ភ្នំពេញ ៖ កម្លាំងនគរបាល និងអាជ្ញាធរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀនម្នាក់ កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ខណៈជនសង្ស័យរូបនេះ កំពុងអង្គុយ លើកង់ ស្ថិតនៅតាមផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ការឃាត់ខ្លួនជនសង្ស័យ ខាងលើ បានធ្វើឡើង ខណៈដែលកម្លាំងនគរបាល និងអាជ្ញាធរ បានចុះធ្វើរដ្ឋបាល នៅភូមិសាស្រ្តនេះ។ មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យរូបនេះមាន ឈ្មោះ ឡាយ គឹមលន់ អាយុ២២ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសមត្ថកិច្ច ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ច បានរកឃើញក្រាមពណ៌សថ្លា ចំនួន២កញ្ចប់តូច ដែលជនសង្ស័យ ដាក់ក្នុងហោប៉ៅ ។ ក្រោយការសាកសួរ ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជា ដាក់ក្រាមពណ៌ស ២កញ្ចប់ នៅជាប់នឹងខ្លួន ពិតប្រាកដមែន តែមិនមែនជា គ្រឿងញៀនទេ វាជាអំបិល លាយជាមួយស្ករស ។ ជនសង្ស័យបន្តទៀតថា ខ្លួនពិតជាបាន ប្រើប្រាស់ គ្រឿងញៀនមែន អស់រយះពេលជាង២ខែកន្លង មកហើយ ។
យ៉ាងណាក៏ដោយ ជនសង្ស័យត្រូវបានសមត្ថកិច្ច យកទៅសួរនាំ បន្តទៀត នៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ដើម្បីចាត់ការបន្តទៀត៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល