CamNews

ព័ត៌មានជាតិ 

ស្រ្តីខ្មែរ៣នាក់ ត្រូវបានមិត្តភក្តិជាមេខ្យល់បោកយកទៅលក់ ឱ្យទៅធ្វើជានារីខារ៉ាអូខេ នៅប្រទេសសិង្ហបុរី

(ភ្នំពេញ)៖ ស្រ្តីខ្មែរ៣នាក់ ដែលរងគ្រោះដោយមេខ្យល់បោកយកទៅលក់ ឱ្យធ្វើការងារជានារីខារ៉ាអូខេ នៅប្រទេសសិង្ហបុរីនោះ ត្រូវបានស្ថានទូតខ្មែរប្រចាំប្រទេសនេះជួយសង្រ្គោះហើយ ព្រមទាំងបានបញ្ជូនត្រឡប់មកដល់ប្រទេសកម្ពុជាផងដែរ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នោះ។

ស្រ្តីខ្មែរទាំងនោះមានឈ្មោះជាអក្សកាត់ថា ទ.ស, ហ.ន និង ល.ដ មានស្រុកកំណើតខេត្តព្រៃវែង កំពង់ចាម និងកោះកុង ដែលមានអាយុចាប់ពី២៣ ដល់៣២ឆ្នាំ។ ពួកគេបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ តាមជើងហោះហើរលេខ 3K591 ។

បើតាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នារីខ្មែរទាំង៣នាក់ បានសម្រេចចិត្តទៅធ្វើការងារនៅប្រទេសិង្ហបុរី ដោយរំពឹងថា នឹងបានការងារជាអ្នកចាប់ទឹកកកនៅក្លឹបរាំកម្សាន្ត ជាមួយប្រាក់កម្រៃខ្ពស់ តាមការអះអាងរបស់មិត្តភក្តិ។ ប៉ុន្តែនៅពេលទៅដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៤ ខែទុលា ឆ្នាំ២០១៦នោះ ស្រាប់តែនារីទាំង៣នាក់ ត្រូវបានគេណែនាំឱ្យធ្វើការជានារីខារ៉ាអូខេទៅវិញ។

ក្រសួងបានបញ្ជាក់បន្ថែមទៀតថា ដោយមិនអាចទ្រាំនឹងការងារបាន នារីរងគ្រោះបានស្នើថៅកែខារ៉ាអូខេ ឱ្យបញ្ជូនពួកនាងត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវថៅកែតម្រូវឱ្យពួកនាងសងប្រាក់ចំនួន១៥០០ដុល្លារសិង្ហបុរី សម្រាប់ថ្លៃសំបុត្រយន្តហោះ និងថ្លៃកន្លែងស្នាក់នៅ ដើម្បីបានលិខិតឆ្លងដែនវិញ។ ក្រោយពីទទួលដំណឹងនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានជួយអន្តរាគមន៍ និងដកហូតយកលិខិតឆ្លងដែនជូនជនរងគ្រោះវិញ ហើយរៀបចំឱ្យត្រឡប់មកកម្ពុជាវិញភ្លាមៗតែម្តង៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh