ភ្នំពេញ៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងការពារប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា អ្វីដែលសម្តេចមានប្រសាសន៍កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥នោះ មិនបាន សំដៅមើលងាយលើស្រ្តីខ្មែរនោះទេ ពោលគឺសំដៅទៅលើតែស្រ្តីម្នាក់ ទាត់ធាក់លើសន្តិសុខសាលាខណ្ឌដូនពេញ ក្នុងហេតុការណ៍ផ្ទុះហិង្សាក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តែប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ កាលពីថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៥នេះ បានសម្តែងប្រតិកម្មយ៉ាងទៅកាយវិការរបស់ស្ត្រីម្នាក់ ដែលបានយកជើងទៅធាក់ក្បាល សន្តិសុខសាលាខណ្ឌដូនពេញ ក្នុងពេលផ្ទុះហិង្សាក្បែរទីលានប្រជាធិបតេយ្យ។ ជាមួយការសម្តែងប្រតិកម្មនេះ ស ម្តេចតេជោ បានស្នើឲ្យមានចំណាត់ការទៅលើក្រុមអ្នកប្រើហិង្សា ហើយបានហៅស្រ្តីប្រើហិង្សានេះ ជាមួយពាក្យ ធ្ងន់ៗថា «មីស្រី»។
សម្តេចបានមានប្រសាសន៍ថា «បញ្ជាតាមចាប់ខ្លួន។ នៅតែចាប់ខ្លួនរឿងព្រហ្មទណ្ឌប៉ូលិសអត់ចាប់ខ្លួនគឺខុសច្បាប់ ។ ក្នុងព្រឹត្តិការណ៍វ៉ៃហ្នឹង មានស្រីម្នាក់វ៉ៃទាត់ធាក់ដូចកីឡាកាសអីចឹង។ អីចឹងតាមចាប់ខ្លួនមីស្រីហ្នឹង ឲ្យបានមើល អានេះ គេមិនហៅស្រ្តីទេ គឺហៅញី និងមីស្រី វាជាការហួសពេក»។
ប្រសាសន៍របស់សម្តេចបានធ្វើឲ្យអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនិងស្រ្តី បានសម្តែងការប្រតិកម្ម និង អាក់អន់ចិត្តផងដែរ ដោយបានហៅប្រសាសន៍របស់សម្តេចថាជាការមើលងាយដល់ស្រ្តី។
ឆ្លើយតបការប្រតិកម្មនេះ លោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍បញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន បាន សំដៅ និងសង្កត់ទៅលើស្រ្តីតែមួយរូបប៉ុណ្ណោះ ដែលបានប្រព្រឹត្តអំពើអាក្រក់ហួសហេតុ យកជើងទាត់ធាក់សន្តិ សុខម្នាក់ឲ្យរងរបួស ដែលទង្វើនេះសង្គមមិនគាំទ្រ និង ស្អប់ខ្ពើម ហើយសម្តេចគ្មានបំណងរើសអើង និងមាក់ងាយ ស្រ្តីទូទៅនោះទេ»។
លោកស្រីរដ្ឋមន្រ្តី បានបន្ថែមថា ភាពរីកចម្រើន នៃស្ថានភាពស្រ្តីនៅកម្ពុជា កើតចេញពីការគាំទ្រ និង ជំរុញផ្ទាល់ពី សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។ «ក្នុងបរិបទ នៃការទប់ស្កាត់អំពើហិង្សាលើស្រ្តី យើងខ្ញុំសូមបញ្ជាក់បន្ថែម ថា តាមរយៈការគាំទ្រខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រទេសយើង បានប្តេជ្ញាចិត្តខ្ពស់ និងហ៊ានដាក់សូចនាករ ក្នុងការកាត់បន្ថយអត្រាប្រេវ៉ាឡង់អំពើហិង្សាលើស្រ្តី នៅក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងគោលដៅអភិវឌ្ឍ ន៍ជាតិ»៕