CamNews

ព័ត៌មានជាតិ 

ជិះកង់​ ទៅលួចម៉ូតូ ម្ចាស់ឃើញទាន់ រត់តាមពីក្រោយ ដួលផ្កាប់មុខ ចោរជិះទៅបាត់

*លោកអធិការខណ្ឌ ជួយពង្រឹងសន្ដិសុខផង

ភ្នំពេញ ៖ បុរសម្នាក់ បើទោះបីភ្ញាក់ពីដេកទាន់ ហើយឃើញចោរកំពុងធាក់ម៉ូតូរបស់ខ្លួន ប៉ុន្ដែពេល
រត់សំដៅមក ចោរ ស្រាប់តែចូលជង្ហុកដួលផ្កាប់ មុខ រីឯចោរក៏ជិះម៉ូតូចេញទៅ ដោយសុវត្ថិភាព
បន្ទាប់ពីជនសង្ស័យរូបនេះ បានជិះកង់មកលួចម៉ូតូ ។ ហេតុការណ៍ចោរកម្មខាងលើនេះ បាន កើត
ឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងការដ្ឋានធ្វើទ្វារ
បង្អួច ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍ សែនជ័យ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះលោក ស៊ុំ សឿន អាយុ
៤៦ឆ្នាំ មុខរបរ ជាជាងធ្វើទ្វារបង្អួច មានស្រុក កំណើត នៅភូមិឈូង ឃុំសម្លុង ស្រុកខ្សាច់កណ្ដាល
ខេត្ដកណ្ដាល ហើយបច្ចុប្បន្ន ស្នាក់នៅក្នុងដ្ឋានធ្វើទ្វារបង្អួចខាងលើ បានបាត់ម៉ូតូម៉ាក វីវ៉ា ស៊េរីឆ្នាំ
២០០៤ ពណ៌ខ្មៅ ពាក់ស្លាក តាកែវ ១ដេ ១៤៦៦ ។

ប្រភពព័ត៌មានបានបន្ដថា ខណៈដែលជនរងគ្រោះកំពុងដេកលង់លក់ នៅក្នុងការដ្ឋាន ស្រាប់តែ
មាន ជនសង្ស័យម្នាក់ បានជិះកង់ ហើយទុកចោល រួចបានឡើងចូលទៅក្នុងការដ្ឋានរបស់លោក
ធ្វើសកម្មភាពលួចម៉ូតូ ចេញមកក្រៅ ដោយអូសថ្នមៗ។ ពេលនោះជនរងគ្រោះភ្ញាក់ពីដេក ឃើញ
បាត់ ម៉ូតូ ក៏ចេញមកក្រៅ ឃើញចោរ កំពុងធាក់ម៉ូតូ តែមិនទាន់ឆេះ ។ ពេលឃើញយ៉ាងដូច្នេះ ជន
រងគ្រោះបានរត់បណ្ដើរ ស្រែកបណ្ដើរ ប៉ុន្ដែសំណាង អាក្រក់ ពេលកំពុងរត់នោះធ្លាក់ជង្ហុក ក៏ដួល
ផ្កាប់មុខ ទុកឱកាសឱ្យចោរធាក់ម៉ូតូឆេះ ដោយបិទភ្លើងជិះចេញទៅ ដោយសុវត្ថិភាព ហើយបន្សល់
ទុកកង់កញ្ចាស់មួយឱ្យជនរងគ្រោះវិញ ។ ជនរងគ្រោះបាននិយាយថា ក្រៅពីបាត់ ម៉ូតូ គាត់ក៏បាន
បាត់លុយខ្មែរ ៦ម៉ឺនរៀល អត្ដសញ្ញាណប័ណ្ណ និងប័ណ្ណបើកបរ ដែលទុកនៅក្នុងកែបម៉ូតូ។

ទាក់ទិនករណីនេះ ប្រជាពលរដ្ឋបានស្ដីបន្ទោស ចំពោះសមត្ថកិច្ចមូលដ្ឋាន ចំពោះអំពើចោរកម្មដែល
តែងតែកើត មានឡើង នៅក្នុងទឹកដីខណ្ឌពោធិ៍ សែនសុខ ក្រោមការដឹកនាំរបស់លោក ប៊ន សំអាត
ជាអធិការនគរបាលខណ្ឌ ។ ប្រជាពលរដ្ឋបាននិយាយថា សមត្ថកិច្ចមូលដ្ឋានខ្លះ នៅពេលមាន រឿង
ចោរកម្មកើតឡើង តែងតែព្យាយាមបិទបាំង មិនឱ្យថ្នាក់លើដឹងនោះឡើយ ព្រោះខ្លាចស្ដីបន្ទោស ។

ប្រភពព័ត៌មានមួយចំនួន ពីសមត្ថកិច្ចថ្នាក់ក្រោម បានឱ្យដឹងថា នៅពេលចាប់ជនល្មើស ក្នុងរឿងតូច
តាច តែងតែហៅអ្នកកាសែត ទៅផ្សព្វ ផ្សាយ ដើម្បីយកស្នាដៃ ប៉ុន្ដែនៅពេលមានរឿងករណីធំៗកើត
ឡើង លាក់បាំងឱ្យជិត ព្រោះខ្លាចថ្នាក់លើស្ដីបន្ទោស។

ប្រជាពលរដ្ឋសូមសំណូមពរ ឱ្យលោកអធិការខណ្ឌ ប៊ន សំអាត ជួយពង្រឹងសន្ដិសុខ នៅមូលដ្ឋានផង ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ដ និងដើម្បីអនុវត្ដទៅតាមគោល នយោបាយរាជរដ្ឋាភិបាល ភូមិ
ឃុំ មានសុវត្ថិភាព៕

កង់កញ្ចាស់ដែលចោរទុកឲ្យម្ចាស់ម៉ូតូ

កន្លែងជនរងគ្រោះស្នាក់នៅ

សកម្មភាពធ្វើត្រាប់តាមចោរ

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ