ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៥នេះ បានថ្លែង ហាមឃាត់គ្រប់ បណ្តាស្ថានីយ៍ ទូរទស្សន៍ទាំងអស់ក្នុងស្រុក ចាក់ផ្សាយភាពយន្ត បរទេសគ្រប់ប្រភេទ ក្នុងអំឡុងចាប់ ពីម៉ោងមាស (៧-៩យប់) ។
ការហាមឃាត់នេះ បានធ្វើឡើងក្រោយ ពីខ្សែភាពយន្តភាគថៃ កំពុងតែមានសកម្មភាព យ៉ាងខ្លាំងក្លា នៅតាមបណ្តាញ ទូរទស្សន៍ក្នុងស្រុក ដែលនាំគ្នាចាក់ផ្សាយ នៅក្នុងម៉ោងពិសេស ដែលជាម៉ោងសម្រាប់ ប្រជាពលរដ្ឋខ្មែរ ក្នុងការទស្សនា ទូរទស្សន៍បន្ទាប់ពី ទទួលទានបាយរួច ។
លោករដ្ឋមន្រ្តីបានថ្លែង ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយពីបញ្ចប់កិច្ចប្រជុំ ស្តីពីការសម្រេចបង្កើតគណៈកម្មការ សោតទស្សន៍ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះថា ដោយសង្កេតឃើញស្ថានីយទូរទស្សន៍ ក្នុងស្រុកភាគច្រើន តែងតែចាក់ ផ្សាយភាពយន្តបរទេស ក្នុងអំឡុងម៉ោង៧-៩យប់ ដែលម៉ោងពេញ និយមជាងគេនៅកម្ពុជា ក្រសួងព័ត៌មានបានចេញ លិខិត ហាមឃាត់ការចាក់ផ្សាយនេះ ជាបន្ទាន់ ហើយ ដើម្បីអនុញ្ញាតឲ្យផ្សាយភាពយន្ត ដែលជាស្នាដៃខ្មែរសុទ្ធសាធ ដើម្បីលើកស្ទួយវប្បធម៌ ជាតិខ្មែរ។
លោកបានបន្ថែមថា «យើងខ្ញុំបានរៀបចំជាលិខិតមួយដោយសារថា មានការរអ៊ូរទាំ ឬក៏មានការរិះគន់ច្រើន ដែលមាន ទូរទស្សន៍ច្រើនណាស់ គឺចាក់តែកុនបរទេសហួសហេតុពេក អ៊ីចឹងឥឡូវនេះ គឺយើងបានសម្រេចសុំឲ្យទូរទស្សន៍ ទាំងអស់ គឺពីម៉ោង៧ដល់ម៉ោង៩ (យប់) គឺឲ្យផ្សាយតែផលិតកម្ម ដែលផលិតក្នុងស្រុក»។
លោកបានលើកឡើង បន្តថា ចាប់តាំងពីលោកឡើង ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីឆ្នាំ១៩៩៣មក គឺលោកធ្លាប់ បានហាម ឃាត់ម្តងរួចមកហើយ ប៉ុន្តែត្រូវបរាជ័យទៅវិញ ដោយសារតែកាលពីសម័យនោះ ភាពយន្តខ្មែរមានប្រហែល តែជា៤០ភាគរយប៉ុណ្ណោះ។
ទាក់ទងទៅនឹង អ្នកគាំទ្រឧបត្ថម្ភវិញ លោករដ្ឋមន្រ្តីបានផ្តាំផ្ញើទៅវិញថា សូមឲ្យបណ្តាក្រុមហ៊ុនឯកជននានា ជួយឧបត្ថម្ភ គាំទ្រ ដល់ខ្សែភាពយន្តរបស់ខ្មែរផង កុំឧបត្ថម្ភតែភាពយន្តបរទេស។ ព្រមជាមួយគ្នានេះដែរ លោក ខៀវ កាញារិទ្ធ បានព្រមានទុកជាមុនថា បើសិនជាទូរទស្សន៍ណា នៅតែមិនព្រមអនុវត្តតាម ក្រសួងទេ នឹងប្រឈមដក អាជ្ញាប័ណ្ណ ជាមិនខាន។ ការហាមឃាត់នេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ ២០១៥តទៅ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល