CamNews

ព័ត៌មានជាតិ 

ជនល្មើស ដែលបាញ់មេការ ត្រូវបានអង្គភាព ដាក់វិន័យ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នគរបាល  នៅនាយកដ្ឋានអន្តរាគមន៍ ក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ថា ជនល្មើស ឈ្មោះ ស្រ៊ុង ណាំគា ជាមន្រ្តីនគរបាល នៅនាយកដ្ឋានអន្តរាគមន៍ក្រសួងមហាផ្ទៃ ដែលបានបាញ់មេការ នៅភោជនីយដ្ឋាន បុបា្ជចំការ មន នោះ ត្រូវបានដាក់វិន័យ ហើយប្រសិនតុលាការរកឃើញកំហុសថា មន្ត្រីនគរបាលខាងលើ ពិតជាមានចេតនា បាញ់មែននោះ តុលាការនឹងចាត់ការទៅតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង២៤ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤ កម្លាំងកងរាជអាវុធហត្ថ ខណ្ឌ ចំការមន ចាប់ក្របួច នឹងវាយខ្នោះ នគរបាល នាយកដ្ឋានអន្ដរាគមន៍ក្រសួងមហាផ្ទៃម្នាក់ យកទៅកាន់ទីបញ្ជាកងរាជអាវុធហត្ថ ខណ្ឌ ចំការមនភ្លាមៗ ដោយសារនគរបាលរូប នោះ ចូលផឹកស៊ីក្នុងភោជនីយដ្ឋានបុបា្ជចំការ មន ស្រវឹងជោគជាំ ហើយពេលមេការ សុំ គិតលុយដល់ម៉ោងបិទហាង ធ្វើឱ្យរូបគេផ្ទុះ ហឹង្សាដកកាំភ្លើងខ្លីពីចង្កេះ បាញ់សំដៅទៅ លើមេការមួយគ្រាប់ ចំគូទធ្លាយរងរបួស សន្លប់ស្ដូកស្ដឹង នៅលើតុក្នុងកញ្ចុះភោជនីយ ដ្ឋានខាងលើ ។

មន្រ្តីនគរបាលរូបនោះ បានបន្តថា  អង្គភាពមិនគាំទ្រ នូវទង្វើបុគ្គលណាមួយ ដែលអនុវត្តខុសច្បាប់ ខូច ឈ្មោះអង្គភាពឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News