(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ ដើម្បីចម្រាញ់រកជើងខ្លាំង ៨នាក់ ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ អបអរព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ បានចាប់ផ្ដើមហើយនៅថ្ងៃទី០៥ ខែមេសានេះ ដោយមានបេក្ខជនចូលរួមសរុប ១២៨នាក់ ប៉ុន្ដែឆ្លងកាត់ប្រកួតជម្រុះជុំទី១ កាលពីព្រឹកមិញមានបេក្ខជន ៦៤នាក់ហើយ បានឡើងទៅវគ្គបន្ដ ដែលក្នុងនោះក៏មានអតីតកីឡាករជើងខ្លាំង៣រូបផងដែរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ការប្រកួត គឺអនុវត្តន៍តាមច្បាប់កីឡាអុកចត្រង្គត្រឹមត្រូវ និងប្រើប្រាស់រូបមន្ដប្រកួតចាញ់ធ្លាក់ ដូច្នេះកីឡាករចាញ់រាល់ការប្រកួត នឹងត្រូវជម្រុះចេញរហូតរកឃើញជើងខ្លាំង៨នាក់ចុងក្រោយ សម្រាប់ប្រកួតជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនាពេលខាងមុខ ។
ជាលទ្ធផលការប្រកួតមួយព្រឹកពេញ គណៈកម្មការបានរកឃើញបេក្ខជន ៦៤នាក់ ដែលឆ្លងផុតវគ្គជម្រុះទី១ និងត្រូវបន្ដប្រកួតជុំទី២ នាល្ងាចនេះ ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ គឺអតីតកីឡាករជើងខ្លាំង ៣រូប បានជាប់ជាបេក្ខជនក្នុងចំណោម៦៤នាក់ ដែលត្រូវឡើងវគ្គបន្ដ ក្នុងនោះមានកីឡាករ ឈាវ បូរ៉ា អតីតស្ដេចអុក២ឆ្នាំជាប់គ្នា នៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៥ បានយកឈ្នះកីឡាករ ហ៊ឹម វាសនា, កីឡាករ ឆយ វីរ៉ា អតីតសេ្ដចអុក ឆ្នាំ២០១០ បានយកឈ្នះកីឡាករ សំរិទ្ធ សៀ និងកីឡាករ គ្រួច ចន្ថារិទ្ធ អតីតស្ដេចអុករង ឆ្នាំ២០១៤ យកឈ្នះកីឡាករ សេង សោត ។
ប៉ុន្ដែនេះគ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ ខណៈការប្រកួតជម្រុះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៨ ខែមេសា ឆ្នាំ២០១៦ នេះ ដើម្បីជម្រុះបេក្ខជន ១២០នាក់ចោល ទុកតែ៨រូបប៉ុណ្ណោះ ដើម្បីឡើងប្រកួតជុំផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលរៀបចំនៅតំបន់អង្គរ ខេត្តសៀមរាប ៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី