CamNews

ព័ត៌មានជាតិ 

ទាហាននៅកងពល តូចលេខ៣១ បាញ់សម្លាប់ម្តាយក្មេក និងបងថ្លៃ ព្រោះខឹងឈ្លោះ ជាមួយប្រពន្ធ

កំពង់ស្ពឺ ៖ លោក សោម បូរ៉ា ស្នងការរង នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ កម្លាំង នគរបាលរបស់លោក និងកម្លាំងយោធា នៅកងពលតូច លេខ៣១ បាន និងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន បុរសម្នាក់ ដែលជាទាហាននៅកងពលលេខ៣១ នៃបន្ទាយស្រែខ្លុង ក្រោយពីទាញកាំភ្លើង AK បាញ់ម្តាយក្មេក និងបងថ្លៃស្រីរបស់ខ្លួន ស្លាប់មួយរំពេច នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៩៖២០នាទីព្រឹកថ្ងៃទី១៨ ខែមេសា។

លោក សោម បូរ៉ាបានបញ្ជាក់ ការបាញ់សម្លាប់ ម្តាយក្មេក និងបងស្រីថ្លៃរបស់ខ្លួនយ៉ាងដូច្នេះ បណ្តាលមកពី ជនសង្ស័យស្រវឹងស្រា ហើយខឹងនឹង ជនរងគ្រោះទាំង ពីរនាក់ មានជម្លោះជាមួយនឹងប្រពន្ធខ្លួន។

ក្រោយកើត ហេតុភ្លាមៗ ជនដៃដល់បានរត់ឡើងលើភ្នំដើម្បីគេចខ្លួន ។ លោក សោម បូរ៉ា បានឱ្យដឹងថា ពេលនេះសមត្ថកិច្ចបាននិងកំពុង សហការជាមួយទាហាន កងពលលេខ៣១ ដើម្បីចាប់ខ្លួនជនល្មើស ដែលកំពុង គេចខ្លួនឡើងទៅលើភ្នំមួយ នៅខេត្តកំពង់ស្ពឺ ដោយមានកាន់កាំភ្លើង AK ទៅជាមួយដែរ ។

បើតាមសមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់បាននិយាយប្រាប់ ប្រពន្ធរបស់គេ ថារូបគេនឹង មិនចុះពីលើភ្នំនោះទេ ហើយនឹងសម្លាប់ខ្លួនផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kompong Spue