CamNews

ព័ត៌មានជាតិ 

ទាហានកម្ពុជា-ថៃ នៅព្រំដែន ភ្ញាក់ ផ្អើល ពេលលឺសំឡេងផ្ទុះ សង្ស័យធ្លាក់ ផ្កាយរណប

ព្រះវិហារ ៖ សេចក្ដីរាយការណ៍ ពីតំបន់ ប្រាសាទព្រះវិហារ បានឱ្យដឹងនៅរសៀល ថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៣ នេះថា កាល ពីព្រឹកមិញ វេលាម៉ោង ១០ និង៤៥នាទី មានព្រឹត្ដិការណ៍មួយ គួរឱ្យភ្ញាក់ផ្អើលបន្ដិចដែរ រវាងកងទ័ពខ្មែរ និងកងទ័ពថៃ បន្ទាប់ ពីបានលឺសូរសំឡេងផ្ទុះដូចគ្រាប់បេ៤០ចំនួន ៣-៤គ្រាប់ ។ តែមួយសន្ទុះក្រោយមកទើប គេសន្និដ្ឋានជាជំហានដំបូងថា អាចជាការ ផ្ទុះផ្កាយរណបនៅលើអាកាស ព្រោះទាហាន ទាំងពីរភាគីបានរកឃើញបំណែកពីឧបករណ៍ នៃការផ្ទុះនោះមានជាតិឌឺរ៉ា ។

នាយឧត្ដមសេនីយ៍ផ្កាយមាស ៤ ជា តារា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការទី១ ទទួល ទិសតំបន់ប្រាសាទព្រះវិហារ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀល ថ្ងៃចន្ទ ទី០៩ ខែធ្នូ នេះថា ក្រោយពីបានលឺសំ ឡេងផ្ទុះនេះបានធ្វើឱ្យទាហានថៃ នៅក្នុង ទឹកដីរបស់គេ ដែលនៅមិនឆ្ងាយពីទាហាន ខ្មែរ ក្បែរតំបន់ប្រាសាទព្រះវិហារភ្ញាក់ផ្អើល ជាងទាហានខ្មែរ ប៉ុន្ដែមិនឈានទៅដល់ការ ត្រៀមប្រយុទ្ធដាក់គ្នាទេ ។ 

នាយឧត្ដមសេនីយ៍ បានបញ្ជាក់ថា ក្រោយលឺសូរសំឡេងផ្ទុះ បន្ដិចក្រោយមក ក៏បានប្រទះឃើញបំណែកនៃឧបករណ៍ដែល លឺសូរសំឡេងផ្ទុះនោះ រួចទើបសន្និដ្ឋានជា ជំហានដំបូងថា អាចជាជាតិផ្កាយរណប ដែលបានផ្ទុះលើអាកាស ហើយធ្លាក់អំបែង ចុះមកខាងក្រោម។ គេមិនអាចមើលឃើញ នូវឧបករណ៍ ឬក៏ផ្កាយរណបនៅលើអាកាស បានទេ ដោយសារតែអាកាសធាតុត្រជាក់ ហើយរាងអ័ព្វបន្ដិចនៅតំបន់នោះ កាលពីព្រឹកមិញ ។

ទាក់ទិនទៅនឹងស្ថានភាព កំពុងតែវឹកវរ ធ្ងន់ធ្ងរ ឡើងកំដៅយ៉ាងខ្លាំងនៅក្នុងប្រទេស ថៃដោយសារតែក្រុមបាតុករ កំពុងធ្វើបាតុ កម្ម ដើម្បីរំលំរដ្ឋាភិបាលក្រុងបាងកក និង ការប្រកាសរំលាយរដ្ឋសភា និងដាក់ឱ្យរៀបចំបោះឆ្នោតឡើង ពីសំណាក់លោកស្រី យីង ឡាក់ នាយករដ្ឋមន្ដ្រីថៃ នាយឧត្ដមសេនីយ៍ជា តារា បានគូស បញ្ជាក់ថា ស្ថានការណ៍យោធានៅសមរភូមិ ក្បែរតំបន់ប្រាសាទព្រះវិហារពុំមានអ្វីប្រែ ប្រួលទេ កងទ័ពទាំងពីរបន្ដការសន្ទនាជា មួយគ្នា ស្របទៅតាមការប្រកាសរបស់ នាយករដ្ឋមន្ដ្រីទាំងពីរតេជោ សែន និង លោកស្រី យីង ឡាក់ ជាពិសេស បទបញ្ជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា ថ្ងៃទី៧ និងថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

រូបភាពនៅក្នុងFacebook របស់លោក ខេង ទីតូ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News