CamNews

ព័ត៌មានជាតិ 

ក្មេងប្រុសកំសត់ ត្រូវម្ដាយបំបរបង់ចោល អំពាវនាវរកអង្គការ និងសប្បុរសជន ជួយសង្គ្រោះ

បាត់ដំបង៖ ក្មេងប្រុសកំសត់ម្នាក់ អាយុ៤ឆ្នាំ ត្រូវបានម្ដាយ យកមកបំបរបង់ចោល អស់រយៈពេល ជាច្រើនខែ មកហើយ និងកំពុងរស់នៅ យ៉ាងវេទនា ដេកតាមសំយ៉ាបផ្ទះ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុងកំរៀង ខេត្ត បាត់ដំបង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់នោះ សម្ដែងការអាណិតអាសូរ និងសុំអំពាវនាវ រកអង្គការ មនុស្សធម៌ ឬសប្បុរសជនទាំក្នុង និងក្រៅប្រទេស មេត្តាជួយសង្គ្រោះក្មេងកំព្រាម្នាក់នេះ ទៅចិញ្ចឹមបីបាច់ផង។

បើតាមការឲ្យដឹង ពីសំណាក់ ប្រជាពលរដ្ឋក្នុងភូមិ បានរាយការណ៍ប្រាប់ថា ក្មេងប្រុសអភ័ព្វ ដ៏កំសត់ម្នាក់នេះ មានឈ្មោះ ដូង អាយុ៤ឆ្នាំ មិនដឹងជាម្ដាយយកមកបោះចោល ពីភូមិណានោះទេ ហើយដោយសារតែសេចក្ដី ស្រេកឃ្លាន កុមារម្នាក់នេះ បានក្លាយជាក្មេងដើរ លួចរបស់របរ និងទ្រព្យសម្បត្តិផ្សេងៗ របស់អ្នកភូមិ នៅក្នុង តំបន់នោះ ជារៀងរាល់ថ្ងៃ ដើម្បីចំអែតក្រពះ ។

ទោះបីជាបងប្អូនក្នុងភូមិ សម្ដែងទឹកចិត្តអាណិតអាសូរជាពន់ពេក យ៉ាងណាក្ដី ក៏ពួកគាត់ពុំមានលទ្ធភាព ក្នុងការ យកក្មេងប្រុស អភ័ព្វរូបនេះ ទៅចិញ្ចឹមបីបាច់ថែរក្សាដែរ គឺមានតែស្វែងរកអង្គការ មនុស្សធម៌ ឬសប្បុរសជនមេត្តា សណ្ដោសប្រោសប្រណី ដល់ជីវិតក្មេងម្នាក់នេះ។ ប្រសិនបើមានអង្គការមនុស្សធម៌ ឬសប្បុរសជន មានក្ដីសប្បុរស និងចង់យកក្មេងកម្សត់ម្នាក់នេះ យកទៅចិញ្ចឹម អាចទាក់ទងតាមរយៈលេខ ទូរស័ព្ទ ០៩៧ ២៩ ៨២ ៩៧៩ ៕

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News