CamNews

ព័ត៌មានជាតិ 

លទ្ធផល នៃការប្រឡង នឹងប្រកាស មុនកាលកំណត់

ភ្នំពេញ៖ លទ្ធផលនៃការប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប អាចនឹងប្រកាសមុនកាលកំណត់ ដែលពីមុនក្រសួងគ្រោងប្រកាស នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០១៤។

ថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ៍ ទី២៨ ខែតុលា ឆ្នាំ២០១៤នេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បញ្ជាក់ថា "រហូតមកដល់ពេលនេះ កំណែវិញ្ញាសា បានកែចប់សព្វគ្រប់អស់ហើយ។ ប្រសិនបើយើងបញ្ចូលទិន្ន័យពិន្ទុចប់ យើងនឹងប្រកាសលទ្ធផលមុន"។

បើតាមលោករដ្ឋមន្ត្រី ភាគរយនៃបេក្ខជន ដែលប្រឡងជាប់មានចំនួនតិចជាងលើកទី១ ប៉ុន្តែ លោកមិនអាចបញ្ជាក់តួលេខ ជាផ្លូវការបាននោះទេ។ លោកនិយាយថា "ប្រហែលជាអ្នកជាប់ មានចំនួនតិចជាងមុន។ នេះគ្រាន់តែជាការប្រហែលប៉ុណ្ណោះ យើងរង់ចាំពីបីថ្ងៃទៀតទៅនឹងដឹងហើយ"។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ៍នេះថា បេក្ខជនដែលប្រឡងជាប់ មានចំនួនតែក្រោម២០ភាគរយតែប៉ុណ្ណោះ។ លោកថា "ដូចនេះ ក្រសួងត្រូវតែធ្វើការកែលម្អ ពីថ្នាក់ក្រោមតទៅ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអប់រំ"។

សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងលើកទី២នេះ មានចំនួនជិត ៧ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះមានបន្ទប់ចំនួន ២.៧៥២ គ្រប់រាជធានី ខេត្ត។ កាលពីប្រឡងបាក់ឌុបលើទី១ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជនប្រឡងជាប់សរុបចំនួន ២៣.១២៦នាក់ ត្រូវជា ២៥,៧២ ភាគរយ ក្នុងចំណោមសិស្សសរុប ៨៩.៩៣៧នាក់៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP