CamNews

ព័ត៌មានជាតិ 

គ្រូពេទ្យវះកាត់ ខេត្តតាកែវ ពីរនាក់ ត្រូវគេប្ដឹង ទៅកាន់តុលាការ

តាកែវ ៖ បន្ទាប់ពីប្រពន្ធរបស់ខ្លួន បានស្លាប់បណ្ដាលមកពីខ្វះការយកចិត្តទុកដាក់ របស់គ្រូពេទ្យវះកាត់ ខេត្តតាកែវរួចមក គ្រូពេទ្យបង្អែក ខេត្តតាកែវពីរនាក់ ត្រូវបានលោក នូ សារី ជាប្ដី ស្រ្តីរងគ្រោះ បានដាក់ ពាក្យបណ្ដឹង ទៅកាន់សាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ ដោយទាម ទារឲ្យគ្រូពេទ្យវះកាត់ទាំងពីរនាក់នេះ សងជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាម៉េរិក។

គ្រូពេទ្យដែលត្រូវគេប្ដឹងនោះ ទី១ ឈ្មោះ ឃឹម ធូ មានតួនាទី ជាគ្រូពេទ្យវះកាត់ និងទី២ឈ្មោះ សូក ល្យាញ មានតួនាទីជាជំនួយការ នៅមន្ទីរពេទ្យបង្អែក ខេត្តតាកែវ ។

យោងតាមពាក្យបណ្ដឹង របស់លោក នូ សារី មានទីលំនៅក្នុងស្រុកអង្គរបុរី ដែលបានដាក់ទៅកាន់ លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដែលគេហទំព័រដើមអម្ពិល បានទទួលនៅថ្ងៃទី០៧ ខែកុម្ភៈ នេះ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤កន្លងទៅនេះ គាត់បានបញ្ជូនប្រពន្ធរបស់គាត់ ឈ្មោះ ង៉ែត សាខន អាយុ៤០ឆ្នាំ មកមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីឆ្លងទន្ល ពេលមកដល់មន្ទីរពេទ្យ ត្រូវបានលោកគ្រូពេទ្យប្រាប់ថា ឲ្យរង់ចាំតាមដានសិន ព្រោះកើតមិនទាន់បាន។ លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ គ្រូពេទ្យវះកាត់ម្នាក់ឈ្មោះ ឃឹម ធូ បានមកប្រាប់គាត់ និងប្រពន្ធថា ថ្ងៃនេះដល់ពេលត្រូវវះកាត់ ហើយ លុះនៅវេលាម៉ោង១រសៀល ពេទ្យក៏បានបញ្ជូនប្រពន្ធគាត់ចូលក្នុងបន្ទប់វះកាត់ អស់រយៈពេល ប្រមាណ ៤០នាទី ក្រោយមកប្រពន្ធរបស់គាត់បានបានឆ្លងទន្លេរួចដោយការវះកាត់ ក៏ប៉ុន្តែស្រ្តីអ្នកជំងឺមិន ត្រូវបានអនុញ្ញាតឲ្យចេញពីបន្ទប់វះកាត់នោះទេ រហូតទល់តែម៉ោងជិត ៦យប់ ទើបពេទ្យអនុញ្ញាតឲ្យចេញ មកសម្រាកនៅក្រៅ ។

ពាក្យបណ្ដឹង បានរៀបរាប់បន្តថា «លុះចេញមកពីបន្ទប់វះកាត់ ប្រពន្ធរបស់ខ្ញុំ មានសភាពស្លេកស្លាំង ពេល នោះគ្រូពេទ្យបានប្រាប់ថា អ្នកជំងឺត្រូវការបញ្ចូលឈាម សង្រ្គោះបន្ទាន់។ បន្ទាប់ពីបានបញ្ចូលឈាម រួចមក នៅវេលាម៉ោងប្រមាណ១២យប់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ ប្រពន្ធខ្ញុំត្រូវផ្ទុះឈាមចេញតាមកន្លែងវះ កាត់ ហើយបានស្លាប់ភ្លាមៗមួយរំពេច ហើយនៅពេលដែលមានការផ្ទុះឈាមនោះ មិនមានគ្រូពេទ្យមក ជួយសង្រ្គោះទេ ក្រៅតែពីឃើញគិលានុបដ្ឋាយិកា ដែលប្រចាំការ នៅទីនោះតែប៉ុណ្ណោះ»។

នៅក្នុងពាក្យបណ្ដឹងដដែល ក៏បានលើកឡើងពីប្រភពព័ត៌មាន ដែលចេញពីមន្ទីរពេទ្យ ក្រោយពេលកើត ហេតុថា លោក ឃឹម ធូ ពុំមានឈ្មោះ ជាវេជ្ជបណ្ឌិត នៅក្នុងក្របខ័ណ្ឌរដ្ឋនោះទេ លោកមានតួនាទី ត្រឹមជា គិលានុប្បដ្ឋានមធ្យមតែប៉ុណ្ណោះ ហើយម្យ៉ាងទៀត ការមានតួនាទីវះកាត់ទាល់តែជាវេជ្ជបណ្ឌិត ដែលមាន ជំនាញវះកាត់ច្បាស់លាស់ ទើបអាចធ្វើការវះកាត់អ្នកជំងឺបាន ។

បើតាមពាក្យបណ្ដឹងនោះ បានស្នើសុំឲ្យលោកព្រះរាជអាជ្ញាជួយរកយុត្តិធម៌ និងសូមទារសំណងជំងឺចិត្ត ចំនួន ១០.០០០ (១ម៉ឺនដុល្លារ) សហរដ្ឋអាម៉េរិក ។

ពាក់ព័ន្ធទៅនឹងការដាក់ពាក្យបណ្ដឹង ប្ដឹងគ្រូពេទ្យវះកាត់ខេត្តតាកែវនេះ លោក ខៀវ សម្រស់ ប្រធានមន្ទីរ ពេទ្យបង្អែកខេត្តតាកែវបានថ្លែងឲ្យដឹងថា លោកបានដឹង ពីករណីស្រ្តីរងគ្រោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ របស់លោករួចហើយ ដែលការស្លាប់នេះមិនមែនជាការធ្វេសប្រហែស របស់កូនចៅ ក្រោមឱវាទលោកនោះ ទេ ពោលគឺអ្នកដែលវះកាត់មានសញ្ញាប័ត្រវេជ្ជបណ្ឌិតត្រឹមត្រូវ ហើយនៅបន្ទប់សង្រ្គោះបន្ទាន់ គឺមានក្រុម គ្រូពេទ្យប្រចាំការគ្រប់ពេល ។

បើតាមលោកប្រធានមន្ទីរពេទ្យរូបនេះ អះអាងថា ការស្លាប់នេះ គឺបណ្ដាលមកពីតំរង់នោម របស់ស្រ្តីដែល ទទួលវះកាត់ហើយនោះមិនដំណើរការ ហើយនៅ ពេលដែលផ្ទុះឈាមធ្លាយថ្នេរដែលពេទ្យដេរនោះ គឺមក ពីស្រ្តីរងគ្រោះបានប្រឹងនោម ហើយខណៈដែលតំរង់នោមមិនដំណើរការ កើតមានបញ្ហានេះឡើង ដែលធ្វើ ស្រ្តីនោះបានស្លាប់បាត់បង់ជីវិតតែម្ដង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News