- នាយករដ្ឋមន្រ្តី ប្រាប់តំណាងរាស្រ្ត CNRP ឲ្យចំាទទួលផែនទីពី UN ប្រសិនបើមានបំណង
ភ្នំពេញ៖ ទីបំផុតអង្គការសហប្រជាជាតិ (UN) យល់ព្រម ប្រគល់ផែនទីខ្មែរចំនួន១៨ផ្ទាំង ឲ្យរាជរដ្ឋាភិបាលកម្ពុជា យកមកផ្ទៀងផ្ទាត់ហើយ តបតាមការស្នើសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលបញ្ហាព្រំដែនកម្ពុជា-វៀតណាម បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងក្លាយជាប្រធានបទក្តៅគគុក មួយទាំងក្នុងក្របខណ្ឌទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាក្នុងក្របខណ្ឌនយោបាយនៅក្នុងប្រទេសកម្ពុជា។
ការយល់ព្រមប្រគល់ផែនទីខ្មែរពីសំណាក់ UN ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងកិច្ចប្រជុំគណៈ រដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៥។ ក្នុងនោះសម្តេចតេជោ បានធ្វើការណែនាំឲ្យមន្ត្រីពាក់ព័ន្ធនានា ត្រៀមចាំទទួលយកផែនទីខ្មែរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលអង្គការសហប្រជាជាតិមកឲ្យនា ខាងមុខនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចនា យករដ្ឋមន្ត្រីបានបញ្ជាក់ថា ថ្មីៗនេះ អង្គការសហប្រជាជាតិ បានរកឃើញផែនទីខ្មែរចំនួន ១៨ផ្ទាំង ដែលតម្កល់ទុក នៅក្នុងមជ្ឈមណ្ឌលឯកសាររបស់ពួកគេហើយ ហើយផែនទីនោះ នឹងត្រូវប្រគល់ឱ្យប្រទេសកម្ពុជា ក្នុងពេលឆាប់ៗ នេះ។
បើតាមលោក ផៃ ស៊ីផាន សម្តេចតេជោ បានណែនាំឲ្យគណៈកម្មការ ដែលពាក់ព័ន្ធត្រូវមានវត្តមាន និង ចុះហត្ថ លេខាទទួល និង ជាសាក្សី។ រាជបណ្ឌិត្យសភា ជាស្ថាប័នឯករាជ្យ និង Academic ក៏ត្រូវមានវត្តមានចុះហត្ថលេ ខា និងជាសាក្សី ដើម្បីការងារនៅថ្ងៃមុខ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានបង្ហើបស្វាគមន៍តំណាងរាស្រ្តបក្សប្រឆាំង ឲ្យចាំទទួលផែនទីនេះផងដែរ ប្រសិនបើ មានបំណង។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើលិខិតទៅកាន់ លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុំខ្ចីផែនទីខ្មែរតម្កល់ទុកនៅអង្គការសហប្រជាជាតិ យកមកផ្ទៀងផ្ទាត់ជាមួយផែនទីរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម។
ផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិនេះ ជាផែនទីខ្នាត ១/១០០០០០ ដែលត្រូវបានបោះពុម្ពធ្វើឡើង នៅចន្លោះឆ្នាំ១៩៣៣ ដល់១៩៥៣ ដោយរដ្ឋាភិបាលបារាំង ហើយត្រូវបានព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យកទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤។ ផែនទីនេះ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅ ចន្លោះឆ្នាំ១៩៦៣ ដល់ ១៩៦៩។
សូមបញ្ជាក់ផងដែរ ក្រៅពីស្នើសុំផែនទីពីអង្គការសហប្រជាជាតិ សម្តេចតេជោ ក៏ផ្ញើលិខិតទៅកាន់ប្រធានាធិបតីបា រាំង លោក ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ ពូបាម៉ា និងនាយករដ្ឋមន្រ្តីអង់គ្លេស ដេវីត កាមេ រ៉ុន ដើម្បីស្នើសុំផែនទី និងជំនាញបច្ចេកទេសលើផែនទី ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា និង ប្រទេសជិតខា ង។
សម្តចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការស្នើសុំផែនទីមកផ្ទៀងផ្ទាត់ ក្នុងបំណងបញ្ចប់នូវមន្ទិលសង្ស័យ របស់តំណាងរាស្រ្តបក្សប្រឆាំង និងសាធារណជនទូទៅ ក៏ដូចជាបង្ហាញភាពស្អាតស្អំរបស់រាជរដ្ឋាភិបាល ក្នុងការ ងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ជាពិសេស ការស្នើសុំផែនទីនេះ ក្នុងគោលបំណងធំបំផុត បញ្ចប់នូវការបែកបាក់របស់ជាតិ ដែលកើតឡើងពីការអុចអាលណាមួយនោះ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល