កណ្ដាល ៖ ក្រុមចោរប្លន់បិទមុខ ស្ពាយ កាំភ្លើងអាកា ចំនួន៥នាក់ បានធ្វើសកម្មភាព ចូលភ្ជង់និងបាញ់ជិត១០គ្រាប់ នៅក្នុងផ្ទះជន រងគ្រោះមួយគ្រួសារ ស្ថិតនៅភូមិថ្កុល ឃុំ ត្រើយស្លា ស្រុកស្អាង ខេត្ដកណ្ដាល កាលពី យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយ យកគ្រឿងអលង្កា និងលុយខ្មែរអស់ជាច្រើន មុនពេលដែលពួកគេរត់គេចខ្លួន ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យមានគ្នា៥ នាក់ បិទមុខជិត និងមិនស្គាល់អត្ដសញ្ញាណ ស្ពាយកាំភ្លើងអាកាពីរដើម ដោយពួកគេខ្លះ បានចូលពីក្រោយផ្ទះ និងខ្លះទៀតចាំនៅមុខ ផ្ទះ មើលសភាពការណ៍ដោយភ្ជង់និងបាញ់ ឡើងលើជាការគំរាមចំនួន៦គ្រាប់ បង្ខំឱ្យ ម្ចាស់ផ្ទះជាជនរងគ្រោះប្រមូលគ្រឿងអលង្កា និងលុយកាក់ឱ្យពួកគេ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះក្នុង អំពើប្លន់នេះ ទី១ឈ្មោះចេក ប្រាំង អាយុ៥៨ ឆ្នាំ ជាប្ដី ទី២ឈ្មោះអ៊ីង សុន អាយុ៥៨ឆ្នាំជា ប្រពន្ធ ទី៣ ឈ្មោះជី លឹម អាយុ២៧ឆ្នាំ មុខ របរជាងមាស ជាកូនប្រសារប្រុស និងទី៤ ឈ្មោះគា ចន្ធូរ អាយុ២៤ឆ្នាំ ជាកូនស្រី ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅ វេលាម៉ោងប្រមាណ៩និង១០នាទីយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលពួកគេ កំពុងជជែកគ្នានៅខាងក្នុងផ្ទះ ស្ដីពីពិធីរៀប មង្គការឱ្យកូនស្រីឈ្មោះស៊ីម សំណាង នោះ ស្រាប់តែស្ដ្រីជាប្រពន្ធបានដើរចេញតាមទ្វារ ក្រោយ ប្រហែល១០ម៉ែត្រក៏ឃើញជនល្មើស ៣នាក់ ស្ពាយកាំភ្លើងអាកាមួយដើម ចូល តាមក្រោយ រួចគំរាមឱ្យពួកគេក្រាបចុះក្រោម ហើយបាញ់ចំនួន៣គ្រាប់ឡើងទៅលើ ពេល នោះជនល្មើសពីរនាក់ កាំភ្លើងអាកាមួយដើម នៅពីមុខផ្ទះ ក៏បាញ់គំរាម៣គ្រាប់ទៀតផង ដែរ ។
សមត្ថកិច្ចបានបន្ដថា ក្រោយពីបាញ់ប្រ ហាររួចក្រុមជនល្មើសបានយកខ្សែគោ ចង លោកចេក ប្រាំង និងកូនប្រសារ ជី លឹម រួច វាយតប់ជនរងគ្រោះដោយដំបង ហើយធាក់ គំរាមរកទ្រព្យសម្បត្ដិបណ្ដើរ រើកកាយក្នុង ផ្ទះបណ្ដើរបានខ្សែកមាស ៥ជី កងជើងបា្លទីន ២ខ្សែ ខ្សែកបា្លទីន២ខ្សែ គ្រឿងអលង្កាមួយ ចំនួននិងលុយខ្មែរ១៧ម៉ឺនរៀល ទើបពួកវា បានរត់គេចខ្លួនអស់ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយ មានអំពើប្លន់ប្រដាប់អាវុធនេះកើតឡើងមាន អ្នកជិតខាងដែលដឹងហេតុការណ៍បានរត់ឆ្លង ថ្នល់ ស្រែកថា ចោរៗទើបពួកវាយបាញ់បន្ដ ទៀត ពេលនោះឮដល់សមត្ថកិច្ចមូលដ្ឋានមក ជួយអន្ដរាគមន៍ តែក្រុមចោរបាញ់ស្កាត់មុខ ទៀតផង ។
សូមបញ្ជាក់ថា ផ្ទះជនរងគ្រោះមានចម្ងាយ ជាង៣០០ម៉ែត្រពីប៉ុស្ដិ៍រដ្ឋបាល ហើយសកម្ម ភាពក្រុមចោរ ធ្វើឡើងប្រហែល១៥នាទី ប៉ុណ្ណោះ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបាននឹង កំពុងធ្វើការស្រាវជ្រាវ ចំពោះករណីមួយនេះ ដើម្បីតាមចាប់ក្រុមចោរប្លន់ ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល