(ភ្នំពេញ)៖ ដោយមានការអំពាវនាវនិងមើលឃើញពីក្តីអាណិតអាសូរខ្លាំងចំពោះកុមារីម្នាក់ដែលមានជំងឺមហារីកលើស្មាខាងស្តាំងទំងន់៥គីឡូក្រាមអតីតតារាសម្តែងលោក ខៃ ប្រសិទ្ធ ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន៥០ម៉ឺនរៀលដើម្បីឧបត្ថម្ភជួយដល់កុមារី លន់ ផាលិកា តាមរយៈមូលនិធិសាវិនដើម្បីកុមារកម្ពុជា
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាសម្តែងប្រុសល្បីឈ្មោះលោក សាវិន ហ្វីលីព បានលើកឡើងថាតាងនាមលោកជាស្ថាបនិករបស់មូលនិធិសាវិនដើម្បីកុមារកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦បានប្រគល់ថវិការចំនួន៥០ម៉ឺនរៀលដែលបានមកពីអតីតតារាសម្តែងល្បីឈ្មោះ ខៃ ប្រសិទ្ធ ជូនកុមារី លន់ ផាលិកា អាយុ ១៤ឆ្នាំ ដែលកើតជំងឺមហារីកដុះដុំសាច់លើស្មាស្ដាំមានទំងន់ចំនួន៥គីទ្បូក្រាម…
តារាប្រុសមានប្រជាប្រិយភាពលោក សាវិន ហ្វីលីព បានបន្ថែមថាលោក ខៃ ប្រសិទ្ធ ក៏មានបំនងចង់ជួយសំរាលថ្លៃវះកាត់របស់កុមារីនេះខ្លះប្រសិនបើក្រុមគ្រូពេទ្យអាចជួយយព្យាបាលជំងឺដ៏កាចសាហាវនេះបាន។ លោក ខៃ ប្រសិទ្ធ បានបង្ហាញអារម្មណ៍ខ្លោចផ្សារណាស់នៅពេលបានឃើញរូបភាពរបស់ប្អូនស្រី ផាលិកា ដែលបានបញ្ចូនទៅកាន់លោកតាមរយៈក្រុមការងាររបស់មូលនិធិសប្បុរសសាវិនដើម្បីកុមារ។
ដោយឡែកជាមួយគ្នានេះដែរតារាប្រុសលោក សាវិន ហ្វីលីព ក៏បានបង្ហាញពីក្តីអាណិតអាសូរដែរថា ខ្លួនខ្ញុំផ្ទាល់ពិតជាខ្លោចផ្សារក្នុងចិត្តណាស់ពេលបានឃើញផ្ទាល់ភ្នែកនូវការលំបាក និងភាពឈឺចាប់របស់កុមារីម្នាក់នេះ។ បច្ចុប្បន្នកុមារី ផាលិកា កំពុងសម្រាកព្យាបាលនៅមន្ទីរមិត្តភាពខ្មែសូវៀត អាគារមហារីកបន្ទប់លេខ១០៨ហើយបើមានសប្បុរសជនណាចង់ជួយឧបត្ថម្ភបន្តទៀតនោះគឺអាចទាក់ទងផ្ទាល់ទៅកាន់ម្ដាយកុមារី ផាលិកា តាមរយៈទូរសព្ឌ័លេខ ០៧០ ៧៣៩ ១៩៨។
សូមបញ្ជាក់ថាអតីតតារាភាពយន្តរូបសង្ហាដែលធ្លាប់មានឈ្មោះបោះសំឡេងមួយរូបក្នុងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សឆ្នាំ៩០ លោក ខៃ ប្រសិទ្ធ បានចាកចេញពីទឹកដីកំណើតទៅរស់នៅប្រទេសអូស្ត្រាលីអស់រយៈពេលជាង១០ឆ្នាំមកហើយ។ក្នុងការផ្ញើរប្រាណលើទឹកដីស៊ីវីល័យមួយនេះលោកបានបញ្ចប់អាជីពសិល្បៈទាំងស្រុងហើយបច្ចុប្បន្នលោកប្រើការងារនៅក្នុងក្រុមហ៊ុនមួយនៅទីនោះផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង