CamNews

ព័ត៌មានជាតិ 

អ្នកដំណើរនាំគ្នា រិះគន់ ក្រុមហ៊ុន ដឹកអ្នកដំណើរ រិទ្ធិមុនីថា យកថ្លៃខ្ពស់ កប់ពពក និងមិនសូវ មាន ក្រមសីល

ភ្នំពេញៈ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ពីភ្នំពេញទៅលេងស្រុក កំណើត ក្នុងឱកាស បុណ្យចូលឆ្នាំថ្មី បានរិះគន់ ក្រុមហ៊ុន រិទ្ធិមុនីដឹកអ្នកដំណើរថា បានដំឡើងថ្លៃសេវាកម្ម របស់ខ្លួន ខ្ពស់កប់ពពក ហើយថាបុគ្គលិក ក្រុមហ៊ុននេះ ហាក់ដូចគ្មាន ក្រមសីលធម៌ ក្នុងការ ប្រកបរបរវិជ្ជាជីវ: ទាល់តែសោះ  ។

ក្រុមអ្នកដំណើរទាំងនោះ ដែលអ្នកខ្លះជាកម្មកររោងចក្រផង បានរិះគន់ថា ក្រុមហ៊ុនរិទ្ធិមុនី បានដំឡើងថ្លៃឈ្នួល របស់ខ្លួនសឹងតែមួយទ្វេរជាពីរ នៅអំឡុងពេល ដែលពួកគេធ្វើដំណើរ ទៅស្រុកំណើត មុនថ្ងៃចូលឆ្នាំខ្មែរ ដោយមិនខ្វល់ពី ក្រមសីលធម៌ អាជីវកម្មឡើយ ។

ពួកគេបាននិយាយថា សម្រាប់ការធ្វើដំណើរ ពីភ្នំពេញទៅបាត់ដំបង ដែលថ្ងៃធម្មតា មានតម្លៃ ២៥០០០រៀល បានដំឡើងរហូតដល់ ៤៥០០០រៀល ។ ចំណែកឯ ការធ្វើដំណើរទៅខេត្តប៉ៃលិន ដែលពីមុន យកតែ ៣៥០០០រៀល នៅពេលចូលឆ្នាំខ្មែរ ក្រុមហ៊ុននេះ បានដំឡើង រហូតដល់ ៥៨០០០រៀល ហើយបានដំឡើង កាន់តែខ្ពស់ថែមទៀត ទៅកាន់ខេត្តផ្សេងៗ ។

យុវតីម្នាក់ ដែលបានធ្វើដំណើរ តាមរថយន្តលេខ០៤៧ របស់ក្រុមហ៊ុនរិទ្ធិមុនីពីភ្នំពេញ ទៅខេត្តប៉ៃលិន បានរអ៊ូរទាំថា គ្នាគេ២នាក់ មានការខឹងសម្បារយ៉ាងខ្លាំង ដោយសារ តែទិញសំបុត្ររថយន្តថ្លៃហើយ តែបែរជាខកចិត្តនឹងសេវាកម្ម របស់ក្រុមហ៊ុននេះ ទៅវិញ ។ យុវតីដែល សុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា  ខ្លួនបានទិញសំបុត្ររថយន្ត ចំនួន២ ពីក្រុមហ៊ុនរិទ្ធិមុនីនៅយប់ថ្ងៃ១២ ខែមេសា ឆ្នាំ២០១៣ ដែលមានតម្លៃ ១១៦.០០០រៀល (ពីរសំបុត្រ) ហើយត្រូវចេញដំណើរ នៅព្រឹកថ្ងៃទី១៣ មេសា នៅវេលាម៉ោង ៧និង១៥នាទីព្រឹក ។ លុះព្រឹកស្អែកឡើង វេលាម៉ោង៦និង២០នាទី ពួកគេបានទៅដល់ ចំណតក្រុមហ៊ុននេះ នៅទីតាំង ដែលពួកគេទិញសំបុត្រ ក្បែរមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ រួចហើយខាងក្រុមហ៊ុន ក៏បានយកឥវ៉ាន់ ដាក់លើរថយន្តដែលត្រូវចេញដំណើរនោះ ដោយយុវតីនេះ បានឡើងជិះរថយន្ត ដើម្បីចាំឥវ៉ាន់ ចំណែកគ្នាគេម្នាក់ទៀត បានទៅវិញសម្ភារៈផ្ទាល់ខ្លួន នៅម្តុំវិទ្យាស្ថានវ៉ាន់ដារ ប៉ុន្តែដល់ម៉ោង ៦និង ៤៥នាទី ស្រាប់តែ ក្រុមហ៊ុនរិទ្ធិមុនីបានបញ្ជាឱ្យរថយន្តចេញទៅភ្លាមៗ ទៅបាត់ ទោះបីជាមាន អ្នកដំណើរ ប្រាប់ថាមិនទាន់ដល់ម៉ោងចេញ និងមានមនុស្ស ដែលត្រូវឡើងរថយន្តនេះ មកមិនទាន់អស់ក៏ដោយ ហើយអ្នកបើកបររថយន្តនេះ បែរជានិយាយថា មកពីក្រុមហ៊ុនបញ្ជាឱ្យចេញដំណើរ ព្រោះខ្លាចស្ទះរថយន្ត ហើយថា គេមិនដឹងអ្វីទាំងអស់ ។

ចំណែកយុវតីរងគ្រោះ ដែលដំបូងឡើយ ស្មានថា រថយន្តនេះស៊ីរេ ដើម្បីចតនៅកន្លែង ដែលមានរបៀបរៀបរយនោះ ទោះជាខំអង្វ ឱ្យអ្នកបើកចាំ ៤ទៅ៥នាទី ខណៈមិត្តរបស់គេ កំពុងជិះម៉ូតូឌុប មកដល់ផ្សារដើមគរហើយនោះ ក៏អ្នកបើកបររថយន្ត មិនស្តាប់ដែរ ហើយអ្នកបើកបររថយន្តនេះ ឱ្យទៅស្កាត់ចាំឡើង រថយន្តនៅមុខអគារកាណាឌីយ៉ា ។ យុវតីបានទូរស័ព្ទទៅកាន់ក្រុមហ៊ុន នៅលេខចំនួន២ខ្សែ ដើម្បីសុំអន្តរាគម ប៉ុន្តែខ្សែទី១ ជានារីម្នាក់ដែលបានលើកទូរស័ព្ទនេះ គេបាននិយាយថា គេមិនមែនជាអ្នកកាន់ការណ៍ នៅបេនក្រុមហ៊ុននេះ នៅផ្សារដើមគរនោះទេ គេជាអ្នកកាន់បេនរិទ្ធិមុនីជ្រោយចង្វា គេបានបង្វែឱ្យជនរងគ្រោះធ្វើទូរស័ព្ទ ទៅលេខមួយខ្សែទៀត ប៉ុន្តែលេខមួយខ្សែនោះ មិនមានអ្នកលើកទាល់តែសោះ ទើបជនរងគ្រោះ សម្រចថា ជិះម៉ូតូឌុបឱ្យលឿន ដើម្បីទៅឱ្យទាន់រថយន្តខាងលើ ទើបបានឡើងរថយន្តនេះ នៅម៉ោង៧ និង០០នាទីប៉ុណ្ណោះ មិនទាន់ទាំងដល់ម៉ោងរថយន្តខាងលើ ត្រូវចេញដំណើរផង ។

ចំណែកបុរសចំណាស់ម្នាក់ ដែលធ្វើដំណើរតាមរថយន្តរិទ្ធិមុនីពីភ្នំពេញ មកខេត្តបាត់ដំបង ក៏បានរិះគន់ ដល់អ្នកបើកបររថយន្តរិទ្ធមុនីមួយទៀតថា បានឈប់ញឹកញាប់ ដើម្បីទទួលយកអ្នកដំណើរផ្សេងៗទៀត (កៅអីកណ្តាល) យ៉ាងច្រើនស្អេកស្កះ ដែលធ្វើឱ្យពួកគេ មានការធុញទ្រាំយ៉ាងខ្លាំង និងធ្វើឱ្យយឺតយ៉ាវផងដែរ ។

ទោះជាយ៉ាងនេះក្តី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំអាចទាក់ទងទៅក្រុមហ៊ុន រឺទ្ធមុនី ដើម្បីសុំការបកស្រាយបាននៅឡើយទេ នៅល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤។
ទោះជាយ៉ាងណា ការដំឡើងថ្លៃផ្សេងៗ របស់វិស័យឯកជន មិនត្រូវបានអជ្ញាធរ ឬសមត្ថកិច្ច ចេញបំរាមទប់ស្កាត់ឡើយ ដោយហេតុថា កម្ពុជា បានអនុវត្តទីផ្សារស៊េរី ។ អភិបាលរាជធានីភ្នំពេញ លោកកែប ជុតិមា ធ្លាប់បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោក ក៏ដូចជា អាជ្ញាធរ មិនមានលទ្ធភាព ក្នុងការទប់ស្កាត់ ការដំឡើងថ្លៃឈ្នួល រថយន្តឈ្នួលនោះទេ ។ ប៉ុន្តែលោកក៏បានអំពាវនាវ ឱ្យក្រុមហ៊ុនដឹកអ្នកដំណើរទាំងនោះ កុំឱ្យដំឡើងថ្លៃខ្ពស់ពេក ។

យ៉ាងណាក៏ដោយ មានការកំណត់ តម្លៃឈ្នួលក្រុមហ៊ុនដឹកអ្នកដំណើរ មិនដូចគ្នានោះទេ ជាក់ស្តែងពីភ្នំពេញ ទៅបាត់ដំបងក្រុមហ៊ុនរិទ្ធិមុនីកំណត់តម្លៃ ៤៥០០០រៀល ហើយក្រុមហ៊ុន មួយចំនួនទៀត បានយកតម្លៃទាបជាងនេះបន្តិច ដូចជាក្រុមហ៊ុន កាពីតូលជាដើម បានយកតម្លៃតែ៣៥០០០រៀលប៉ុណ្ណោះ ។

ការដំឡើងថ្លៃឈ្នួលរថយន្ត គឺអាស្រ័យទៅលើ ការកើនឡើង នៃអតិថិជន និងសេវាកម្ម ពិសេសផ្សេងៗ របស់គេ រួមទាំងការខាតបង់មួយចំនួនទៀត ដូចជាឆ្នាំទៅ មុនចូលឆ្នាំខ្មែរ ឬភ្ជុំបិណ្ឌ ភាគច្រើននៃអ្នកដំណើរ គឺចេញតែពីក្រុងភ្នំពេញ ទៅខេត្តនានាប៉ុណ្ណោះ ប៉ុន្តែមិនសូវមានអ្នកដំណើរត្រឡប់មកវិញភ្លាមៗនោះទេ ដែលបង្ខំឱ្យក្រុមហ៊ុនបម្រើសេវារថយន្តក្រុងខាតបង់សាំង បើករថយន្តត្រឡប់មកវិញ ដោយមានអ្នកដំណើរត្រឡប់មកវិញតិចតួច ឬគ្មានតែម្តង ដូច្នេះទើបពួកគេ នាំគ្នាដំឡើងថ្លៃ ៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Local news Star news Ent news