កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រុមហ៊ុនមេគង្គណិត បានឧបត្ថម្ភសេវាអ៊ីនធឺណិតដោយឥតគិតថ្លៃជូនដល់អង្គការ Passerelles numériques Cambodia (PNC) ដោយមានការចូលរួមជាកិត្ដិយសពីលោកស្រី សុខ ចិន្ដា អគ្គនាយិកានៃក្រុមហ៊ុនមេគង្គណិត និងលោក John Munger ប្រធានអង្គការ PNC ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សា និងសិស្សានុសិស្សរបស់អង្គការ PNC ប្រមាណជាង ១០០ នាក់។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ភាពងាយស្រួល ដល់បុគ្គលិក និងសិស្សានុសិស្សទាំងអស់នៅក្នុងអង្គការនេះ ដើម្បីបំពេញការងារ និងការស្រាវជា្រវឱ្យកាន់តែល្អប្រសើរ តាមរយៈការប្រើប្រាស់សេវាអ៊ីនធឺណិតគុណភាពខ្ពស់របស់ក្រុមហ៊ុនមេគង្គណិត ។ ហើយម្យ៉ាងទៀត គឺដើម្បីចូលរួមជាផ្នែកមួយ ដល់សង្គម ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ថ្លែងនៅក្នុងឱកាសនោះ អ្នកស្រី សុខ ចិន្ដា អគ្គនាយិកានៃក្រុមហ៊ុនមេគង្គណិត បានមានប្រសាសន៍ថា លោកស្រីសូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះលោក John Munger ប្រធានអង្គការ PNC ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបុគ្គលិកទាំងអស់ ដែលតែងតែយកចិត្ដទុកដាក់ខ្ពស់ក្នុងកិច្ចកសាងធនធានមនុស្ស តាមរយៈការបង្កើតថ្នាលបណ្ដុះបណ្ដាល ដើម្បីឱ្យសិស្សានុសិស្សក្រីក្រតាមជនបទ និងសិស្សានុសិស្សមកពីបណ្ដាខេត្ដដាច់ស្រយាលទាំងអស់ បានក្រេបជញ្ជក់ចំណេះដឹង ដើម្បីជាទុនបម្រុងសម្រាប់ជីវិតទៅថ្ងៃអនាគត។ កិច្ចខិតខំប្រឹងប្រែងនេះ គឺជាកិច្ចការសង្គមដ៏មានតម្លៃ និងមានអត្ថន័យ សម្រាប់ប្រជាជនខ្មែរ និងជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យអប់រំ ក៏ដូចជាកិច្ចកសាងធនធានមនុស្សនៅកម្ពុជា។
លោកស្រី មានប្រសាសន៍បន្ថែមថា ចំណេះដឹងគឺជាទុនដ៏មានតម្លៃមិនអាចខ្វះបាន ក្នុងការកសាងធនធានមនុស្សដើម្បីជាកម្លាំងចលករ ក្នុងកិច្ចអភិវឌ្ឍន៍សង្គមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូលឱ្យមានការរីកចម្រើន នៅក្នុងវិថីមួយដ៏ល្អប្រសើរ។ វិស័យអប់រំ គឺជាកត្ដាចំបងមិនអាចខ្វះបាន ក្នុងការកសាងសមត្ថភាពមនុស្សជាតិឱ្យរស់នៅប្រកបដោយភាពថ្លៃថ្នូរ ការគោរពគ្នា ការជួយគ្នាទៅវិញទៅមក ការគោរពសិទ្ធិមនុស្ស និងការកសាងសង្គមលោកឱ្យមានសន្ដិភាព។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនមេគង្គណេត បានឧបត្ថម្ភការប្រើប្រាស់សេវាអ៊ីនធឺណិតគ្មានដែនកំណត់ ដល់អង្គការសប្បុរសធម៌ PNC រយៈពេល ២ ឆ្នាំកន្លងមកហើយ ដែលមានល្បឿនដោនឡូត រហូតដល់ទៅ ៥ ម៉េហ្កាបៃត៍ ក្នុងមួយវិនាទី ដើម្បីអនុញ្ញាតឱ្យបុគ្គលិក និងសិស្សានុសិស្សទាំងអស់ អាចប្រើអ៊ីនធឺណិតល្បឿនលឿន សម្រាប់កិច្ចការសំខាន់ៗ និងការសិក្សា។
អំពីក្រុមហ៊ុន Mekongnet ISP
សូមជម្រាបជូនផងដែរថា MekongNet គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ឈានមុខ គេ នៅក្នុងប្រទេសកម្ពុជា ដែលបានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) គុណភាពខ្ពស់ និងមានផ្ដល់សេវាពេញលេញ ចាប់តាំងពីឆ្នាំ ២០០៦ រហូតមក ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ បានទទួលអាជ្ញាប័ណ្ណ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត (ISP) ក្រុមហ៊ុនផ្គត់ផ្គង់ការដោះដូរសេវាអ៊ីនធឺណិត (IXP) និងជាមជ្ឈមណ្ឌលដោះដូរទិន្នន័យអ៊ីនធឺណិត (IDX) ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជាផងដែរ៕
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖