ភ្នំពេញ ៖ ហេតុការណ៍ផ្អើល ឆោឡោឡើង ដោយនារីបម្រើផ្លូវភេទម្នាក់បានស្រែក ហៅអោយអ្នកជិតខាង និងសមត្ថកិច្ច ជួយយកនាង ចេញពីផ្ទះផង ព្រោះមានបុរសជនជាតិអូស្រ្តាលីម្នាក់ ចាក់សោរមិនឲ្យនាងចេញ ។ ហេតុការណ៍នេះ កើតឡើង នៅម៉ោង១៦និង៣០នាទី ស្ថិតផ្ទះលេខ៥៥ដេ ផ្លូវ៤៥៦ ក្រុម៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ស្រ្តីដែលស្រែកហៅគេ ឲ្យជួយយកនាងចេញពីក្នុងផ្ទះ នេះ ឈ្មោះ ស្រីវី អាយុ ២៩ឆ្នាំ ស្នាក់នៅម្តុំបឹងកក់ ផ្លូវរថភ្លើង សង្កាត់បឹងកក់ ខណ្ឌទួលគោក មានមុខរបរ ជាស្រ្តីបម្រើផ្លូវភេទ ។ ចំណែក បុរសជនជាតិអូស្រ្តាលី ដែលចាក់សោបង្ខាំរូបនាង មិនឲ្យចេញនោះ ឈ្មោះ ទ្រីវ៉ូ ជូស៊ីពីត ភីភ័រ (Trevor Josepit Piper) អាយុ ៥០ឆ្នាំ ស្នាក់នៅផ្ទះ កើតហេតុខាងលើ មានតួនាទីជាទីប្រឹក្សាក្រសួចទេសចរណ៍ ។
ក្រោយពេលសមត្ថកិច្ច ចុះទៅជួយយកចេញ និងបាននាំកាន់ស្នាក់ការប៉ុស្តិ៍ នគរបាល រដ្ឋបាលទួលទំពូង១ រួចមក នារីរងគ្រោះ បាននិយាយរៀបរាប់ថា នៅម៉ោង២រសៀលថ្ងៃទី៩ ខែមីនានេះ រូបនាងត្រូវបានបុរស ជនជាតិអូស្រ្តាលីម្នាក់នេះ ហៅពីម្តុំផ្សារថ្មី យកទៅរួមភេទ ដោយនិយាយឲ្យតម្លៃ ៤០ដុល្លារ ហើយក៏នាំគ្នាមក ផ្ទះកើតហេតុនេះតែម្តង ។
នាងបន្តថា លុះសម្រេចចំណង់ផ្លូវភេទ ជាមួយបុរសជនជាតិអូស្រ្តាលី រូបនេះរួចរាល់ហើយ លុះដល់ម៉ោង ៤រសៀល នាងបានសុំលុយពីបុរសនេះ ប៉ុន្តែបុរសរូបនេះមិនព្រមឲ្យ ហើយបានចាក់សោរផ្ទះ មិនឲ្យនាងចេញទេ ទាល់តែនាងស្រែក ហៅឲ្យគេជួយ និងផ្អើលដល់សមត្ថកិច្ច មកជួយយកនាងចេញតែម្តង។ ដោយឡែក បុរសអូស្រ្តាលី បាននិយាយដោះសារថា រូបគេមិនបានធ្វើអ្វីនោះទេ ពោលគឺមិនបានរួមភេទ ជាមួយនាងទេ គាត់បានដេកលក់ រហូតមានការផ្អើលឆោឡោ ទើបគាត់ដឹងខ្លួន ។
ដូច្នេះគាត់មិនឲ្យបានឲ្យលុយ ទៅនាងនោះទេ ហើយគាត់ក៏បានចាក់សោរផ្ទះតាំងពីមកដល់ម្ល៉េះ ។ ក្រោយសមត្ថកិច្ច នគរបាល ទួលទំពូងសាកសួររួច ក៏បានប្រគល់ស្រ្តីបម្រើផ្លូវភេទ និងបុរសជនជាតិអូស្រ្តាលី ទៅការិយាល័យនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល