CamNews

តារា 

យ៉ែម សំអូន,យ៉ាន លីនដា និង អេឡិច ចាន់ត្រា ហាក់ប្រកាស​សង្គ្រាមជាមួយគ្នា ដោយចំហ​ពេលចូលរួម​មង្គលការកូន..

(ភ្នំពេញ)៖ ក្នុងព្រឹត្តិការណ៍មង្គលការ កូនប្រុសម្ចាស់ហាងកាត់ដេរ ឈានមុនគេនៅប្រទេសកម្ពុជា «ប៉ារ៉ាឌី» កាលពីពេលថ្មីៗនេះ គេសង្កេតឃើញ សិល្បករ-សិល្បការិនីជាច្រើនដួង ដែលធ្លាប់ថតបង្ហាញម៉ូដសម្លៀកបំពាក់ ឲ្យហាងដ៏ល្បីមួយនេះ ត្រូវបានម្ចាស់ហាងឲ្យខ្ចីរ៉ូបស្លៀកម្នាក់ៗមួយ ដើម្បីចូលរួមកម្មវិធីដ៏ធំមួយនេះ យ៉ាយព្រោងព្រាត។ ក្នុងនោះភ្ញៀវកិត្តិយស បានសង្កេតឃើញអ្នកសិល្បៈល្បី ចំនួន៣ដួង ដែលធ្លាប់តែស្និទ្ធស្នាល ល្អូកល្អឺនដាក់គ្នា កាលពីគ្រាកន្លង បែរជាមើលមុខគ្នាមិនចំ គួរឲ្យសោកស្ដាយជាខ្លាំង។

តារាល្បីៗទាំង៣ដួងខាងលើ ដែលធ្វើឲ្យគេចាប់អារម្មណ៍បំផុត ក្នុងព្រឹត្តិការណ៍មង្គលនេះ រួមមានតារាចម្រៀង លោក យ៉ែម សំអូន និង អតីតភរិយា គឺអ្នកនាង យ៉ាន លីនដា ស្រាប់តែបង្ហាញវត្តមាន ក្នុងកម្មវិធីតែមួយ ខណៈអ្នកទាំងពីរ ធ្វើដូចជាមនុស្សមិនធ្លាប់ស្គាល់គ្នា ពីមុនមក ជាហេតុធ្វើឲ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ខ្លាំងជាងគេ ។ តែក្រៅពីនេះ គេសង្កេរតឃើញថា លោក អេឡិច ចាន់ត្រា ក៏មិនខុសពី យ៉ាន លីនដាដែរ ពោលលោកបានធ្វើព្រងើយកន្តើយ នឹងវត្តមានលោក យ៉ែម សំអូន ដូចគ្នា ខណៈដែល យ៉ែម សំអូន ជាអ្នកចាត់ចែងតន្ត្រី ក្នុងកម្មវិធីនោះទាំងមូល។

ប្រភពពីអ្នកសិល្បៈ បានលួចខ្សឹបប្រាប់ Khmertalking ថា វាជារឿងលំបាកមួយ សម្រាប់អ្នកនៅកណ្ដាល មិនបានពាក់ព័ន្ធក្នុងរឿងនេះ ព្រោះគេឈ្លោះគ្នាតែរឿងគេ តែវាពិតជាពិបាក ព្រោះពេលដែលដើរទៅរាក់ទាក់ យ៉ែម សំអូន ត្រូវមើលទឹកមុខ យ៉ាន លីនដា។ មិនតែប៉ុណ្ណោះ ត្រូវមាន អេឡិច ចាន់ត្រា មួយទៀត ពិតជាឈឺក្បាល នៅពេលពួកគេជួបគ្នា ក្នុងកម្មវិធីតែមួយម្ដងៗ។ ពួកគេទាំង៣ ពិតជាពិបាកបដិសេធថា មិនចូលរួមនោះឡើយ ព្រោះម្នាក់ៗសុទ្ធតែរាប់អានគ្នា យ៉ាងស្និទ្ធស្នាល ជាមួយម្ចាស់ហាង «ប៉ារ៉ាឌី» ជាពិសេសសុទ្ធតែម្ចាស់ហាង ធ្លាប់ទំលាក់ការងារឲ្យធ្វើទៀត ទើបត្រូវតែជួបគ្នា ជៀសមិនរួច ។

ក្នុងពិធីនោះគេសង្កេតឃើញទៀតថា លោក អេឡិច ចាន់ត្រា មិនសូវបានស្និទ្ធស្នាល ជាមួយតារាសម្ដែងស្រីផ្សេងៗ ប៉ុន្មានទេ ព្រោះតារាសម្ដែងស្រីមួយចំនួន បានមកចូលជាមួយ ក្រុមលោក យ៉ែម សំអូន ហើយមិនសូវចូលចិត្ត អេឡិច ព្រោះលោក អេឡិច ដណ្ដើមការងារពី យ៉ែម សំអូន។ ថ្វីត្បិតតែរឿងរ៉ាវមើលមុខគ្នាមិនត្រង់របស់ តារាល្បីៗទាំង៣ដួងនេះ ក្លាយជារឿងគួរឲ្យសោកស្ដាយមួយ សម្រាប់អ្នកដែលធ្លាប់រាប់អានពួកគេទាំងអស់ ប៉ុន្តែវាបានឆ្លងផុតរួចរាល់ទៅហើយ ព្រោះកម្មវិធីទាំងមូល ប្រព្រឹត្តទៅយ៉ាងរលូន គ្រាន់តែកាយវិការបស់ពួកគេលើកនេះ ហាក់បង្ហាញថា ប្រកាសសង្គ្រាមជាមួយគ្នា បែបបើកចំហរតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង