CamNews

ព័ត៌មានជាតិ 

លោក ជា មុន្នី និងលោក សម រង្ស៊ី ប្រារព្ធពិធីគោរព វិញ្ញាណក្ខន្ធខួប ១០ឆ្នាំ នៃមរណភាព លោក ជា វិជ្ជា

ភ្នំពេញ៖ លោក ជា មុនី្ន ប្រធានសហជីពសេរីកម្មករកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤នេះ បានដឹកនាំក្រុមកម្មករ កម្មការិនី រួមនិងថ្នាក់ ដឹកនាំសហជីពជាច្រើន នាក់ ចូលរួមបា្ររព្ធពិធីគោរពវិញ្ញាណក្ខន្ធគម្រប់ខួប១០ឆ្នាំ នៃការទទួល មរណភាពរបស់លោក ជា វិជ្ជា ក្នុងអំពើ ឃាតកម្មកាលពី៩ឆ្នាំមុននោះ។

លោក ជា មុនី្ន ដែលជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា និងជាអ្នកស្នងមរតកនៃការតស៊ូមតិជូន កម្មករ កម្មការិនីបន្ត ផងដែរនោះ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការប្រារព្ធ ខួប១០ឆ្នាំ នៃមរណភាពរបស់បងប្រុស នាព្រឹកថ្ងៃទី២២ ខែមករា នេះ លោកមិនអញ្ជើញ ប្រមូល កៀងករកម្មករ កម្មការិនីនោះទេ ការចូលរួមគឺអាស្រ័យ ទៅលើទឹកចិត្តរបស់ក្រុមកម្មករតែ ប៉ុណ្ណោះ។

ក្នុងកិច្ចប្រជុំនាពេលកន្លងទៅ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក ជា មុនី្ន ប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធ ជូនបងប្រុសរបស់ខ្លួន ដោយការជួបជុំស្មឹងស្មាធិ៍ ដាក់កម្រងផ្កានៅកន្លែងរូប សំណាក់ ខាងលិចវិមានឯករាជ្យ តែមិនអនុញ្ញាតឲ្យមានការដង្ហែក្បួននោះឡើយ។

លោក ជា វិជ្ជា ដែលគេដឹងថា ជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាមួយក្នុងទាមទាររកសិទ្ធិសេរីភាព និង ដំឡើងប្រាក់ខែជូន កម្មករកាលពីអំឡុងទស្សវត្សរ៍ឆ្នាំ១៩៩០ និងដើមទស្សវត្សរ៍ឆ្នាំ២០០០ រូប លោកត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី២២ ខែ មករា ឆ្នាំ២០០៤ គ្រារូបលោកកំពុងអង្គុយ អានកាសែតនៅក្នុងតូបលក់កាសែតខាងលិចវត្តលង្កា។

រហូតដល់បច្ចុប្បន្នឃាតកបាញ់សម្លាប់លោក ជា វិជ្ជា មិនទាន់ត្រូវបានវែកមុខនៅឡើយនោះទេ តែដើម្បីគោរពនូវ វីរភាពរបស់លោកក្នុងចលនា នៃការតស៊ូមតិ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច អនុញ្ញាតឲ្យមានការសាងសង់រូប សំណាក់របស់លោកនៅលើសួនច្បារមុខវត្តលង្កាខាងលិចវិមាន ឯករាជ្យ ទុកសម្រាប់ជាការគោរពដល់ជនដទៃ។

មន្រ្តីអាជ្ញាធររាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងមានសមត្ថកិច្ច ពុំបានរារាំងការហែក្បួនរបស់ លោក ជា មុនី្ន ពីទីស្នាក់ការសហជីពទៅខាងលិចសួនច្បារវិមានឯករាជ្យ ទីកន្លែងតម្កល់រូប សំណាក លោកជា វិជ្ជា  នោះទេ ។ លើសពីនេះទៅទៀត អាជ្ញាធរ ថែមទាំងបានជួយសម្រួល ចរាចរទៀតផង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ