ភ្នំពេញ៖ គេហទំព័រដើមអម្ពិល (www.dap-news.com) ត្រូវបានវាយប្រហារជាថ្មីទៀតហើយ ដែលការវាយប្រហារនេះ ត្រូវបានក្រុម Anonymous Cambodia ប្រកាសដោយចំហរនៅលើ ទំព័រហ្វេសប៊ុកថា ពួកគេជាអ្នកវាយប្រហារ។
ការវាយប្រហារលើ គេហទំព័រដើមអម្ពិលពីក្រុម Hacker Anonymous Cambodia បានកើតមានឡើងកាលពី រាត្រីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ១០ និង០៣នាទី។ ការវាយប្រហារនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកម្លាំងនគរបាលកម្ពុជា បានចាប់សមាជិក Anonymous Cambodia ពីរនាក់ ពីបទវាយលុកលុយចូលទៅកាន់ គេហទំព័រស្ថាប័នរបស់រាជរដ្ឋាភិបាលមួយចំនួន។
នេះជាការវាយប្រហារជាលើកទី២ហើយ មកលើគេហទំព័រដើមអម្ពិលពីសំណាក់ក្រុម Hacker ដែលលើកទីមួយ កើតមានឡើងកាលពីចុងឆ្នាំ២០១២។
នាយកប្រតិបត្តិមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលលោក លឹម ជាវុត្ថា បានថ្លែងថា គេហទំព័រដើមអម្ពិលត្រូវបានក្រុម Hacker Anonymous Cambodia ចូលលុកលុយទៅក្នុងកន្លែងផ្ទុកទិន្នន័យ ព្រមទាំងលុបទិន្នន័យចោលទាំងអស់។
ទោះបីជាយ៉ាងណា លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ក្រុមបច្ចេកទេសរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កំពុងព្យាយាមជួសជុលមកវិញ ហើយគេហទំព័រអាចដំណើរការ បានជាធម្មតាឡើងវិញ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បានថ្លែងសុំអភ័យទោសដល់ ម្ចាស់ដៃគូពាណិជ្ជកម្ម និងអ្នកនិយមអានគេហទំព័រ ដើមអម្ពិល ព្រមទាំងសុំការអធ្យាស្រ័យខ្ពស់ ចំពោះភាពរអាក់រអួល នៃការចេញផ្សាយក្នុងរយៈពេល នៃការវាយប្រហារពីក្រុម Hacker។
លោក សយ សុភាព ក៏បានថ្លែងកោតសរសើរ ដល់ក្រុម Anonymous Cambodia ដែលបានខិតខំសិក្សាទទួល បានចំណេះដឹងខ្លាំងខាងផ្នែកបច្ចេកវិទ្យា ក្នុងយុគសម័យថ្មីនេះ តែលោករំពឹងក្រុមបច្ចេកវិទ្យា ជាកូនខ្មែរទាំងអស់នេះ នឹងយកចំណេះដឹងរបស់ខ្លួនទៅប្រើ ជាប្រយោជន៍សម្រាប់សង្គមជាតិ និងមិនយកទៅប្រើក្នុង ផ្លូវអវិជ្ជមានបង្កឲ្យខូច ប្រយោជន៍របស់អ្នកដទៃ និងសង្គមជាតិនោះឡើយ។
សូមបញ្ជាក់ថា ក្រុម Hacker Anonymous Cambodia ជាក្រុមកូនខ្មែរមានការយល់ដឹងខ្ពស់ ផ្នែកបច្ចេកវិទ្យាពួកគេមានសមត្ថភាព ក្នុងការចូលទៅលុកលុយតាម គេហទំព័រជាច្រើននៅក្នុងប្រទេសកម្ពុជា។ សមាជិករបស់ពួកគេពីរនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពេលថ្មីៗនេះ ព្រមទាំងបញ្ជូនទៅកាន់តុលាការ ដើម្បីវិនិច្ឆ័យទោស បន្ទាប់ពីពួកគេបានចូលទៅវាយប្រហារ បណ្តាញគេហទំព័ររបស់រាជរដ្ឋាភិបាល។
ក្រុមពួកគេ ក៏បានព្រមានផងដែរថា ពួកគេនឹងវាយប្រហារ និងផ្តួលរំលំរាជរដ្ឋាភិបាល ប្រសិនបើមិនដោះលែងសមាជិករបស់គេទេនោះ៕