករានេះថា មិនមានរឿងមនុស្ស ស្លាប់ក្នុង បន្ទប់ខារ៉ាអូខេ មនោរម្យ របស់លោកកើតឡើងនោះទេ ។ តែទោះជាយ៉ាងនោះក្តី លោក អាន វុធ នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាលក្រុងកំពង់ចាម បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា នៅយប់កើតហេតុខាងលោក មិនបានពិនិត្យសាកសពទេ គ្រាន់តែ បានព័ត៌មាន ពីខាងអ្នកបម្រើការ នៅខារ៉ាអូខេ មនោរម្យប្រាប់ថា នៅយប់កើតហេតុ ក្នុងបន្ទប់ខារ៉ាអូខេ មនោរម្យ លេខ A 4 ជាន់ ទី១ មានមនុស្សចូលច្រៀង ប្រហែល២០នាក់ ក្នុងនោះ មាននារីបម្រើ ៣នាក់ ចូលច្រៀងពីម៉ោង ៦ និង៥៨នាទី រហូតដល់ម៉ោង៨ និង ៤០នាទី ពេលជល់កែវស្រា ស្រាប់តែជនរងគ្រោះ ដួលផ្កាប់មុខនៅកន្លែងច្រៀង បន្ទាប់មក បុរសរងគ្រោះត្រូវបានបញ្ជូនមក មន្ទីរពេទ្យខេត្តកំពង់ចាម ប៉ុន្តែពេលដែលបញ្ជូនមកមន្ទីរខេត្ត ខាងគ្រូពេទ្យបានប្រាប់ថា បុរសរងគ្រោះបានស្លាប់ហើយ ។ ហើយបន្ទាប់មក រថយន្តសាមុយ បានដឹកសពប្រគល់ ឲ្យទៅក្រុមគ្រួសារ ដោយសមត្ថកិច្ច មិនបានធ្វើការ ពិនិត្យសពនៅឡើយទេ។

ជុំវិញមន្ត្រីអង្គការ ស្បៀងអាហារពិភពលោក បានស្លាប់នៅ ក្នុងបន្ទប់ខារ៉ាអូខេ មនោរម្យនេះ មជ្ឈដ្ឋានមួយចំនួន បានមានការសង្ស័យការ ស្លាប់របស់មន្ត្រីអង្គការ រូបនោះមានអាថកំបាំង ដោយហេតុថា ក្នុងការ សុំបំភ្លឺ ពីអ្នកសារព័ត៌មាន ថៅកែខារ៉ាអូខេ មនោរម្យ លោក ហង្ស សុខជា មានចេតនា លាក់បាំង ក្នុងករណី ខាងលើ ដោយប្រាប់ថា គ្មានរឿងនោះកើតឡើងទេ។ ចំណែកសមត្ថកិច្ចជំនាញ ក៏មិនបានធ្វើ កោសល្យវិច័យឲ្យបានត្រឹមត្រូវលើសាកសព នោះដែរ ។ ដូច្នេះ សពបុរសរងគ្រោះ គឺស្លាប់នៅក្នុងបន្ទប់ ខារ៉ាអូខេមនោរម្យ ដោយមិនដឹងមូលហេតុ៕      

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News