កំពត៖ ក្រោយពីលិចឮ នូវព័ត៌មានថា មន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត ធ្វើការដោះដូរ មន្ទីរ ហើយមកសង់មន្ទីររឹងថ្មី នាពេលឆាប់ៗខាងមុខនេះ នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា ដែលមានទីតាំងស្ថិតក្នុង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត គឺធ្វើឲ្យមានប្រតិកម្ម ដល់ស្ថាប័នឣង្គការ ជាពិសេស ក្មេងៗកុមារកំព្រាទាំងឣស់ ដែលរស់នៅក្នុងមជ្ឈមណ្ឌល "ឣង្គការទ្រទ្រង់សម្ព័ន្ធភាព ក្តីសង្ឃឹមកម្ពុជា" ហៅកាត់ថា (ទ-ស-ស-ក) ឬ (W -H -A -C) មួយនេះ និងប៉ះពាល់ទៅដល់ សតិឣារម្មណ៍ស្ថាបនិក បុគ្គលិកឣង្គការ និងកុមារកំព្រា ទាំងឣស់ ដែលកំពុងស្នាក់ឣាស្រ័យ និងរៀនសូត្រយ៉ាងសុខសាន្ត របស់ពួកគេ សម្រាប់ឣនាគត ដ៏រុងរឿង ដែលពួក គេកន្លងមកធ្លាប់បាន ជួបនូវវិបត្តិគ្រួសារយ៉ាងធ្ងន់ធ្ងរ ធ្លាក់ទៅក្នុងស្ថានភាព ឈានទៅកំព្រីកំព្រា ឯកោ ឣនាថា ដោយសារការព្រាត់ប្រាស់ ឪពុក ម្តាយ បង ប្ឣូនជាទីស្រឡាញ់របស់ពួកគេ បានបាត់បង់ជីវិត និងមានសាច់ញាត្តិ សែនទីទាល់ក្រ តោកយ៉ាកលំបាកវេទនា ដែលកុមារដ៏ទៃមិនធ្លាប់ទទួល ជួបប្រទះយ៉ាងដូច្នេះទេ។ ដូចនេះហើយ កុមារកំព្រាទាំងឣស់ សូមឣំពាវនាវដល់ឣាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងឣស់ ជាពិសេសប្រមុខ រាជរដ្ឋាភិបាល ជួយ ផ្តល់ឲ្យពួកខ្លួនបានស្នាក់ឣាស្រ័យ ក្នុងមជ្ឈមណ្ឌលខាងលើនេះ ដើម្បីបន្តការងារ និងរៀនសូត្រសម្រាប់ ឣនាគត តទៅទៀតផង។
លោក ឌិន រ៉េត ជំនួយការប្រចាំមណ្ឌល និងទទួលខុសត្រូវចំពោះ កុមារ-ស្នាក់រៀន-ឣប់រំ-សេវាផ្សេងៗ បាននិយាយ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលឲ្យដឹងថា៖ លោកបានទទួលដំណឹងចេញពី ក្រសួងសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនីតិសម្បទាមកថា ក្រសួងនិងចាត់តាំងក្រុមឣធិការកិច្ច មួយក្រុមដឹកនាំដោយ រដ្ឋលេខាធិការរបស់ក្រសួង ម្នាក់ នឹងចុះមកមជ្ឈមណ្ឌលកុមារកំព្រា របស់លោក នៅថ្ងៃទី៤, ទី៥,និងទី៦ ខែសីហា ឆ្នាំ២០១៤ឆាប់ៗខាងមុខនេះ ដើម្បីធ្វើឣធិការកិច្ចទៅលើ រឿងពាក់ព័ន្ធជុំវិញដីរបស់មណ្ឌល កុមារកំព្រាខាងលើ ទៅនឹងការសាងសង់មន្ទីរ សង្គមកិច្ច រឹងថ្មីមួយនេះ។
លោកឌិន រ៉េត បន្តទៀតថារូបលោកក៏បានលិចឮព័ត៌មានថា មន្ទីរសង្គមកិច្ច និងយក មណ្ឌលកុមារកំព្រា របស់ លោក ដាក់កសាងមន្ទីរសង្គមកិច្ចថ្មីវិញ។ រីឯកុមាកំព្រាដែល កំពុងស្នាក់នៅ ឣប់រំ រៀន សូត្រ នាពេលបច្ចុប្បន្ននេះ ត្រូវផ្លាស់ឲ្យទៅរស់នៅឯ មជ្ឈមណ្ឌលកុមាកំព្រា ខេត្តកែបវិញ ហើយបញ្ហានេះរូបលោក និងឣង្គការ កំពុងតែមាន ការព្រួយបារម្ភជាខ្លាំង ពាក់ព័ន្ធនឹងកុមាកំព្រា ទាំងឣស់នោះ។
លោកឲ្យដឹងទៀតថា មជ្ឈមណ្ឌលកុមារកំព្រានេះ បានចុះកិច្ចព្រមព្រាង (MOU) របស់ក្រសួងសង្គមកិច្ច នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០០៥ ហើយមជ្ឈមណ្ឌលចាប់ទទួល ដាក់ក្មេងកំព្រា ចាប់តាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានទទួល ក្មេងកំព្រាសរុប ៤២នាក់ ប៉ុន្តែកុមាកំព្រា ខ្លះដល់គ្រប់ឣាយុ មានសាច់ញាត្តិ បងប្ឣូន មកធានាទទួលយកនាំទៅផ្ទះវិញ ដើម្បីរកការងារឲ្យធ្វើ និងមានឣ្នកខ្លះចេញទៅ ធ្វើការងារ នៅឯក្រៅប្រទេស បច្ចុប្បន្ននេះកុមាកំព្រាគ្មានទីពឹងគ្រប់រូបភាព ដែលមកស្នាក់ក្នុងមណ្ឌល មានចំនួន នៅសល់សរុបតែ ២៣នាក់ប៉ុណ្ណោះ ក្នុងនោះស្រី ៧នាក់ មានឣាយុចាប់ពី ៤ដល់ ២២ឆ្នាំ។
លោកបញ្ជាក់ទៀតថា ផ្ទៃដីសរុបរបស់មជ្ឈមណ្ឌល កុមាកំព្រាខាងលើមានក្បាល ៨០គុណ៨០ម៉ែត្រ គឺជា សារពើភ័ណ របស់មន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត។
បើតាមទស្សនៈ ផ្សេងៗ ក៏បានឲ្យដឹងដែរថា មន្ទីរសង្គមកិច្ច មិនគួរយកមជ្ឈមណ្ឌល កុមារកំព្រាមួយនេះ ដាក់កសាង ជាមន្ទីរសង្គមកិច្ច រឹងថ្មីនោះទេ ហើយពួកគេបែរជា ដាក់ការសង្ស័យថា មន្ទីរសង្គមកិច្ចចាស់ ដោះដូរទៅណា។
ទាក់ទិនទៅនឹងករណីខាងលើ លោកស្រី ព្រំ សុភាព ប្រធានមន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត កំពត បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមឣម្ពិលតាមរយៈទូរស័ព្ទ នៅវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី ២៣ ខែកក្តដា ឆ្នាំ២០១៤នេះថា៖ រឿងកសាងមន្ទីរថ្មី នៅក្នុងទីតាំងមជ្ឈមណ្ឌល កុមាកំព្រាខាងលើ ប្រាកដជាមាន មែន ប៉ុន្តែមិនមែនទាំងឣស់នោះទេ គឺកសាងតែដីពាក់ កណ្តាលប៉ុណ្ណោះ ចំណែកពាក់កណ្តាលទៀតទុកសម្រាប់ឲ្យ មជ្ឈមណ្ឌល កុមាកំព្រាខាងលើជាដដែលទេ ពីព្រោះទីធ្លារបស់មជ្ឈមណ្ឌល មួយនេះវាមាន ទំហ៊ុំទូលាយ ណាស់ គឺក្បាលដី៨០គុណ នឹងជិត៩០ម៉ែត្រឯណោះ។ ម៉្យាងវិញទៀតក្រសួងសង្គមកិច្ច នឹងផ្តល់ឲ្យឣាគារថ្មីចំនួន ១ខ្នង ដូច្នេះក្រសួងឲ្យមន្ទីរសង្គមកិច្ច កសាងឣាគារថ្មី និងបង្កើតមន្ទីរសង្គមកិច្ច ឣតីតយុទ្ធជន និងយុវនីតិសម្បទាថ្មី ឋិត នៅក្នុងមួយផ្នែក នៃមជ្ឈមណ្ឌលកុមារកំព្រាខាងលើ។ លោកស្រីប្រធានមន្ទីរបន្តទៀតថា ដោយឡែកកន្លែងមន្ទីរ សង្គមកិច្ច កំពុងតែធ្វើការនេះ ឣត់មានការដោះដូរឣីទេ ប៉ុន្តែមន្ទីរត្រូវធ្វើការកសាង និងជួសជុលឡើតវិញ ព្រោះវា មានសភាពទ្រុឌទ្រោម ឣង្គុយធ្វើការគួរឲ្យខ្លាច។ ម៉្យាងទៀតក្នុងមួយមន្ទីរសង្គមកិច្ច ត្រូវបំបែកចេញកន្លែង ធ្វើការ ជាពីរផ្នែក៖កន្លែងទី១: សម្រាប់ឣតីតយុទ្ធជន ហៅកាត់ថា (ប-ជ-ឣ) និងកន្លែងទី២:សម្រាប់បេឡាជាតិ មន្ត្រីរាជការ ស៊ីវិល ហៅកាត់ថា (ប-ជ-ក)។ លោកស្រីបញ្ជាក់ជាចុងក្រោយថា តាមគំរោង រាល់មណ្ឌលកុមារកំព្រាតូចៗ ទាំង ឣស់ ទៅថ្ងៃខាងមុខត្រូវនឹងបានផ្លាស់ប្តូរ ទៅស្នាក់នៅជុំគ្នាកន្លែងមជ្ឈមណ្ឌល កុមារកំព្រាថ្មីមួយ ដែលនឹងកាសាង សង់ ទីតាំងថ្មីមួយនេះស្ថិតនៅក្បែវត្តរលួស ក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្នុងដីសង្គមកិច្ច មានទំហ៊ុំសរុប ៣ហិកតា ចាប់ផ្តើមសាងសង់ ពីចុងឆ្នាំ២០១៤នេះ នឹងហើយរួចរាល់នៅឆ្នាំ២០១៧៕