ខេត្តកំពត ៖ ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងឣំពិល ក្រុងកំពត ត្រូវអគ្គិភ័យឆាបឆេះបង្កឱ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ប៉ុន្តែសំណាងល្អបានឣ្នកនៅជិតខាង ហៅរថយន្តពន្លត់ឣគ្គិភ័យ របស់ស្នងការដ្ឋានខេត្តមកឣន្តរាគមន៍ ជួយពន្លត់ទាន់ពេល ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលចុះ ទៅពិនិត្យជាក់ស្តែង បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះ កើតឡើងនោះ ជាបឋមគឺត្រូវបានដាក់ ការសង្ស័យមាន ឣ្នកចូលលួចដុត ខណៈម្ចាស់ ផ្ទះទាំងឣស់គ្នាមិននៅផ្ទះ បានទៅលេង បងប្អូននៅ ខេត្តព្រះសីហនុ ដោយឣ្នកចូល លួចដុតនោះបាន កាត់ដំបូលប្រកសង្ក័សី រួចហើយចុះមកធ្វើសកម្មភាពខាងក្រោម ដុតទូរដាក់ខោឣាវឲ្យឆេះតែម្តង។
ប្រភពដដែលបន្តថា ដោយមានរថយន្តពន្លត់ មកឣន្តរាគមន៍ទាន់ពេលវេលា ទើបការឆេះផ្ទះនេះ មានទំហ៊ំ ខូចខាតតែ២០%ប៉ុណ្ណោះ ប៉ែកខាងក្រោយ និងពិតានខាងលើ ។
ទោះជាយ៉ាងនេះក្តី អគ្គិភ័យនេះ បានបណ្តាលឱ្យខូចខាត និងបាត់បង់មាន ឣត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរចំនួន៥, សំបុត្រកំណើតចំនួន៨សន្លឹក ,កាតគ្រីម៉ូតូ១ ,កង្ហាចំនួន២ ,លុយខ្មែរ៣លានរៀល ,លុយដុល្លារ៣០០ដុល្លារ និងខោឣាវចំនួន២ទូរ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ គឹម ជួរ ភេទប្រុស ឣាយុ៦៤ឆ្នាំ ប្រពន្ធឈ្មោះ វួច ឣេង ឣាយុ ៥៨ឆ្នាំ មានទីលំនៅភូមិ សង្កាត់ខាងលើ។
បច្ចុប្បន្ននគរបាលបាន និងកំពុងស្រាវជ្រាវរុករកមុខសញ្ញា ដើម្បីយកមកផ្តន្ទា ទោសតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល