ភ្នំពេញៈ ស្រ្តីវ័យចំណាស់ម្នាក់ រស់នៅក្នុងបន្ទប់ជួល ជាមួយកូនស្រី ដោយពឹងផ្អែក លើកូនស្រីជា
កម្មការិនីរោងចក្រ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ដោយធ្វើមួយខែ គ្រាន់តែហូបមួយខែ ជាអកុសល
នៅព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ ស្រ្តីស្រីរូបនេះ បានទទួលមរណភាព បន្ទាប់ពីកូនបាន ដឹក
គាត់ចេញ ពីមន្ទីរ ពេទ្យមក វិញ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេកនោះ នាងជាកូនស្រី រស់នៅតែលតោល
តែម្នាក់ឯង ហើយគ្មាន លុយធ្វើបុណ្យសព ជូនម្តាយ និងដឹកសពយកទៅបូជានោះទេ ។
កូនស្រីសព កញ្ញា សៅ ឈុន អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ បានឲ្យបានដឹងថា ម្តាយ
របស់នាង មានឈ្មោះ ខឹម រីម អាយុ៥៥ឆ្នាំ ស្នាក់នៅ បន្ទប់ជួលកន្លែងកើត មានស្រុកកំណើត នៅ
ភូមិត្រពាំងខ្នា ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
កញ្ញាសៅ ឈុន បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ ម្តាយរបស់នាងបានត្អូញ
ថា មិនស្រួលខ្លួន ក៏បានដឹកម្តាយទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ ព្យាបាល លុះដល់ល្ងាចថ្ងៃទី២៩ ខែ
ឆ្នាំដដែល ក៏ បានដឹកម្តាយត្រឡប់មកបន្ទប់ជួលវិញ ជាអកុសលព្រឹកឡើង ពេលនាងបំរុងទៅធ្វើការ
រោងចក្រស្រាប់ តែម្តាយនាង មានស្ថានភាពប្រែប្រួលខ្លាំង បន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់តែម្តង
ទៅ ធ្វើឲ្យការភ្ញាក់ ផ្អើលដល់អ្នករត់នៅជិតខាង ។
កញ្ញាបានបន្តទៀតថា ដោយសារតែជីវភាពក្រក្រី ពេលដែលម្តាយស្លាប់ នាងបានត្រឹមតែ សំកុកយំ
ប៉ុណ្ណោះ ដោយសារតែនាងគ្មាន លុយបន្តិចសោះ ហើយបាន អង្វរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ
ជិត ខាង ឲ្យជួយ ពេលនោះប្រជាពលរដ្ឋ ជិតខាងបានរៃអង្គាស់គ្នា បានប្រហែលជា៥០ដុល្លារ ជួយ
ដល់នាង ប៉ុន្តែប្រាក់៥០ ដុល្លារ គឺមិនគ្រប់ថ្លៃដឹកសព ម្តាយទៅបូជាផង ជាក់ស្តែងឃើញ នាងបាន
ត្រឹមតែឈរ នៅ ក្បែរសពម្តាយដើរចុះឡើង ។ សាកសពត្រូវបានបងប្អូន ប្រជាពលរដ្ឋសហការជា
មួយអាជ្ញាធរមូលដ្ឋាន ដឹកយកទៅតម្កល់ ទុកជាបណ្តោះអាសន្ន នៅវត្តត្រពាំងឈូក ក្នុងសង្កាត់កើត
ហេតុ។
គួរបញ្ជាក់ដែរថា កាលពីកន្លងទៅក្នុងឆ្នាំ២០១១ ឪពុករបស់នាង បានស្លាប់ចោលម្តាយ របស់នាង
និងនាង ធ្វើឲ្យនាងកំព្រាឪពុកម្តងរួចមកហើយ ឥឡូវនេះ ម្តាយរបស់នាងស្លាប់ចោលនាងទៀត ធ្វើ
ឲ្យនាងរស់នៅ តែលតោលតែឯង ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល