CamNews

ព័ត៌មានជាតិ 

សង្ស័យថា រថយន្ត និងឈើគ្រញូង មានតម្លៃ រាប់ម៉ឺនដុល្លារ ព្រមទាំង ជនសង្ស័យ ចំនួន២នាក់ត្រូវ ដោះលែងស្ងាត់ៗ

កំពង់ឆ្នាំង៖ សង្ស័យ និងរថយន្តកូរ៉េ ចំណុះ២,៥ តោន ដឹកឈើគ្រញូង សាច់ប្រភេទ លេខ១
ត្រូវបាន កម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង ស្ទាក់
ចាប់បានកាលពី វេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ លើកំណាត់ផ្លូវ
ជាតិ លេខ៥ ត្រង់ចំណុច ដំរីស ភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបាន
គេរាយការណ៍ថា ដោះលែងស្ងាត់ៗពី សំណាក់ពាក់ព័ន្ធ  ។

 វត្ថុតាង រថយន្ត១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-8321  ឈើគ្រញូង សាច់ចំនួន
ប្រមាណជាង១០សន្លឹកធំៗ និងអ្នកបើកបរ ចំនួន២នាក់ ត្រូវបានប្រគល់ជូន កម្លាំងនគរបាល
ការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង កាលពីវេ
លាម៉ោង ៣ រសៀលថ្ងៃ ដដែលនោះ លុះដល់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៣ ត្រូវបានកម្លាំង
នគរបាលការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច កសាងសំណុំ រឿងបញ្ជូន ទៅសាលាដំបូង
ខេត្តកំពង់ឆ្នាំង  ។

ប្រភពខាងលើបានបន្តឲ្យ ដឹងថា ឈើគ្រញូងពេល ស្ទាក់ចាប់បានដំបូង មានរហូត ដល់ជាង១០
សន្លឹក ប៉ុន្តែពេលកម្លាំង នគរបាលវាស់វែង នៅក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បែរជា
នៅសល់តែចំនួន៩សន្លឹក ប៉ុណ្ណោះ ។ ប្រភពបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ កែ វិចិត្រ ភេទ
ប្រុស ជាអ្នកបើក បររថយន្ត ដឹកឈើគ្រញូងខាងលើ និងម្នាក់ទៀត ឈ្មោះ សឹង វណ្ណៈ ជាព្រូ ត្រូវ
បានសមត្តកិច្ច នគរបាលរឹបអូស ព្រមជាមួយ នូវទូរសព្ទ័ដៃសេរីទំនើប ចំនួន២គ្រឿង លុយដុល្លារ
ចំនួន១,២ពាន់ ដុល្លារ លុយបាត ៥រយ នឹងលុយរៀល មួយចំនួនទៀត។

លោក ជិន សុផាត នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរ
បាល ខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកការសែតឲ្យដឹងថា ឈើប្រណិតប្រភេទគ្រញូង សាច់ ដែលកម្លាំង
នគរបាលចរាចរណ៍ ចាប់បញ្ជូនមក ឲ្យនគរបាល សេដ្ឋកិច្ចនោះ លោកបានកសាងសំណុំរឿងបញ្ជូន
ទៅតុលាការរួចរាល់ហើយ។ ដោយឡែកវត្ថុតាងមាន រថយន្តមួយគ្រឿង និងឈើគ្រញូងសាច់លោក
ថា ព្រះរាជអាជ្ញាផ្ញើទុក នៅនឹងកន្លែងនគរបាលសិន។

ប្រភពពីសមត្ថកិច្ច បានឲ្យ ដឹងថា ឈើប្រណិតប្រភេទគ្រញូង ដែលនគរបាលចរាចរណ៍ ចាប់បាន
នោះមានចំនួនប្រមាណ ជាង១០សន្លឹក ដែលឈើទាំងនោះមាន មុខកាត់ធំៗ ចាប់ពី ៤០ស.ម ទៅ
៦០ស.ម កម្រាស់ជាង១០ស.ម ដែលមាន បណ្តោយ ២ម៉ែត្រ ។ ប្រភពផ្សេងមួយទៀតបានឲ្យដឹង
ថា ឈើគ្រញូងទាំងនោះ មានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវគេធ្វើរបាយការណ៍បញ្ជូនទៅតុលាការ ចំនួន
ត្រឹមតែ ៦សន្លឹកប៉ុណ្ណោះ ។  ហើយឈើនោះ មិនត្រូវបានគេបញ្ជូនទៅ ឲ្យជំនាញរដ្ឋបាលព្រៃឈើ
ទេ គឺគេយកទៅរក្សាទុក នៅកន្លែងតុលាការ ព្រោះតុលាការថា ខ្លាចបាត់បង់ ដូចករណីឈើគ្រញូង ខ្នាតធំចំនួន៣សន្លឹកដែលបានបាត់នៅក្នុងឃ្លាំង ខណ្ឌរដ្ឋបាលព្រៃឈើ កាលពីអំឡុង រដូវភ្ជុំបិណ្ឌ
ឆ្នាំមុន ។

ថ្ងៃដែលបង្ក្រាបរថយន្តក្នុង សកម្មភាពដឹក ឈើគ្រញូង និងមានការវាស់វែង នៅក្នុងស្នងការដ្ឋាន
នគរបាល ខេត្តកំពង់ឆ្នាំង គេបានសង្កេតឃើញ មានភ្នាក់ងារទូរទស្សន៍ និងកាសែតក្នុងស្រុក មួយ
ចំនួនបាន ចុះទៅថតផ្តិតយករូបភាព ប៉ុន្តែមិនទាន់ឃើញមានការ ចុះផ្សាយនៅឡើយទេ ធ្វើឲ្យ
មជ្ឈដ្ឋានទូទៅក្នុង ខេត្តកំពង់ឆ្នាំង មានការងឿងឆ្ងល់ ជាខ្លាំង។  រហូតមកដល់ រសៀលថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០១៣ នេះឈើគ្រញូង និងរថយន្ត ព្រមទាំង ជនសង្ស័យចំនួន២នាក់  ដែលបញ្ជូន
ទៅ ឲ្យតុលាការជាអ្នករក្សាទុកនោះ ឮថាបានរបូតបាត់ អស់ទៅហើយ ។ នៅរសៀលថ្ងៃទី១៤ ខែ
មិថុនា ឆ្នាំ២០១៣នេះ ដើមអម្ពិល   ពុំអាចទំនាក់ ទំនង សុំការអត្ថាធិបាយណាមួយ បាននៅឡើយ
ទេ ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំងលោក ពេញ វិបុល  ។

នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង លោក ស៊ិន កុសល បានឲ្យ ដឹងថា ចំពោះករណីបង្រ្កាប
ឈើគ្រញូង ខាងលើដែលសមត្ថកិច្ច នគរបាល ចាប់បានកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៣ នោះ
ខាងខ័ណ្ឌរដ្ឋបាលព្រៃឈើ មិនបានដឹងទេ ព្រោះគេមិនឃើញ បញ្ជូនមក ឲ្យជំនាញរដ្ឋបាលព្រៃឈើ
ឡើយ ។ ការបង្រ្កាប រថយន្តដឹកឈើ គ្រញូងខាងលើ បើទោះមិនមានការដោះលែងវត្ថុតាង ឈើគ្រ
ញូង តែគេបានសង្ស័យថា មានការដោះដូរឈើ ពីឈើគ្រញូងទៅឈើផ្សេងៗទៀត ដែលមិនមាន
តម្លៃខ្ពស់។

សេចក្តីរាយការណ៍ផ្សេងទៀតបាន ឲ្យដឹងថា បច្ចុប្បន្នការចរាចរណ៍ ដឹកឈើគ្រញូង តាមបណ្ដោយ
ផ្លូវជាតិលេខ ៥ មកពីខេត្តមួយចំនួន នៅប៉ែកខាងលិច ជាប់ព្រុំដែន ខ្មែរ ថៃ ដូចជាខេត្ត ព្រះវិហារ
ខេត្តឩត្ដមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់  ដោយឆ្លងកាត់ ខេត្ត
កំពង់ឆ្នាំង ដែលក្រុមឈ្មួញទាំងនោះ មានទំនាក់ទំនងល្អ ប្រសើរជាមួយ និង សមត្ថកិច្ច ជារៀងរាល់
យប់ គេបានឃើញរថយន្ត សេរីទំនើបៗ ដឹកឈើគ្រូញូង ឲ្យឆ្លងកាត់ទឹកដី ខេត្តកំពង់ឆ្នាំង ប្រមាណ
ពី ១៥គ្រឿង ទៅ ៣០គ្រឿង ។

សមត្ថច្ចបង្រ្កាប បានតែក្រុមឈ្មួញមិនបានបង់លុយ ឬការចរចាមិន ត្រូវរូវតម្លៃ ព្រមព្រៀងគ្នា តែ
ប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ