CamNews

ព័ត៌មានជាតិ 

ផ្ទុះអំពើហិង្សា វាយបែក កញ្ចក់រថយន្ត ដោយសាររឿង រៀបខឿន មុខផ្ទះ

ភ្នំពេញ ៖ ជម្លោះរវាង អ្នកជិតខាង និងអ្នកជិតខាង បានផ្ទុះឡើង រហូតបង្កទៅជាអំពើ ហិង្សា ដោយសារតែ គ្រួសារមួយ ដែលគេស្គាល់ថា ជាឧត្តមសេនីយ៍នោះ បានទៅរៀបខឿន នៅខាងមុខផ្ទះ របស់ភាគីម្ខាងទៀត ដោយគ្មានការអនុញ្ញាត ។

រឿងរ៉ាវ រហូតផ្ទុះ អំពើហិង្សានេះ បានកើតឡើងកាល ពីវេលាម៉ោង០៨ និង២០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុច ផ្ទះលេខ៣៦ និង៣៨អូ ផ្លូវលេខ២៦៥ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

ប្រភពព័ត៌មាន នៅកន្លែងកើតបានបន្តថា មុនពេលកើតហេតុ លោក ថុល គឹមបូរ បានរៀបចំខឿន នៅមុខផ្ទះ ប្រជាពលរដ្ឋ  ដែលជាភាគីម្ខាងទៀត ដោយមិនមានការអនុញ្ញាត ពីម្ចាស់ផ្ទះ និងគ្មានអាជ្ញាធរ ដឹងឮឡើយ ទើបបង្កឲ្យមានការ មិនសុខចិត្តពីម្ចាស់ផ្ទះ ហើយបោះពាក្យសម្តី ទៅវិញទៅមក រហូតផ្ទុះអំពើហិង្សា ដេញវាយ លោក ថុល គឹមបូរ សំណាងល្អ រត់ចូលផ្ទះទាន់ ទើបមានការវាយ រថយន្តបែកកញ្ចក់មួយគ្រឿងម៉ាកឡង់គ្រីស័រ តែម្តង ។

ក្រោយ ហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ច ក៏មកដល់ជួយ អន្តរាគមន៍ រួចមក ភាគីពាក់ព័ន្ធ បាននាំទៅ ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរបន្ថែម ។ សូមបញ្ជាក់ផងដែរថា បើតាមប្រជាពលរដ្ឋ ដែលជាអ្នកជិតខាង នឹងលោកឧត្តមសេនីយ៍រូបនេះ បាននិយាយថា លោកឧត្តមសេនីយ៍ តែងតែរករឿង អ្នកជិតខាង ហើយសូម្បី តែសមត្ថកិច្ចក៏ជននេះ មិនខ្លាច ញញើតដែរ ជាពិសេសនោះ គឺតែងតែបើក រថយន្តលឿនៗ និងបុកថូផ្កា របង និងសំយាបផ្ទះ របស់ប្រជាពលរដ្ឋនៅក្បែរ ខាងទៀតផង ។

បញ្ហាទំាងនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង មានការព្រួយ បារម្ភ និងកើតទុក្ខ មិនសុខចិត្តចំពោះទង្វើ របស់ឧត្តមសេនីយ៍ត្រីរូបនេះ។ យ៉ាងណាក៏ដោយគេមិនដឹងថា តើឧត្តមសេនីយ៍រូបនេះ ធ្វើការនៅអង្គភាពណានោះឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news