ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ បានចូលរួមទស្សនាសកម្មភាព ហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាធំ រថពាសដែក BMP1 សហការជាមួយថ្មើរជើង វាយលុកគំាទ្រដោយកំាភ្លើងត្បាល់ ។
មេបញ្ជាការកងពលតូចលេខ៧០ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានថ្លែងឲ្យដឹងថា ការហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិត នៅតំបន់ភ្នំម្រះព្រៅ ឃុំក្រំាងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើឡើងជាលើកទី២ហើយ។
ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានថ្លែងបន្តទៀតថា នៅក្នុងលំហាត់បាញ់គ្រាប់ពិតនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានផ្តល់កិត្តិយស ចូលរួមទស្សនាសកម្មភាពហ្វឹកហ្វឺន រួមទាំងបានធ្វើការសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងទស្សនាផងដែរ។
ជាមួយគ្នានេះដែរ មេបញ្ជាការកងពលតូចលេខ៧០ ក៏បានថ្លែងបញ្ជាក់ទៀតថា ក្រោយពីបានបញ្ចប់វគ្គ ហ្វឹកហ្វឺនលើកទី១ កងពលបានកសាងបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថ្មីជាច្រើន ក្រោមការជួយឧបត្ថម្ភទំនុកបំរុង ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនិងសប្បុរសជននានាផងដែរ។
កន្លងមកកងពលតូចលេខ៧០ បានរៀបចំបើកវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិត ថ្នាក់កងអនុសេនាតូច រថក្រោះ T55 សហការជាមួយថ្មើរជើង វាយលុកគំាទ្រដោយ កំាភ្លើងត្បាល់លើកទី១ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២ ដោយសហការហ្វឹកហ្វឺន រវាងកងពល និងបណ្តាយោធភូមិភាគទំាង៦ ដែលមានរយៈពេល ៣សប្តាហ៍ ហើយបានបញ្ចប់វគ្គហ្វឹកហ្វឺន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ ដោយទទួលបានជោគជ័យ ដ៏ត្រចះត្រចង់បំផុត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
សូមបញ្ជាក់ផងដែរថា ក្រោយពីបញ្ចប់ការសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងទស្សនាសកម្មភាពបាញ់គ្រាប់ពិត បន្ទាប់មក នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានបន្តទៅសួរសុខទុក្ខ និងឧបត្ថម្ភថវិការមួយចំនួនដល់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលសុខភាព មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរានី ហ៊ុនសែន ក្រំាងអំពិល ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល