CamNews

ព័ត៌មានជាតិ 

ឃុំខ្លួន ជនសង្ស័យ លក់ដូរ៣នាក់ ពាក់ព័ន្ធនឹងការបង្ខាំងចាក់ច្រវាក់ ក្មេងស្រីខ្មែរឥស្លាមម្នាក់វ័យ១៣ឆ្នាំ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៦ ខែ សីហា ២០១៥នេះ បានសម្រេចឃុំខ្លួន ជនសង្ស័យលក់ដូរមនុស្ស ចំនួន៣នាក់ និង បានបញ្ជូនពួកគេ ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ជាប់ទាក់ទងនឹងការចាប់បង្ខាំង ចាក់ច្រវាក់ក្មេងស្រីខ្មែរឥស្លាម អាយុ ១៣ឆ្នាំ និង បង្ខំឲ្យរួមភេទជាថ្នូរនឹងប្រាក់ ចំនួន ១០០០ដុល្លារអាម៉េរិក។

មន្ត្រីតុលាការបានឲ្យដឹងថា ជនត្រូវចោទទាំង៣នាក់ មានឈ្មោះ ទី១-ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ និងទី២ -ឈ្មោះ ជា ទីណា អាយុ២៧ឆ្នាំ។ អ្នកទាំងពីរនាក់នេះ ត្រូវបានតំណាងអយ្យការ លោកមាស ច័ន្ទពិសិដ្ឋ សម្រេចចោទប្រកាន់ចំនួន២បទល្មើស គឺពីបទ«បង្ខាំង មនុស្ស ដោយខុសច្បាប់ និងអូសទាញពេស្យាចារកុមារ»។ ចំណែកឯជនត្រូវចោទទី៣ មានឈ្មោះ ឈិន ឆៃលី ភេទប្រុស អាយុ៣៦ឆ្នាំ ដែលជាចំណាយលុយ ចំនួន១០០០ដុល្លារអាម៉េរិក ដើម្បីចាប់រំលោភសេពសន្ថវៈកុមារីរងគ្រោះនោះ ត្រូវបានតំណាអយ្យការចោទប្រកាន់ ពីបទ «ទិញពេស្យាកុមារ» ។ ពួកគេត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥។ ពួកគេអាចប្រឈម នឹងការជាប់គុក ចន្លោះពី៧ ទៅ ១៥ឆ្នាំម្នាក់ៗ ប្រសិនបើតុលាការរកឃើញថា ពួកគេពិតជាបានប្រព្រឹត្តបទល្មើស ដូចការចោទប្រកាន់មែននោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP