នេះជាលើកទីមួយហើយ ដែលទារិកាអភ័ព្វ ដែលមានក្បាលជាប់គ្នា គឺនាង Abby និងនាង Erin Delaney អាចគេងលើគ្រែដាច់ដោយឡែកពីគ្នា។
ទារិកាអាយុ ១០ ខែ មកពីរដ្ឋ North Carolina បានកើតមកមានក្បាលជាប់គ្នា ដែលជាករណីដ៏កម្របំផុត នៅលើពិភពលោក។ ក្រោយពីរៀបចំផែនការ និងត្រៀមខ្លួនរយៈពេលជាច្រើនខែមក ទារិកាភ្លោះទាំងពីរនាក់នោះ បានទទួលការវះកាត់ញែកចេញពីគ្នាជោគជ័យ ដោយប្រើរយៈពេល ១១ ម៉ោង កាលពីសប្តាហ៍មុន នៅឯមន្ទីរពេទ្យកុមារនៃទីក្រុង Philadelphia នៅភាគអាគ្នេយ៍នៃរដ្ឋ Pennsylvania នេះបើយោងតាមមន្ទីរពេទ្យ។
អ្នកស្រី Jesse Taylo វេជ្ជបណ្ឌិតឯកទេសវះកាត់កែសម្ផស្ស ដែលបានសហការដឹកនាំការវះកាត់ នេះ ជាមួយនឹងលោកវេជ្ជបណ្ឌិត Gregory Heuer ឯកទេសវះកាត់ប្រព័ន្ធប្រសាទ បានឱ្យដឹង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ការញែកផ្ដាច់កូនភ្លោះជាប់គ្នាបែបនេះ គឺជាការវះកាត់ដ៏ស្មុគស្មាញបំផុត ដែលត្រូវអមដោយការថែទាំរយៈពេលយូរ និងស្មុគស្មាញប៉ុន្តែយើងសង្ឃឹមយ៉ាងមុតមាំថា ការវះកាត់នេះ នឹងទទួលបានលទ្ធផលវិជ្ជមាន។ "នាពេលនេះ ទារិកា Erin និងទារិកា Abby កំពុងទទួលបានការថែទាំ នៅមជ្ឈមណ្ឌលថែទាំកុមារយ៉ាងល្អិតល្អន់ ស្ថិតក្រោមការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ ដោយក្រុមអ្នកជំនាញរបស់យើង" ។
លក្ខណៈកូនភ្លោះ ដែលកើតមកមុខស្រដៀងគ្នា អំប្រ៊ីយ៉ុង បែកចេញជាពីរ នៅពេលទើបតាំងគភ៌ដំបូង ប៉ុន្តែកូនភ្លោះ ដែលមានសរីរាង្គជាប់គ្នាវិញ អំប្រ៊ីយ៉ុងមិនបែកចេញពីគ្នានោះឡើយ ហើយកូនភ្លោះនោះ នៅតែភ្ជាប់គ្នារហូតដល់ពេលប្រសូត្រ នេះបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យរដ្ឋ Maryland ។ កូនភ្លោះ ដែលមានសរីរាង្គជាប់គ្នាបែបនេះ គឺជារឿងចម្លែក ដែលកើតឡើងម្តងរៀងរាល់កំណើតទារកប្រមាណជា ២០០,០០០ ហើយកូនភ្លោះ ដែលកើតមកមានក្បាលជាប់គ្នានេះ គឺជាទម្រង់ដ៏កម្របំផុត ដែលមានចំនួនប្រហែល ២ ភាគរយប៉ុណ្ណោះនៃកូនភ្លោះ ដែលមានអវយវៈជាប់គ្នា នេះបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្រ្ត។
ឪពុកម្តាយរបស់ Abby និង Erin គឺលោក Riley និងអ្នកស្រី Heather Delaney បានដឹងថា កូនស្រីរបស់ពួកគាត់ មានលលាដ៍ក្បាលជាប់គ្នា តាំងពីដើមឆ្នាំមុន នៅពេលដែលអ្នកស្រី Heather Delaney ទើបតែតាំងគភ៌បានប្រហែល ១១ សប្តាហ៍។
ទោះបីជាដឹងភ្លាមៗថា កូនភ្លោះរបស់ខ្លួន អាច ឬមិនមានវះកាត់ញែកចេញពីគ្នាបានក្ដី ដោយទឹកចិត្ដម្ដាយ អ្នកស្រី Heather Delaney បានចាប់ផ្តើមធ្វើដំណើរពីរដ្ឋ North Carolina ទៅរដ្ឋ Pennsylvania ដើម្បីទទួលការថែទាំគភ៌មុនពេលសម្រាល។ ទីបំផុត អ្នកស្រីបានប្តូរទៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់មាតា ដែលមានគភ៌ស្មុគស្មាញ នាទីក្រុង Philadelphia នេះបើយោងតាមមន្ទីរពេទ្យ។
ខាងមន្ទីរពេទ្យ បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៦ Abby និង Erin ត្រូវបានសម្រាលដោយការវះកាត់ រយៈពេល ១០ សប្ដាហ៍មុនពេលសម្រាលធម្មតា ដោយទារិកាម្នាក់ៗ មានទម្ងន់ប្រហែល ០,៩០ គីឡូក្រាម ។
បណ្ដាវេជ្ជបណ្ឌិតទាំងអស់ បានធ្វើការតាមផែនការគ្រប់ជ្រុងជ្រោយ ដើម្បីព្យាយាម វះកាត់បំបែកពួកគេចេញពីគ្នា ។
លោកវេជ្ជបណ្ឌិត Alan R. Cohen ប្រធានផ្នែកវះកាត់ប្រព័ន្ធប្រសាទកុមារ នៅមន្ទីរពេទ្យ Johns Hopkins បាននិយាយថា លោកមិនអាច អត្ថាធិប្បាយលើករណីរបស់ Delaney ឱ្យប្រាកដប្រជានោះទេ ប៉ុន្តែថា ការបំបែកកូនភ្លោះ ដែលមានលលាដ៍ក្បាលជាប់គ្នានេះ “អាចជាការវះកាត់ ដែលប្រឈមនឹងហានិភ័យខ្ពស់បំផុត»។
លោកវេជ្ជបណ្ឌិត Cohen បាននិយាយថា ការវះកាត់ត្រូវបានធ្វើឡើង នៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗ ជាកន្លែង ដែលក្រុមគ្រូពេទ្យវះកាត់ប្រព័ន្ធប្រសាទ គ្រូពេទ្យវះកាត់កែសម្ផស្ស អ្នកជំនាញខាងថ្នាំស្ពឹក និងក្រុមគ្រូពេទ្យផ្ដល់ការថែទាំសំខាន់ៗជាច្រើននាក់ទៀត ចំណាយពេលជាច្រើនខែ ដើម្បីសិក្សាការលើការឆ្លុះខួរក្បាលរបស់អ្នកជំងឺ ហើយជាញឹកញាប់ការឆ្លុះទាំងនោះ ធ្វើឡើងដោយម៉ាស៊ីន 3-D ដើម្បីព្យាយាមស្វែងរកវិធីដ៏មានសុវត្ថិបំផុត ដើម្បីវះកាត់ទារិកាផ្ដាច់ចេញពីគ្នា"។
វេជ្ជបណ្ឌិត Cohen ថា៖ "ផ្អែកលើកន្លែង ដែលលលាដ៍ក្បាលជាប់គ្នា និងការរលាយចូលគ្នាច្រើនប៉ុនណានោះ ក្រុមវេជ្ជបណ្ឌិត កំណត់បាននូវភាពស្មុគស្មាញនៃការវះកាត់នេះ»។ លោកបានបន្ថែមទៀតថា៖ «ផលវិបាកនៃការវះកាត់ ដែលគួរឱ្យខ្លាចបំផុតនោះ គឺជារបៀបដើម្បីគ្រប់គ្រងសរសៃឈាមរួមគ្នា ជាពិសេសសរសៃឈាម ដែលលាតសន្ធឹងកាត់ខួរក្បាល ដោយសារតែជាធម្មតា ទារកម្នាក់ទទួលបានសរសៃឈមល្អ ហើយម្នាក់ទៀតមិនបានល្អនោះទេ »។
លោក Cohen បាននិយាយថា ក៏ពិចារណាដល់ផ្នែកសីលធម៌ផង ចំពោះការវះកាត់ទារិកាភ្លោះញែកចេញពីគ្នានេះ។ កូនភ្លោះនេះ អាចនឹងស្លាប់ដោយសារការវះកាត់ ឬពេលខ្លះកួនភ្លោះម្នាក់រស់ ហើយម្នាក់ទៀតស្លាប់ ឬមានស្ថានភាពប្រព័ន្ធប្រសាទទន់ខ្សោយ ។
លោកបាននិយាយថា "ភាពជោគជ័យ" សំដៅដល់គ្រូពេទ្យឯកទេសវះកាត់ អាចវះកាត់បំបែកកូនភ្លោះចេញពីគ្នា ប៉ុន្តែនៅក្នុងលក្ខខណ្ឌព្យាករណ៍ទុករយៈពេលវែង ជាធម្មតា វាជាពេលវេលាដ៏វែងឆ្ងាយទៅមុខទៀត សម្រាប់ក្រុមគ្រួសារ និងក្រុមគ្រូពេទ្យ ក្នុងការផ្ដល់ការថែទាំដល់ពួកគេ»។
មន្ទីរពេទ្យកុមារ នៅរដ្ឋ Philadelphia បានឱ្យដឹងថា វេជ្ជបណ្ឌិតប្រហែល ៣០ នាក់ ដែលមានគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផ្សេងទៀត បានធ្វើការរួមគ្នា ដើម្បីវះកាត់កូនភ្លោះនោះចេញពីគ្នា ដែលជាការវះកាត់លើកដំបូងសម្រាប់មន្ទីរពេទ្យ។ មន្ទីរពេទ្យនេះ បាននិយាយថាខ្លួនបានវះកាត់បំបែកចេញពីគ្នានូវកូនភ្លោះ ដែលមានសរីរាង្គជាប់គ្នា ២២ គូមកហើយក្នុងរយៈពេលជាង ៦០ កន្លងមកនេះ ប៉ុន្តែ មិនធ្លាប់វះកាត់កូនភ្លោះ ដែលមានលលាដ៏ជាប់គ្នាបែបនេះ នោះទេ។
ការវះកាត់នេះត្រូវ បានរៀបចំយ៉ាងល្អិតល្អន់៖ ឧបករណ៍វះកាត់ ត្រូវភ្ជាប់លេខកូដពណ៌ ដោយបិទថេបពណ៌បៃតង និងស្វាយ ដោយពណ៌មួយ បិទទៅលើអ្នកជំងឺម្នាក់ៗ ដោយឡែកពីគ្នា ។ ក្រុមគ្រូពេទ្យ បានធ្វើការសំខាន់ រួមគ្នាជាក្រុមមួយ ហើយបន្ទាប់មក នៅពេលដែលទារិកាទាំងពីរនាក់ ត្រូវបានវះកាត់ផ្ដាច់ពីគ្នារួចរាល់ គ្រូពេទ្យ ត្រូវបានចែកជាពីរក្រុម ដើម្បីផ្ដល់ការថែទាំទារិកាទាំងពីរ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Washington