ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ ដែលបង្កឡើង ដោយរថយន្តដឹកឥដ្ឋ បានកិនអ្នករត់ម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បើកទាក់ដៃចង្កូតម៉ូតូ ជាមួយម៉ូតូមួយគ្រឿងទៀត ដួលពេលកំពុងជិះ បញ្ច្រាសទិសគ្នា ស្របពេលរថយន្តមកដល់ កិនស្លាប់តែម្តង ។
នគរបាលមូលដ្ឋានបានឲ្យដឹង ថា ជនរងគ្រោះស្លាប់នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គាត់ជាអ្នករត់ម៉ូតូឌុប ចាំដឹកភ្ញៀវនៅម្តុំសណ្ឋាគារសាន់វេ ។ ចំណែករថយន្តដឹកឥដ្ឋ វិញ ពណ៌ខៀវ ពាក់ស្លាក លេខ ភ្នំពេញ 3A 0612 បើកបរមានឈ្មោះសុទ្ធ វែន អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិគ្រាំងចិន ឃុំគ្រាំងតាយ៉ ស្រុកពាមជរ ខេត្តព្រៃវែង ។
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល