CamNews

ព័ត៌មានជាតិ 

ចាក់សម្លាប់ ប្អូនប្រុសបង្កើត ចំនួន៣កាំបិត ស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ ដែលគួរហួសចិត្តមួយ ដែលកើតចេញពីជនព្រៃផ្សៃម្នាក់ យកកូនកាំបិតចុងស្រួចចាក់សម្លាប់ ប្អូនប្រុសបង្កើតរបស់ខ្លួន ដោយសារតែរូបគេ សុំលុយពីប្អូន ៥០០០រៀលមិនបាន ។ ហេតុ ការណ៍នេះកើតឡើងកាលពីវេលាមោង ១១ និង៣០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ ចំណុចផ្ទះលេខ ឆ ៤៣ ផ្លូវលេខ៣៦៩ ក្រុមទី៩ ភូមិដើមម៉ាកក្លឿ សង្កាត់ច្បារអំពៅទី ១ ខណ្ឌមានជ័យ ។

ជនរងគ្រោះដែលត្រូវបងប្រុសបង្កើត យកកូនកាំបិតចាក់សម្លាប់ ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះ ង្វៀង យ៉ាំងទង់ ភេទប្រុស អាយុ ២២ឆ្នាំ ជាជនជាតិវៀតណាម និងជនព្រៃផ្សៃដែលចាក់សម្លាប់ប្អូនខ្លួនឯង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ង្វៀង យ៉ាំងសាង ហៅ ញ៉ុក ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម មានមុខរបរជាកម្មករ ហើយអ្នកទាំង ២នាក់ បច្ចុប្បន្នស្នាក់នៅចំណុចកើតហេតុខាងលើ ។

ទាក់ទិននឹងអំពើឃាតកម្ម ចាក់សម្លាប់យ៉ាងព្រៃផ្សៃនេះ សមត្ថកិច្ចដែលចុះទៅស្រាវជ្រាវ និងសួរនាំដល់ កន្លែងកើតហេតុបានឲ្យដឹងថា មុននឹងមានអំពើឃាតកម្មកើតឡើង គឺកាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ ឈ្មោះ ង្វៀង យ៉ាំងសាង ត្រូវជាបង ( ជនសង្ស័យ) បានសុំលុយប្អូនប្រុសឈ្មោះ ង្វៀង យ៉ាំង ទង់ (ជនរងគ្រោះ)  ចំនួន ១ម៉ឺនរៀល យកទៅទិញស្រាផឹក ហើយប្អូនប្រុសក៏ព្រមឲ្យ ។ លុះដល់ម៉ោង ៩ យប់ ថ្ងៃដដែល ជនសង្ស័យបានសុំ លុយពីប្អូនប្រុសចំនួន ៥០០០រៀលបន្ថែមទៀត ប៉ុន្តែ ត្រូវប្អូនប្រុស បានបដិសេធហើយនិយាយថា គ្មានលុយទេ ។ ភ្លាមៗនោះជនសង្ស័យបានចេញពីផ្ទះរ ហូតម៉ោងហូប បាយ ជនសង្ស័យបានចូលមកផ្ទះវិញ ទាំងកំហឹង រួចឡូឡារករឿងម្តាយ និងប្អូនប្រុសរហូតធ្វើឲ្យជន សង្ស័យ កើតមានទំនាស់ពាក្យសម្តីគ្នាជាមួយប្អូនប្រុស ក៏ស្ទុះទៅទាញ់កូនកាំបិតចុងស្រួច មកចាក់ចំក្រោម ទ្រូងប្អូនបង្កើតចំនួន ៣កាំបិតព្រមគ្នា បណ្តាលឲ្យហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ធ្ងរ ។

ប្រភពដដែលបន្តថា ភ្លាមៗនោះម្តាយបានដឹកយកជនរងគ្រោះ យកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសល រូប គេបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ដោយសារករណីនេះបណ្តាលឲ្យមនុស្សស្លាប់នោះប្រជាពលរដ្ឋ ដែលរស់នៅជិតកន្លែងកើតហេតុ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ ។

គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចចម្រុះក្នុងខណ្ឌមានជ័យ បានចុះដល់កន្លែងកើត ហេតុ និងព័ទ្ធចាប់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសាង បានយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌ មានជ័យ និងធ្វើការសាកសួរពាក់ព័ទ្ធនឹងករណីខាងលើ រួចកសាងសំណុំរឿង បញ្ជូនខ្លួនពួកគេ ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ រង់ចាំផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News