ភ្នំពេញ៖ បន្ទាប់ពីបណ្តាញស្ថានីយ៍ទូរទស្សន៍ CTN និង MY TV បានបើកយុទ្ធនាការ រៃអង្គាសប្រាក់ អស់រយៈពេល ជិត២ខែមកនេះ ដោយបានប្រមូលថវិកាបានចំនួន ២៩៥.០០០ ដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០៤ ក្រុមការងាររបស់ស្ថានីយ៍ ទូរទស្សន៍ រួមជាមួយ និងតារាចម្រៀង ហ្វីលីពីន បាននាំគ្នាយកថវិកាទាំងនោះ ទៅជូន ដោយផ្ទាល់ដៃដល់ មន្ទីរពេទ្យគន្ធបុប្ផា ។
នៅក្នុងពិធីប្រគល់ថវិកាជាផ្លូវការនោះ មានការចូលរួមយ៉ាងច្រើនកុះករ ដោយមាន អគ្គនាយក រងស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ីន លោក សោម ឆាយា រួមជាមួយក្រុមការងារ និងតារាចម្រៀង ប្រុសស្រីល្បីឈ្មោះជនជាតិហ្វីលីពីន បាន ពាំនាំថវិការជិត៣០ម៉ឺនដុល្លារ ប្រគល់ជូនដល់ អនុប្រធានមូលនិធិតំណាងមន្ទីពេទ្យ លោក រ៉ុងឌីនីស តំណាងប្រធាន មូលនិធិមន្ទីពេទ្យ គន្ធបុប្ផា ដើម្បីយកថវិកានោះ ទៅជួយសង្គ្រោះនិងព្យាបាលជំងឺដល់កុមារកម្ពុជា ។
អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ ស៊ី ធី អ៊ីន លោក សោម ឆាយា បានមានប្រសាសន៍ថា នេះជាជោគជ័យដល់ ធំធេងណាស់ សម្រាប់CTN &MY TV ដែលបានរៀបចំកម្មវិធីនេះឡើង ដោយបានទទួល ការចង្អុលបង្ហាញពី អ្នកឧកញ៉ គិត ម៉េង រួមជាមួយបុគ្គលទាំងអស់ បានខំប្រឹងប្រែងផ្សព្វ ផ្សាយ កម្មវិធីនេះដល់បងប្អូនប្រជាពលរដ្ឋ ឲ្យលោកបានជ្រាប និងបានចូលរួម ហើយការ បរិច្ចាគថវិកាទាំងអស់ របស់សប្បុរសជន គឺមានអត្ថប្រយោជន៍ ក្នុងការជួយដល់កុមារ នៅកម្ពុជា ។
លោក សោម ឆាយា បានមានប្រសាសន៍បន្ថែមទៀតថា “ បើទោះជាពេលនេះ ខាងស្ថានីយ ទូរទស្សន៍ បានបញ្ចប់ ការប្រមូលថវិកា ជួយដល់មន្ទីពេទ្យក៏ដោយ តែយើងនៅតែខំផ្សព្វផ្សាយ បន្តទៀត ទៅដល់សប្បុរសជន ដែលមាន បំណងចង់ បរិច្ចាគជួយមន្ទីពេទ្យគឺ យើងអាចណែនាំ គាត់មកដាក់ថវិកា នៅខាងមន្ទីពេទ្យផ្ទាល់ ដោយយើង មិនទទួលទៀតទេ ហើយខាងក្រុម ការងារសង្ឃឹមថា អាចនិងបន្តការងារនេះទៀត តែមិនទាន់ដឹងថាពេលណាទេ ព្រោះថាការងារ នេះមិនមែនជារឿងងាយប៉ុន្មានទេ ” ។
ជាមួយគ្នានោះដែល អនុប្រធានមូលនិធិតំណាង ឲ្យប្រធានមូលនិធិមន្ទីពេទ្យគន្ធបុប្ផា គឺ លោក រ៉ុងឌីនីស បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ទាំងប្រាំ សាខាក្នុងមួយថ្ងៃៗ ទទួលកុមារដែល ពិគ្រោះជំងឺ និងផ្តល់ថ្នាំឲ្យលេបប្រមាណ ៣០០០ នាក់ និងចំណាយថវិកាក្នុងមួយថ្ងៃ១២ម៉ឺនដុល្លារ ។
អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង នៅក្នុងការប្រគល់ថវិកា ជាផ្លូវការទៅដល់មន្ទីពេទ្យ គន្ធបុប្ផានោះ គឺមាន វត្តមានតារាចម្រៀងប្រុសស្រីជនជាតិហ្វីលីពីន៣នាក់ ចូលរួមគឺនាង Carla Abellana លោក Mikael Daez និង នាង Andrea Torres ដោយតារាទាំង៣ដួងនេះ ត្រូវបានប្រជាពលរដ្ឋស្គាល់ តាមរយៈការ សម្តែងរឿង មានចំណងជើងថា "ស្នេហ៍ប្ដីខ្ញុំ" និង រឿង "បាត់ស្នេហ៍នឹងមុខ" ដែលមានបញ្ចាំងនៅទូរទស្សន៍ CTN និង My TV ផងដែរ ៕