CamNews

ប្លែកៗ 

ល្បែងកំសាន្តដ៏ឃោរឃៅគ្មានមេត្តាលើសត្វគោនៅ ក្នុងប្រទេសអេស្ប៉ាញ

ទិដ្ឋភាពនៃការលេងល្បែងកំសាន្ត រួចសំលាប់សត្វគោដ៏គួរអោយអាណិត តាមបែបកំសាន្ត
អារម្មណ៍ ដែលជាប្រពៃណីនេះ បានធ្វើអោយមនុស្សជាច្រើន មានការរន្ធត់ចិត្តជាខ្លាំង ។

នេះជាល្បែងកំសាន្ត ដែលត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាល្បែងកំសាន្តដែលមាន
លក្ខណៈឃោរឃៅបំផុត មួយទៅលើសត្វគោក្នុងប្រទេស អេស្ប៉ាញ ។

ជារៀងរាល់ឆ្នាំនៅចុងសប្តាហ៍ទីពីរ នៃខែវិច្ឆិការ ប្រជាជនបាននាំគ្នាប្រារព្ធនូវពីធីដ៏សាហាវ
ឃោរឃៅនេះនៅតាមបណ្តាដងវិថីនានានៅឯ Medinacelli ជាទីកន្លែងដែលត្រូវបានវាយ
តំលៃថាជាទីក្រុងដ៏ស្រស់ស្អាតមួយរបស់ អេស្ប៉ាញ ។

ព្រលឹមថ្ងៃរះ សត្វគោឈ្មោលទាំងឡាយត្រូវបានប្រមូលផ្តុំនិងនាំយកទៅកន្លែងនៃ
មជ្ឈមណ្ឌលដែលធ្វើពិធី ។ នៅជុំវិញសត្វគោមានមនុស្សម្នារចោមរោមទស្សនាជាច្រើន ។​ គោទាំងនោះត្រូវបានចងភ្ជាប់ដោយប្រឆេះដ៏ធំនៅលើស្នែងរបស់ពួកវា បន្ទាប់មកប្រឆេះ
ទាំងនោះនឹងត្រូវបានដុតឡើង ។

ល្បែងកំសាន្តដ៏ឃោរឃៅនេះមានឈ្មោះថា Toro Jubilo រាល់គោឈ្មោលទាំងឡាយដែល
ចូលរួមនោះត្រូវបានដាក់ឈ្មោះថា Toro de Fuego ដែលមានន័យថា សត្វគោភ្លើង ។

ប្រឆេះភ្លើងនៅលើស្នែងនៃសត្វគោទាំងនោះ បានធ្វើអោយរលាកមុខ ភ្នែករបស់ពួកវា ។
ដោយការឈឺចាប់ដោយសារភ្លើងរលាក សត្វគោទាំងនោះបានយកស្នែងរបស់វាទៅជល់
នឹងជញ្ជាំងដើម្បីពន្លត់ភ្លើង ។ តែការព្យាយាមពន្លត់ភ្លើងរបស់ពួកវា កាន់តែធ្វើអោយពួកវា
ទទួលការឈឺចាប់កាន់តែខ្លាំងដោយសារភ្លើង ។ នៅពេលនោះដែរអ្នកដែលត្រូវបានគេ
អោយឈ្មោះថា"អ្នកក្លាហាន" គឺបានឈរស្រែក និងរត់នៅជុំវិញហ្វូងគោទាំងនោះ ។

បន្ទាប់ពីឆ្លងកាត់ការឈឺចាប់រាប់ម៉ោងរួចមក ភ្នែករបស់សត្វគោទាំងនោះត្រូវងងឹត និងពួក
វាក៏បានបាត់បង់ជីវិត ក្នុងសភាពឈឺចាប់បំផុត ក្រោមអំពើដ៏យង់ឃ្នងរបស់មនុស្ស ។
ក្រោយមកសត្វគោនោះត្រូវបានវះយកសាច់ និងបែងចែកជាបំណែកៗដើម្បីចែកជូនដល់
អ្នកដែលបានចូលរួមក្នុងពិធីនេះ ។ Toro Jubilo គឺជាល្បែងកំសាន្តមួយរបស់ប្រជាជនក្នុង
Medinacelli តែដោយមានលក្ខណៈឃោរឃៅពេក មានមនុស្សជាច្រើនបានធ្វើការជំទាស់
និងបានលើកឡើងថា អំពើទាំងនោះត្រូវបានចាត់ទុកជាអំពើយង់ឃ្នងបំផុតចំពោះសត្វ និងត្រូវតែធ្វើការថ្កោលទោស ។ តែទោះជាយ៉ាងណា អាជ្ញាធរមូលដា្ឋនមិនបានអើពើ និង
សកម្មភាពតវ៉ាទាំងនោះឡើយ ។ ដោយពុំទាន់មានច្បាប់ហាមឃាត់ ហេតុនេះ ល្បែង
កំសាន្តនេះនៅតែបន្តប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។


ការតវ៉ាប្រឆាំងបានផ្ទុះឡើង ដើម្បីអោយបញ្ចប់ការលេងល្បែងដ៏យង់ឃ្នង ទៅលើសត្វគោ
ក្នុងប្រទេស អេស្ប៉ាញ តែគ្មានលទ្ធផល ៕
ពី (PACMA, ione)
រដ្ឋា

Tags: