សៀមរាប ៖ ក្មេងស្រីចំនួនពីររូប ដែលមានទេពកោសល្យ ផ្នែកគូគំនូរដ៏អស្ចារ្យ ដែលត្រូវបានអ្នកនិយម ប្រើប្រាស់ បណ្តាញសង្គម Facebook មានការចាប់អារម្មណ៍ និងទទួលស្គាល់ អំពីសមត្ថភាពដ៏អស្ចារ្យ របស់ក្មួយៗនោះ ។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសជួយឧបត្ថម្ភ និងធានាចំពោះការ សិក្សារៀនសូត្ររបស់កុមារទាំងពីរ ទាំងថ្នាក់ចំណេះដឹងទូទៅ ថ្នាក់ជំនាញគូរូប និងថ្នាក់ភាសាបរទេស ។
ការឧបត្ថម្ភគាំទ្រ និងការធានាទាំងនេះ គឺជាការលើកឡើងរបស់ លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា ក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខក្មួយស្រីទាំងពីរ និង ក្រុមគ្រួសារនៅ ភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ ។
មន្រ្ដីនៃអជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ទៀតថា ក្រៅពីនេះ និងសម្រាប់ព្រឹកនេះ អាជ្ញាធរអប្សរា ក៏បាន រៀបចំសម្រាប់ការឧបត្ថម្ភដល់ក្មួយស្រីទាំងពីរ នូវសម្ភារៈសិក្សា, សម្ភារៈគូរូប កៅអី ក្ដារខៀន, កង ២គ្រឿង, រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់ក្រុមគ្រួសាររបស់ក្មួយស្រីទាំងពីរផងដែរ ។
សូមបញ្ជាក់ថា បងប្អូនកុមារីទាំងពីរនាក់ ក្នុងចំណោមគ្រួសារ ដែលមានកូនសរុប ៧នាក់ (ស្រី២) ដែល មានទេពកោសល្យខាងគូរូបនៅលើដី នៃផ្លូវចូលប្រាសាទព្រះខ័ន ហើយដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមអ្នកនិយមប្រើប្រាស់បណ្តាញសង្គម Facebook ក៏ដូចជាភ្ញៀវទេសចរមួយចំនួន នាពេលថ្មីៗ នេះ គឺកុមារី ស្រី ណុច (ឈ្មោះផ្លូវការ ប្រ៉ម ដានី) កូនទី៧ មានអាយុ ៦ឆ្នាំ ហើយឆ្នាំសិក្សា ២០១៥២០១៦នេះ នឹងរៀននៅថ្នាក់ទី២ ហើយបងស្រីរបស់នាង ដែលមានជំនាញគូរួបដែរនោះ គឺមានឈ្មោះ ស្រី និត (ឈ្មោះផ្លូវការគឺ ប្រ៉ម និត) ជាកូនទី៥ អាយុ ១២ឆ្នាំ ។
ហើយម្ដាយរបស់ពួកគេមានឈ្មោះ ធួក រី អាយុ ៤៩ឆ្នាំ ជាមេផ្ទះ និងជាអ្នកធ្វើស្រែចំការ និងឪពុកមាន ឈ្មោះ ព្រឿង ប៉្រម អាយុ៥០ឆ្នាំ បច្ចុប្បន្នជាសន្ដិសុខ នៅក្រុមហ៊ុនឯកជនមួយនៅក្រុងសៀមរាប ។ សម្រាប់ថ្ងៃអនាគតពួកគេមានបំណងចង់ក្លាយជាអ្នកគូរួប (វិចិត្រករ) និងជាអ្នកដែលមាន សមត្ថភាព ក្នុងការប្រើប្រាស់ (និយាយ) ភាសាអង់គ្លេសបាន ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល