(ភ្នំពេញ)៖ ពិតជារឿងមួយ គួរឲ្យរំភើបជំនួសសាមីខ្លួនទាំងពីរ ខណៈដែលពិធីការិនីដ៏លេចធ្លោ ក្នុងស្ថានីយទូរទស្សន៍ បានយ័ន នាង ហេង កែវនីតា ដែលមានឈ្មោះពិតថា ហេង ផាន់ណា ធ្លាប់តែរស់នៅឯកា គ្មានបុរសណាចូលមកស្អំបេះដូងនោះ ស្រាប់តែនៅពេល វត្តមានតារាសម្ដែងរាងសង្ហា លោក យឹម ណារ៉ា បានប្រកាសសុំរៀបការជាមួយនាង យ៉ាងចំហ នៅក្នុងថ្ងៃខួបកំណើត របស់នាង ដោយភ្ជាប់ជាមួយនូវចិញ្ចៀន បញ្ចាំចិត្តផងដែរ។
ពិធីការិនី ហេង កែវនីតា ត្រូវបានគេមើលឃើញថា ពុំដែលមានដំណឹងស្នេហា ណាមួយដើម្បីឲ្យមហាជនចាប់អារម្មណ៍ ដូចពិធីការិនី និងអ្នកសិល្បៈដទៃឡើយ ទើបតែថ្មីៗនេះ បែរជាលេចឮដំណឹងស្នេហា ជាមួយកំឡោះសង្ហា យឹម ណារ៉ា ប៉ុន្តែក៏គេមិនទាន់ហ៊ានជឿប្រាកដដែរថា ពួកគេស្រឡាញ់គ្នាពិតមែន។ យ៉ាងណាមិញ ប៉ុន្មានខែចុងក្រោយនេះ មិត្តសិល្បៈរួមអាជីព តែងតែឃើញពួកគេ បណ្ដើរគ្នាត្រសង ចូលរួមកម្មវិធី របស់មិត្តភក្តិ ក្នុងលក្ខណៈស្និទ្ធស្នាល ខុសប្លែកពីទំនាក់ទំនងធម្មតា។
អ្វីដែលនឹកស្មានមិនដល់នោះ គឺទាំងអ្នកសិល្បៈរួមអាជីព ទាំងមហាជន បានភ្លឺភ្នែកច្បាស់ក្រឡែត នៅពេលរូបថតជាច្រើនសន្លឹក របស់ ហេង កែវនីតា ត្រូវបានបែកធ្លាយ ដោយក្នុងនោះ គេឃើញលោក យឹម ណារ៉ា លុតជង្គង់សុំនាងរៀបការ ធ្វើឲ្យនាងអរស្ទើរហោះ និយាយលែងចេញ ត្រូវបានបែកចេញសុះសាយ ជាសាធារណៈ នាពេលថ្មីៗនេះ។
យ៉ាងណាក្ដី មិត្តរួមអាជីព ក៏ដូចជាមហាជន ក៏បានសម្ដែងការអបអរសាទរ ចំពោះចំណងស្នេហ៍ ក្នុងទ្រនំសិល្បៈដូចគ្នានេះ ព្រោះទាំងលោក យឹម ណារ៉ា ទាំងកញ្ញា ហេង កែវនីតា សុទ្ធតែស្រស់ស្អាតដូចគ្នា ពោលគឺពិតជាស័ក្តិសមគ្នាណាស់ និងសូមឲ្យចំណងស្នេហ៍នេះ វេញត្របាញ់ចូលគ្នា ជានិរន្តន៍តរៀងទៅ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង