(ភ្នំពេញ)៖ បុរសស្បែកខ្មៅជនជាតិកុងហ្គោ២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗ៨ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់៤លានរៀល ក្រោមបទចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង» តាមមាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៥-២០១៦ កន្លងទៅ។
ការសម្រេចផ្តន្ទាទោសនេះ តុលាការបានបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ក្នុងករណីជនជាប់ចោទមិនសុខចិត្តនឹងសេចក្ដីសម្រេចរបស់តុលាការ។
មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទទី១-ឈ្មោះ EMMANUEL NGOMA NGOMA COCO អាយុ៤៦ឆ្នាំ និងទី២-ឈ្មោះ JUNIRO BIN MUNGOMBA អាយុ៣៦ឆ្នាំ ពួកគេទាំង២នាក់ រស់នៅខណ្ឌទួលគោក។
ក្នុងសវនាការកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកលិខិតឆ្លងដែនក្លែងក្លាយ ជាច្រើនក្បាលដើម្បីបើកគណនីនៅធនាគារជាច្រើន ដូចជា៖ ធនាគារស្ថាបនា ធនាគារចិន ធនាគារABA ធនាគារអេស៊ី ។ល។ កុងធនាគារដែលពួកគេបើកសម្រាប់ទទួលប្រាក់ពីឈ្មោះ ម៉ាទីន និងឈ្មោះ បាលី ផ្ញើមកពីបរទេស ហើយពួកគេបានយកទៅឲ្យអ្នកកដទៃ តាមបញ្ជារបស់ឈ្មោះ ម៉ាទីន និងឈ្មោះ បាលីប៉ុណ្ណោះ ហើយក្នុងការដាក់ និងដកម្ដងៗពួកគេបានទទួលបានកម្រៃ៥ភាគរយប៉ុណ្ណោះ។
ជនជាប់ចោទបានសារភាពទៀតថា ចំពោះលិខិតឆ្លងដែនដែលពួកគេប្រើយកទៅបើកគណនីនោះក៏ឈ្មោះ ម៉ាទីន និងបាលី ផ្ញើមកពីប្រទេសថៃផងដែរ។
លោកឧត្ដមសេនីយ៍ទោ ធូ សារឿន អនុប្រធាននាយកដ្ឋានប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន បានបញ្ជាក់ថា អង្គហេតុដែលនាំឲ្យឃាត់ខ្លួនពួកគេទាំង២នាក់នេះ ដោយសារតែលោកបានទទួលពាក្យបណ្តឹងរបស់ធានាគាស្ថាបនា ទើបកម្លាំងរបស់នាយកដ្ឋានបានធ្វើការស្រាវជ្រោវ ហើយឈានទៅដល់ការឃាត់ខ្លួនម្នាក់ នៅធានាគារ និងម្នាក់ទៀតឃាត់នៅតាមផ្លូវ។
លោកបានបញ្ជាក់បន្ថែមថា ការក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដើម្បីបើកគណនីយឲ្យគេផ្ញើលុយចូលជាចេតនាលាងលុយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង