ភ្នំពេញ ៖ កម្លាំងនគរបាល មន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃដឹកនាំដោយ លោក អុិន សុង និងមានការឯកភាពពី លោកព្រះរាជអាជ្ញារង សៀង សុខ ព្រម ទាំងមានការចូលរួម ពីសំណាក់មន្រ្តីនគរបាលមូលដ្ឋាន នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៤ នេះ បានចុះឆែកឆេរលំនៅឋាន របស់ ជនសង្ស័យផលិត ចែកចាយ និងជួញដូរគ្រឿង ញៀន ជាមន្រ្តីនគរបាល ក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចបានរឹបអូស ថ្នាំញៀនជាច្រើនផងដែរ ។
សមត្ថកិច្ចដែលចូល រួម ក្នុងប្រតិបត្ដិការចុះឆែកឆេរលំនៅឋាន ខាងលើនេះ បានឱ្យដឹងថា ក្រោយពីការ ស្រាវជ្រាវ និងតាមរយៈ ការចុះមកឆែក ឆេរ នៅក្នុងផ្ទះរបស់ជនល្មើសម្ដង ទៀត ទើបរកឃើញ ជនល្មើសមានលាក់ថ្នាំញៀន មួយចំនួនធំ នៅក្នុងលំនៅឋាននោះ ។
សមត្ថកិច្ចបានបង្ហើបអោយដឹងថា ជនសង្ស័យមានឈ្មោះ ឡេ ចាន់ថា ភេទប្រុស អាយុ ៥០ឆ្នាំ ជានាយរងការិយា ល័យ នៃអគ្គាធិការកិច្ច ក្រសួងមហាផ្ទៃ ។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ សមត្ថកិច្ចបានចុះឆែកឆេរ លំនៅឋានរបស់ជនជាប់ចោទ២កន្លែង ដែលកន្លែងទី១ ស្ថិតនៅក្រុម៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ សមត្ថកិច្ចរកឃើញថ្នាំញៀន ប្រភេទក្រាមសថ្លា និងម្សៅស មួយចំនួនធំ និងលំនៅឋានមួយកន្លែងទៀត ស្ថិតនៅភូមិតាង៉ូវក្រោម ក្រុម៥ សង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចរកឃើញតែជញ្ជីងអេឡិចត្រូនិក ចំនួន២ និងសម្ភារប្រើប្រាស់ថ្នាំញៀនជាច្រើនផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល